ព័ត៌មានជាតិ

ល្ងាចនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិសាអាហារសាមគ្គីមហា​គ្រួសារឧកញ៉ាកម្ពុជា

BY
Naren
April 26, 2024
ល្ងាចនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិសាអាហារសាមគ្គីមហា​គ្រួសារឧកញ៉ាកម្ពុជា

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែ​មេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយស «សមា​គម​ឧកញ៉ាកម្ពុជា» នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារ​ឧកញ៉ា​កម្ពុជា។

ពិធីនេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារហ្គាឌិនស៊ីធី របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធាន «សមាគមឧកញ៉ាកម្ពុជា។ ពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា ធ្វើឡើងដើម្បី​អបអរសាទរសន្និបាតប្រចាំឆ្នាំលើកទី១ របស់ «សមាគមឧកញ៉ាកម្ពុជា» ដែលប្រារព្ធឡើង​នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ។ សន្និបាតរៀបចំឡើង ដើម្បីពិនិត្យសមិទ្ធផលការងារដែល​សម្រេចបានក្នុងឆ្នាំកន្លងទៅ ហើយដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំថ្មី ឆ្នាំ២០២៤នេះ។

ការអញ្ជើញជាអធិបតីរបស់សម្តេចតេជោ ក្នុងពិធីពិសាអាហារសាមគ្គីរបស់មហាគ្រួសារឧកញ៉ា​កម្ពុជា ជាកាយវិការបង្ហាញឱ្យការគាំទ្រដ៏ខ្លាំងក្លាលើសកម្មភាពរបស់ឧកញ៉ារួមចំណែកក្នុង​សកម្ម​ភាពនានា ជាឧត្តមប្រយោជន៍នៅក្នុងសង្គមជាតិ។

ក្រៅពីរបាយការណ៍ស្តីពីការប្រតិបត្តិការងារទូទៅហើយនោះ ក្នុងសន្និបាតរបស់សមាគម បានគូស​រំលេច​សកម្មភាពជាច្រើន ដែលសមាគមសម្រេចបាននាពេលកន្លងទៅ ជាពិសេសការចូលរួមក្នុង​សកម្ម​ភាព​មនុស្សធម៌។

របាយការណ៍បង្ហាញថា សមាគមបានចូលរួមជាមួយក្រសួងយុត្តិធម៌នូវថវិកាជាង ៤ម៉ឺនដុល្លារសម្រាប់កសាងវត្តអារាម, ចូលរួមជាមួយកាកបាទក្រហមកម្ពុជាជាង ១លាន ៣សែនដុល្លារ, កសាងអគារថ្មីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាជាង ២លាន ៤សែនដុល្លារ, ជួយដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោកម្ពុជា (TYDA) ដើម្បីរៀបចំមន្ទីរពេទ្យហ្លួងម៉ែជាង ១លានដុល្លារ, ចូលរួមបច្ច័យបុណ្យផ្កាសាមគ្គី ដើម្បីជួសជុល និងរៀបចំគ្រឹះឡើងវិញនូវមហាកុដិសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ជិត ១០ម៉ឺនដុល្លារ, ចូលរួមសកម្មភាពដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ជិត ៣លានដុល្លារ, ចូលរួមជាមួយរដ្ឋាបាលរាជធានីភ្នំពេញ ដើម្បីទិញស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗក្នុងកំឡុងពេលបិទខ្ទប់នៃការឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ចំនួនជាង ១លានដុល្លារ និងចូលរួមចែកកាបូប និងសម្ភារៈសិក្សាដល់សិស្សានុសិស្ស​នៅសាលាបឋមសិក្សាស្រះឈូក ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យចំនួន២០០នាក់។

របាយការណ៍ បានបញ្ជាក់ដែរថា របាយការណ៍សកម្មភាពមនុស្សធម៌ខាងលើនេះ មិនទាន់រាប់បញ្ចូលសកម្មភាពការងារក្នុងត្រីមាសទី១ ឆ្នាំ២០២៤នៅឡើយទេ ដូចជាការចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ និងហ្លួងយាយ, ការចែកអំណោយ និងការកសាងអនុវិទ្យាល័យស្ទឹងជ្រៅ និងការឧបត្ថម្ភគ្រឿងឧបភោគបរិភោគខេត្តកំពង់ស្ពឺជាដើម។

ជួសមុខឱ្យ ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិក អ្នកឧកញ៉ា លី យ៉ុងផាត់ បានវាយតម្លៃ​ខ្ពស់ និងអបអរសាទរចំពោះលទ្ធលដ៏ធំធេង ដែលសមាគមសម្រេចបាន ក្នុងរយៈពេល១ឆ្នាំ​មក​នេះ ជាមួយការកំណត់ចក្ខុវិស័យវែងឆ្ងាយ ការកំណត់ទិសដៅ និងផែនការអាទិភាពឆ្នាំ២០២៤ យ៉ាងច្បាស់លាស់។ ក្នុងនោះគឺការបន្តភាពជាដៃគូជាមួយរាជរដ្ឋាភិបាល, ការបន្តសកម្មភាព សប្បុរសធម៌, ការបន្តបោះពុម្ព សៀវភៅឧកញ៉ា, ការបន្តគ្រប់គ្រង និងចាត់ចែង ឯកសណ្ឋានឧកញ៉ា, ការបន្តចូលរួមអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងបេសកកម្មនានា, ការធ្វើបច្ចុប្បន្នកម្ម គោរមវន្ត ជាពិសេសការបង្កើតមូលនិធិសមាគមឧកញ៉ា ដើម្បីមន្ទីរពេទ្យ គន្ធបុប្ផា ដែលជាអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាមូលនិធិ​មួយដ៏សំខាន់ ក្នុងការធានាពីស្ថេរភាព របស់មន្ទីរពេទ្យ ជាដើម។

ដោយយោងលើរបាយការណ៍ការងារដែលបានបង្ហាញ អ្នកឧកញ៉ាប្រធានសមាគម បានសង្កត់​ធ្ងន់​ថា សមាគមឧកញ៉ាកម្ពុជា បាននិងកំពុងបំពេញការងារយ៉ាងមានប្រសិទ្ធភាព និងបានបោះជំហាន​ទៅមុខយ៉ាងស្វាហាប់ ក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ច និងបានចូលរួមក្នុងភាពជាដៃគូ របស់រាជរដ្ឋា​ភិបាល​យ៉ាងសកម្ម ដើម្បីការរីកចម្រើន ផ្នែកសេដ្ឋកិច្ច និងកម្រិតជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជា ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។

អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បើកសន្និបាតខាងលើនេះ ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា គោរមងារឧកញ៉ា ជាគោរមងារដ៏មានតម្លៃមួយ ដែលបានចាក់ឬសជ្រៅ​នៅក្នុង​វប្បធម៌ សង្គមនិងប្រវត្តិសាស្ត្រខ្មែរ ជាយូរណាស់មកហើយ។ នៅក្នុងប្រវត្តិសាស្ត្រខ្មែរ គោរមងារ​ឧកញ៉ាជាគោរមងារសំខាន់មួយ ដែលព្រះមហាក្សត្រប្រោសព្រះរាជទានជូនសម្រាប់តែកូនខ្មែរ ដែលមានគុណសម្បត្តិ គុណបំណាច់ និងមានស្នាដៃធំធេងក្នុងបុព្វហេតុជាតិ សាសនា ព្រះមហា​ក្សត្រ និងមានឆន្ទៈខ្ពស់ ហ៊ានលះបង់គ្រប់បែបយ៉ាងក្នុងការការពារផលប្រយោជន៍ និងកសាងជាតិ​មាតុភូមិ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ «សមាគមឧកញ៉ាកម្ពុជា» ដែលបានចូលរួមក្នុង​សកម្មភាពទាំងឡាយជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចកសាង និងអភិវឌ្ឍន៍សង្គម ជាពិសេសចូលរួម​ក្នុង​សកម្មភាពមនុស្សធម៌។

លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានសម្តែងនូវការអបអរសាទរ និងការវាយតម្លៃខ្ពស់ ជូនចំពោះសមាគមឧកញ៉ាកម្ពុជា ដែលបានបន្តរីកលូតលាស់ជាលំដាប់ដោយផ្តើមពីសមាជិក ត្រឹម ៣២រូប នៅចុងឆ្នាំ២០២២ មកដល់ ៣៦៥រូប ត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។ ជា ពិសេសបានសម្រេចនូវសមិទ្ធផលជាច្រើនជូនសង្គមជាតិ តាមរយៈការសហការជាមួយរាជរដ្ឋាភិ បាលក្នុងការលើកកម្ពស់កិត្យានុភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការចូលរួមក្នុងការងារសង្គមនានា។

សូមបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក.) គឺជាស្ថាប័នឯកជនតែមួយគត់ ដែលតំណាង​ឱ្យ​រូបវន្តបុគ្គលដែលទទួលបានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា។ សមាគមឧកញ៉ាកម្ពុជា តំណាង​ឱ្យ​សំឡេងរួម សកម្មភាពសប្បុរសធម៌រួម និងគុណតម្លៃដ៏ឧត្តុង្គឧត្តម នៃគោរមងារឧកញ៉ា​ដែលជា​សមាជិកទាំងអស់។ សមាគមឧកញ៉ាកម្ពុជា ត្រូវបានចុះបញ្ជីជាសមាគមស្របច្បាប់ និងទទួល​ស្គាល់​ជាផ្លូវការដោយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។

សមាគមឧកញ៉ាកម្ពុជា ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទទេសរបស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា ជាប្រធានកិត្តិយស តាមរយៈលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី លេខ៣៥០ និងសជណ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

សមាគមឧកញ៉ាកម្ពុជា ត្រូវបានទទួលស្គាល់មួយកម្រិតទៀតជាផ្លូវការរបស់រាជរដ្ឋាភិបាល ដោយ​ផ្តោត​ជាសំខាន់លើភាព ជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកកម្ពស់សកម្មភាព​ពាណិជ្ជ​កម្ម និងការវិនិយោគនៅកម្ពុជា។

សមាគមឧកញ៉ាកម្ពុជា មានទស្សនវិស័យរក្សា និងលើកកម្ពស់ឧត្តមភាពដដ៏ឧត្តុង្គឧត្តមនៃគោរម​ងារឧកញ៉ា តាមរយៈការ ចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជាប្រកប ដោយចីរភាព និងបរិយា​ប័ន្ន បង្កើតបាននូវភាពសុខសាន្ត សុខដុមរមនា និងការរីក ចម្រើនខាងកម្រិតជីវភាពរបស់​ប្រជាពល​រដ្ឋបានល្អប្រសើរ​ដូចបណ្តាប្រទេសអភិវឌ្ឍន៍នានា។

សមាគមឧកញ៉ាកម្ពុជា មានបេសកកម្មចម្បងៗដូចខាងក្រោម៖
១) ធ្វើជាតំណាងការពារផលប្រយោជន៍ស្របច្បាប់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឧកញ៉ាដែលជាសមាជិក។
២) រួមគ្នាចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានា ដើម្បីបង្កើនកិត្យានុភាព ឧត្តមភាព និងគុណធម៌របស់ឧកញ៉ាឱ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត។
៣) លើកកម្ពស់ការគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណា ចក្រកម្ពុជា។
៤) បង្កើតវេទិកា សិក្ខាសាលា និងកម្មវិធីផ្សេងៗទាំងក្នុង និងក្រៅប្រទេស ដើម្បីលើកកម្ពស់ភាពជាដៃគូនៅក្នុងសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ចំណុចទី១ មាត្រា២ នៃអនុក្រឹត្យលេខ១៥ អនក្រ ចុះថ្ងៃទី៥ ខែ មេសា ឆ្នាំ១៩៩៤ ត្រូវបានធ្វើការកែ សម្រួលដោយអនុក្រឹត្យលេខ៤៣ អនក្រ.បក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ចែងថា សប្បុរសជនដែលបានធ្វើអំណោយជាថវិកា ឬសម្ភារៈ មានតម្លៃលើសពី ១០ម៉ឺនដុល្លារអា​មេ​រិក​ឡើងទៅ ត្រូវបានជូនមេដាយស្ថាបនាជាតិថ្នាក់លេខ១។ សប្បុរសជនដែលបានធ្វើអំណោយ​ជា​ថវិកា ឬសម្ភារៈ មានតម្លៃលើសពី ៥០ម៉ឺនដុល្លារអាមេរិកឡើងទៅ ត្រូវបានរាជរដ្ឋាភិបាលស្នើ​សុំ​ព្រះរាជយោបល់ដ៏ខ្ពង់ខ្ពស់នៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដើម្បីទ្រង់ព្រះរាជ​ទានគោរម​ងារ​ជា «ឧកញ៉ា»៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: