ព័ត៌មានជាតិ

ចុងភៅមួយក្រុមនៅក្រុងសៀមរាប សហការគ្នាជាមួយចុងភៅមកពីបរទេស ធ្វើកម្មវិធីនំបញ្ចុកសប្បុរសធម៌

BY
Khmerpress
April 25, 2024
ចុងភៅមួយក្រុមនៅក្រុងសៀមរាប សហការគ្នាជាមួយចុងភៅមកពីបរទេស ធ្វើកម្មវិធីនំបញ្ចុកសប្បុរសធម៌

ខេត្តសៀមរាប៖ ចុងភៅមួយក្រុមនៅក្រុងសៀមរាប ខេត្តសៀមរាប សហការគ្នាជាមួយចុងភៅ មកពី៥ប្រទេស នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានរួមគ្នា ធ្វើកម្មវិធីនំបញ្ចុក សប្បុរសធម៌ ដោយមានការចូលរួមគាំទ្រយ៉ាងច្រើនកុះករ ពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងជនបរទេស។

លោក ម៉ក់ ម៉េងលី ម្ចាស់ភោជនីយដ្ឋានពីរនាក់ពូ នៅខេត្តសៀមរាប ដែលជាអ្នកផ្តួចផ្តើមរៀបចំកម្មវិធីនេះបានឱ្យដឹងថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងទី១ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយអំពីនំបញ្ចុកខ្មែរ ពីព្រោះនំបញ្ចុកបានក្លាយជាមុខរបរមួយ ដ៏ប្រសើរមួយប្រចាំជីវភាពគ្រួសាររបស់ប្រជាជនខ្មែរយើង និងទី២ ដើម្បីប្រមូលថវិកា ពីការលក់នំបញ្ចុកនេះទៅជួយដល់មន្ទីរពេទ្យកុមារអង្គរ។

លោកបន្តថា នៅក្នុងកម្មវិធីនេះ ចុងភៅដែលមកពី៥ប្រទេស បានចូលរួមចម្អិន ឬធ្វើនំបញ្ចុកខ្មែរដោយផ្ទាល់ ដែលសកម្មភាពនេះ ធ្វើចុងភៅជាជនបរទេសបានចេះផ្សំគ្រឿង និងចេះធ្វើនំបញ្ចុកខ្មែរ ហើយពេលពួកគាត់ត្រឡប់ទៅប្រទេសគាត់វិញ ពួកគាត់អាច ធ្វើនំបញ្ចុកខ្មែរ ដែលនេះជាការចូលរួមផ្សព្វផ្សាយនំបញ្ចុកខ្មែរឱ្យបានកាន់តែទូលំទូលាយ។

ជាមួយគ្នានេះ ក្រុមពួកគាត់ ក៏បានចូលរួមជួយលក់នំបញ្ចុក ដើម្បីប្រមូលថវិកាយកទៅ ជួយពេទ្យកុមារអង្គរផងដែរ ហើយនេះជាលើកទី១ ដែលពួកគាត់បានរួមគ្នាធ្វើ។

លោក គ្រីស ស្ទាន ជាចុងភៅមកពីប្រទេសអាយស្លែន បានថ្លែងថា លោកពិតជា សប្បាយចិត្តដែលបានចូលរួមធ្វើសកម្មភាពសប្បុរសធម៌នេះ ជាពិសេសបានធ្វើនំ បញ្ចុកខ្មែរដោយផ្ទាល់។ នំបញ្ចុកខ្មែរពិតជាមានរស់ជាតិឆ្ងាញ់ ហើយពេលគាត់ត្រឡប់ ទៅវិញគាត់ និងធ្វើនំបញ្ចុកខ្មែរ ហើយជួយផ្សព្វផ្សាយបន្ត។

អ្នកស្រី លាត ឡៃ ប្រជាពលរដ្ឋនៅក្រុងសៀមរាប បានឱ្យដឹងថា ការរៀបចំកម្មវិធី នំបញ្ចុកសប្បុរសធម៌នេះ គិតថាល្អ ព្រោះវាបានជួយលើកស្ទួយនំបញ្ចុកខ្មែរ មានរសជាតិឆ្ងាញ់ ដែលជួយធ្វើឱ្យផលិតផលរបស់ខ្មែរកាន់តែល្បីទៅកាន់ពិភពលោក។ ដូចនេះក្នុងនាមជា កូនខ្មែរ អ្នកស្រីត្រូវតែមកចូលរួមគាំទ្រផលិតផលខ្មែរ ជាមួយគ្នានេះអ្នកស្រី ក៏ចង់ឱ្យមានការ រៀបចំបែបនេះ ឱ្យបានច្រើនព្រោះយើងមានមុខម្ហូបខ្មែរជាច្រើនដែលត្រូវផ្សព្វផ្សាយ ឱ្យបរ ទេសបានស្គាល់ និងលើកកម្ពស់ម្ហូបខ្មែរ ក៏ដូចជាផលិតផលខ្មែរ។ ជាពិសេសនោះ គឺបាន ប្រមូលថវិកាជួយដល់មន្ទីរពេទ្យសម្រាប់ជួយដល់កុមារផងដែរ៕ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Share This Post: