ព័ត៌មានជាតិ

កម្ពុជានាំចេញត្រីងៀតជាផ្លូវការលើកដំបូងជិត ៥តោន ទៅកាន់ប្រទេសអូស្ត្រាលី

BY
Khmerpress
April 26, 2024
កម្ពុជានាំចេញត្រីងៀតជាផ្លូវការលើកដំបូងជិត ៥តោន ទៅកាន់ប្រទេសអូស្ត្រាលី

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា អ្នកស្រី ស៊ឹម សេរីរ័ត្ន ម្ចាស់សហគ្រាស Home Taste Food ដែលមានទីតាំង នៅខេត្តសៀមរាប បានសាកល្បងនាំចេញត្រីងៀតខ្មែរលើកដំបូងចំនួន ៤.៧តោន ជាផ្លូវការ ទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី តាមរយៈការប្រើប្រាស់និមិត្តសញ្ញាគុណភាពផល ផលិតផល ជលផលកម្ពុជា(CQS)។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកមុ្ម រុក្ខាប្រមាញ់និងនេសាទ។

លោកជំទាវ អ៊ឹម រចនា បានឱ្យដឹងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះថា ការនាំ ចេញលើកដំបូងជាលក្ខណៈផ្លូវការ នេះមានប្រភេទត្រីកែច្នៃចំនួន ៣ប្រភេទ ក្នុងនេះរួមមាន ដូចជា៖ ត្រីងៀត ត្រីឆ្អើរ និងត្រីបង្ហើម ធ្វើឡើងដោយដឹកតាមកប៉ាល់ ដែលមានបំពាក់ប្រព័ន្ធ ត្រជាក់ក្នុងបរិមាណ ៤.៧តោន ដើម្បីយកទៅលក់នៅលើទីផ្សារប្រទេសអូស្ត្រាលី។ តាមគម្រោងផលិតផលត្រីកែច្នៃទាំង៣ប្រភេទនោះ នឹងដឹកដល់ប្រទេសអូស្ត្រាលី នៅថ្ងៃទី២៨ ឬ២៩ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។

គួរបញ្ជាក់ថា Home Taste Food គឺជាសហគ្រាសរបស់ខ្មែរដំបូងគេ ដែលបាននាំចេញ ផលិតផលត្រីកែច្នៃ ទៅកាន់ទីផ្សារបរទេសជាផ្លូវការ។ ដើម្បីអាចនាំចេញបាន សហគ្រាស Home Taste Food ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលពីគម្រោង អភិវឌ្ឍន៍ជលផលក្រោយ ប្រមូលផល (CAPFISH-Capture) ដែលសហការអនុវត្តដោយរដ្ឋបាលជលផល នៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនិងអង្គការ UNIDO មានគោលដៅគាំទ្រសមត្ថភាព បច្ចេកទេស ពង្រឹងវិស័យឯកជន លើកកម្ពស់ការប្រកួតប្រជែង អនុវត្តន៍នូវប្រព័ន្ធស្តង់ដារ ម្ហូបអាហារ នៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងតម្រូវការជាតិនិងអន្តរជាតិ។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្ដីត្រេកអរ ចំពោះការ បោះជំហានដោយជោគជ័យរបស់សហគ្រាស Home Taste Food និយាយដោយឡែក និងវត្តមានផលិតផលត្រីកែច្នៃរបស់ខ្មែរ នៅលើទីផ្សារអន្ដរជាតិ និយាយជារួម។ យើងនឹង បន្តគាំទ្រដល់សហគ្រាស Home Taste Food ដែលមានបំណងពង្រីកការ នាំចេញផលិតផល របស់ខ្លួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងប្រទេសញូហ្សែលែន នៅក្នុងបរិមាណជាង ១០០តោនទៀត នាពេលខាងមុខ។

ទន្ទឹមគ្នានេះ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម ក៏ដូចជាអង្គការដៃគូពាក់ព័ន្ធ នឹងបន្តធ្វើការជាមួយសហគ្រាសកែច្នៃផលិតផលត្រីនៅកម្ពុជាដទៃទៀត ដើម្បីធានាថា ប្រតិបត្តិករជលផល បានអនុវត្តន៍ការត្រួតពិនិត្យគុណភាណ និងអនាម័យ ដើម្បីឱ្យផលិតផល ជលផលមានស្តង់ដារ សុវត្ថិភាព អនុលោមតាមបទបញ្ញាត្តិជាតិ និងលក្ខខណ្ឌតម្រូវ នៃសុវត្ថិភាពម្ហូបអាហារអន្តរជាតិ៕ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP

Share This Post: