សិល្បៈ

នៅព្រឹកនេះអ្នកសិល្បៈជាង ៦០០នាក់ ចូលរួមបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់ខ្លួន

BY
Khmerpress
May 2, 2024
នៅព្រឹកនេះអ្នកសិល្បៈជាង ៦០០នាក់ ចូលរួមបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់ខ្លួន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះ សិល្បករ-សិល្បការិនី ក្នុងប្រទេសកម្ពុជាជាង ៦០០នាក់ បានចូលរួមបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់ខ្លួនយ៉ាងច្រើនកុះករ ខណៈដែលទីតាំងបោះឆ្នោតនោះ បានធ្វើឡើងនៅរាជបណ្ឌិតសភាកម្ពុជា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្របតាមលក្ខន្តិកៈដែលសមាគម និងមានការទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។

នៅថ្ងៃនេះ គេសង្កេតឃើញសិល្បករ-សិល្បការិនីយ៉ាងច្រើនកុះករបានចូលរួមបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់ខ្លួន ដែលការបោះឆ្នោតនេះ បានប្រព្រឹត្តិទៅដោយរលូន ដោយមានបេក្ខភាពឈរឈ្មោះចំនួន៣រូប រួមមាន៖ អតីតតារាសម្តែង លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង, លោក គួច ខេវិន និងលោក ផាត់ តារារដ្ឋ។

សមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងជាដំបូងនៅក្នុងឆ្នាំ២០០៦ ដោយមានការផ្ដួចផ្ដើមគំនិតរបស់អ្នកស្នេហាវិស័យសិល្បៈមួយចំនួន ក្នុងគោលបំណង អភិរក្ស អភិវឌ្ឍន៍ លើកស្ទួយវិស័យសិល្បៈជាតិ និងជួយដោះស្រាយរាល់បញ្ហារបស់អ្នកសិល្បៈ ជាពិសេសជួយដល់អ្នកសិល្បៈចាស់ជរា ពិការបាត់បង់សមត្ថភាព និងបាត់បង់ជីវិត និងរួមចំណែកជួយដល់សង្គមជាតិជាដើម។

មួយរយៈកន្លងមកនេះ សមាគមសិល្បករខែ្មរក៏បានដើរតួរនាទីដ៏សំខាន់មួយជាសេនាធិកាឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការចូលរួមបង្កើតសកម្មភាពសិល្បៈនានា ដើម្បីការលើកស្ទួយនូវវប្បធម៌ជាតិ ក៏ដូចជាការជួយសំរួលនូវកិច្ចការលំបាកផ្សេងៗមួយចំនួនរបស់សិល្បករ សិល្បការិនី ដែលបានជួបនូវបញ្ហាដូចអ្វីដែលជាគោលការណ៍របស់សមាគមផងដែរ។​

សមាគមសិល្បករខ្មែរ ត្រូវបឋនបង្កើតឡើងដោយមានការផ្ដួចផ្ដើមគំនិតរបស់អ្នកសេ្នហាវិស័យសិល្បៈវប្បធម៌មួយចំនួន ក្នុងគោលបំណងអភិរក្ស និងអភិវឌ្ឍ លើកស្ទួយវិស័យសិល្បៈជាតិ និងជួយដោះស្រាយរាល់បញ្ហារបស់អ្នកសិល្បៈ ជាពិសេសជួយដល់សិល្បករចាស់ជរា ពិការភាព បាត់បង់សមត្ថភាព ឬជួបបញ្ហាជីវភាពជាដើម។ ក្នុងអាណត្តិទី១មានសិល្បករលោក អៀង ស៊ីធុល ជាប្រធាន, អាណត្តិទី២ លោក ម៉ិញ សុធីវណ្ណ ហៅតូ ជាប្រធាន, អាណត្តិទី៣ និងទី៤ លោក សុះ ម៉ាច ជាប្រធាន។ ដោយឡែកអាណត្តិទី៥ មានលោកជំទាវ ចន ច័ន្ទលក្ខិណា ជាប្រធាន៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: