ព័ត៌មានអន្តរជាតិ

ឧទ្ធម្ភាគចក្រយោធា២គ្រឿង ហោះប៉ះគ្នាលើអាកាសនៅប្រទេសម៉ាឡេស៉ី ស.ម្លា.ប់មនុស្ស១០នាក់

BY
Naren
April 23, 2024
ឧទ្ធម្ភាគចក្រយោធា២គ្រឿង ហោះប៉ះគ្នាលើអាកាសនៅប្រទេសម៉ាឡេស៉ី ស.ម្លា.ប់មនុស្ស១០នាក់

(គូឡាឡាំពួ)៖ អាជ្ញាធរនៅប្រទេសម៉ាឡេស៉ី បានឱ្យដឹងថា ក្នុងថ្ងៃអង្គារនេះ ឧទ្ធម្ភាគចក្រយោធា២គ្រឿង បានបុកគ្នាលើអាកាសហើយធ្លាក់ អំឡុងពេលធ្វើការហោះហើរហាត់សមមួយ ជាហេតុបណ្តាលឱ្យមនុស្សទាំង១០នាក់ ដែលជិះនៅលើនោះបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤។

ឃ្លីបវីដេអូដែលគេចែកចាយនៅលើប្រព័ន្ធអនឡាញ បានបង្ហាញឱ្យឃើញ ឧទ្ធម្ភាគចក្រយោធាប៉ុន្មានគ្រឿង ហោះហើរនៅកម្ពស់ទាប ក្នុងលក្ខណៈជាក្បួន លើមូលដ្ឋានទ័ពជើងទឹក Lumut ខណៈវាគឺជាសកម្មភាពហាត់សម មុនព្រឹត្តិការណ៍អបអរសាទរមួយ របស់យោធាជើងទឹកម៉ាឡេស៉ី ដែលត្រូវប្រារព្ធឡើង នាខែឧសភាខាងមុខ។ អំឡុងពេលនោះ ឧទ្ធម្ភាគចក្រ២គ្រឿង បានហោះប៉ះគ្នា ជាហេតុបង្កឱ្យពួកវាបាត់បង់លំនឹង រួចធ្លាក់ទៅលើដី។ ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង១០នាក់ ត្រូវបានបញ្ជាក់ថា បាត់បង់ជីវិតទាំងអស់។

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រទាំង២គ្រឿងដែលបានធ្លាក់ គឺ១គ្រឿងមានប្រភេទ Eurocopter AS555SN Fennec និង១គ្រឿងទៀតប្រភេទ AgustaWestland AW139។ កាលពីមីនាកន្លងទៅនេះ ឧទ្ធម្ភាគចក្រ១គ្រឿងរបស់ឆ្មាំសមុទ្រម៉ាឡេស៉ី ក៏បានធ្លាក់នៅច្រកសមុទ្រ Malacca ផងដែរ ប៉ុន្តែមិនបានបណ្តាលឱ្យមានមនុស្សស្លាប់ឡើយ។ រីឯកាលពីឆ្នាំ២០១៦ អនុរដ្ឋមន្រ្តីម៉ាឡេស៉ីម្នាក់ ស្ថិតក្នុងចំណោមមនុស្សមួយចំនួន ដែលបានបាត់បង់ជីវិត ក្រោយឧទ្ធម្ភាគចក្រ Eurocopter AS350 ១គ្រឿង បានធ្លាក់នៅរដ្ឋ Sarawak របស់ម៉ាឡេស៉ី៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: