កម្ពុជារកចំណូលបានជាង ១០០លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ នៅក្នុងត្រីមាសទី១ឆ្នាំនេះ
- BY
- Naren
- April 25, 2024
(ភ្នំពេញ)៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ១០០លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។
តាមរបាយការណ៍បានឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ មានចំនួន១០០ ៤៨១ ៩៩៥ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន៣៥៥ ៦៩៤ដុល្លារ។
គិតត្រឹមត្រីមាស ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១,៤៥០ដុល្លារ ក្នុង១តោន កើនឡើងចំនួន៤១ដុល្លារ ក្នុង១តោន ស្មើនឹង៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែមីនា ឆ្នាំ២០២៤ មានតម្លៃ១៨៨ដុល្លារ ក្នុងមួយម៉ែត្រគីប។
សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៩% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១%។
ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជារកចំណូលបាន ពីការលក់ផលិតផលកៅស៊ូ មានប្រមាណចំនួន៥៣៧.៩លានដុល្លារអាមេរិក កើនឡើងប្រមាណចំនួន៦.២លានដុល្លាអាមេរិក ស្មើនឹង១.២% ធៀបឆ្នាំ២០២២៕ ផ្តល់សិទ្ធិដោយ៖ Fresh News
- Share This Post: