ព័ត៌មានជាតិ

យន្តហោះខ្នាតតូចចំនួន ១៦គ្រឿង នឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ នាថ្ងៃទី ២៦-២៧ ខែមេសាខាងមុខនេះ

BY
Khmerpress
April 24, 2024
យន្តហោះខ្នាតតូចចំនួន ១៦គ្រឿង នឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ នាថ្ងៃទី ២៦-២៧ ខែមេសាខាងមុខនេះ

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ក្រោយពីកិច្ចប្រជុំសម្របសម្រួលបច្ចេកទេសថា រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយសមាគមទេសចរណ៍ (CATA)​និងសមាគមហោះហើរប្រទេសថៃ(TEAA) ក្រោមកិច្ចសម្របសម្រួលពី រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជា នឹងរៀបចំកម្មវិធី ហោះហើរមិត្តភាពកម្ពុជា-ថៃ ឆ្នាំ២០២៤ “Cambodia-Thai Friendship Air Show 2024” នាថ្ងៃទី ២៦-២៧ ខែមេសា ឆ្នាំ២០២៤ នៅទីលានតេជោ ក្រុងព្រះសីហនុ។

ជាលើកដំបូងក្នុងប្រទេសកម្ពុជា យន្តហោះខ្នាតតូចចំនួន ១៦គ្រឿង នឹងហោះមកពីប្រទេសថៃ មកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដើម្បីត្រៀមធ្វើការហោះហើរសម្តែងជូនទេសចរជាតិ និងអន្តរជាតិ បានទស្សនាកម្សាន្ត ក៏ដូចជាផ្តល់ឱកាសឱ្យអ្នកសារព័ត៌មានទូទៅអាចថតរូប និងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់ខេត្ត។

លោកអភិបាលរង បានបន្ថែមថា គោលបំណងនៃ ព្រឹត្តិការណ៍នេះ មានទិសដៅស្របគ្នានឹងគោលនយោបាយបើកចំហជើងមេឃ របស់រាជរដ្ឋាភិបាល និងមានគោលដៅ​លើកស្ទួយ វិស័យទេសចរណ៍ និងធុរកិច្ចរវាងកម្ពុជា​-ថៃ តាមរយៈការឆ្លុះបញ្ចាំងអំពីមិត្តភាពដ៏ល្អប្រទេសទាំង២ ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

Share This Post: