សិល្បៈ

ទីបំផុត! លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប់ជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ ក្នុងសំឡេងគាំទ្រ ៥២៧សំឡេង ស្មើនឹង៩៣%

BY
Khmerpress
May 2, 2024
ទីបំផុត! លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប់ជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ ក្នុងសំឡេងគាំទ្រ ៥២៧សំឡេង ស្មើនឹង៩៣%

(ភ្នំពេញ)៖ នៅទីបំផុត សមាគមសិល្បករខ្មែរ បានរកឃើញប្រធានថ្មីនៅអាណត្តិទី៦នេះហើយ គឺបានទៅលើ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានធ្វើការបោះឆ្នោតប្រកួតប្រជែង នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីសំណាក់សិល្បករ-សិល្បការិនី ជាច្រើនាក់ ក្នុងនោះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ទទួលបានសំឡេងគាំទ្រ ៥២៧សំឡេង ស្មើនឹង ៩៣%។

នៅក្នុងថ្ងៃបោះឆ្នោត គេបានដឹងថាគណៈកម្មការរៀបចំការបោះឆ្នោតនេះ ដែលមានការគាំទ្រយ៉ាងពេញទំហឹងពី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបង្ហាញបេក្ខភាពឈរឈ្មោះចំនួន៣រូប រួមមាន៖ អតីតតារាសម្តែង លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង, លោក គួច ខេវិន និងលោក ផាត់ តារារដ្ឋ ប៉ុន្តែបេក្ខភាពដែលជាប់ជាប្រធាន គឺលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន។

ក្រោយពីជាប់ឆ្នោត ជាប្រធានសមាគមសិល្បករខ្មែរ នៅអណត្តិទី៦នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានថ្លែងឲ្យដឹងថា ទី១ សមាគមសិល្បករសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធនាការរួមគ្នាស្របតាមគោលនយោបាយជាតិ និងវិស័យវប្បធម៌ និងការអភិវឌ្ឈន៍និងអភិរក្សសិល្បៈវប្បធម៌ ឲ្យបានរួមចំណែកជំរុញវិស័យសេដ្ឋកិច្ច និងឆ្លើយតបតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នៅអាណត្តិទី៧នេះ។

បន្ថែមពីនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានសង្កត់ធ្ងន់ពីការ ពិនិត្យមើលលទ្ធភាពការបណ្តាក់ទុនពីអ្នកមានធនធាន គាំទ្រវិស័យភាពយន្ត ឲ្យកាន់តែមានគុណភាពឈានទៅ ដើម្បីពង្រីកទីផ្សារក្នុងតំបន់។

គួរឱ្យដឹងដែរថា យោងតាមលក្ខន្តិកៈរបស់សមាគមសិល្បករខ្មែរដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ការបោះឆ្នោតជ្រើសរើសប្រធានសមាគមមានអាណត្តិ៥ឆ្នាំម្តង។ ក្រោយខកខានបោះឆ្នោតជ្រើសរើសប្រធានថ្មីកាលពីអាណត្តិមុន ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ នៅឆ្នាំ២០២៤នេះ សមាគមសិល្បករខ្មែរដែលមានលោកស្រី ចន ច័ន្ទលក្ខិណា ជាប្រធាបច្ចុប្បន្ន ក៏បានប្រកាសរៀបចំការបោះឆ្នោតជ្រើសរើសប្រធានថ្មី ដែលធ្វើឡើងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នេះ នៅរាជបណ្ឌិតសភាកម្ពុជា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្របតាមលក្ខន្តិកៈដែលសមាគម និងមានការទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។

សមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងជាដំបូងនៅក្នុងឆ្នាំ២០០៦ ដោយមានការផ្ដួចផ្ដើមគំនិតរបស់អ្នកស្នេហាវិស័យសិល្បៈមួយចំនួន ក្នុងគោលបំណង អភិរក្ស អភិវឌ្ឍន៍ លើកស្ទួយវិស័យសិល្បៈជាតិ និងជួយដោះស្រាយរាល់បញ្ហារបស់អ្នកសិល្បៈ ជាពិសេសជួយដល់អ្នកសិល្បៈចាស់ជរា ពិការបាត់បង់សមត្ថភាព និងបាត់បង់ជីវិត និងរួមចំណែកជួយដល់សង្គមជាតិជាដើម។

មួយរយៈកន្លងមកនេះ សមាគមសិល្បករខែ្មរក៏បានដើរតួរនាទីដ៏សំខាន់មួយជាសេនាធិកាឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការចូលរួមបង្កើតសកម្មភាពសិល្បៈនានា ដើម្បីការលើកស្ទួយនូវវប្បធម៌ជាតិ ក៏ដូចជាការជួយសំរួលនូវកិច្ចការលំបាកផ្សេងៗមួយចំនួនរបស់សិល្បករ សិល្បការិនី ដែលបានជួបនូវបញ្ហាដូចអ្វីដែលជាគោលការណ៍របស់សមាគមផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: