banner test

អាជីវករ និងសន្តិសុខនៅផ្សារអូរឬស្សីសរុប១៦នាក់ រកឃើញឆ្លងកូវីដ១៩, អាជ្ញាធរបន្តអំពាវនាវឲ្យអាជីវករទាំងអស់ទៅយកសំណាកជាបន្ទាន់ និងព្រមានប្រើផ្លូវច្បាប់ចំពោះបុគ្គលដែលបន្តគេចវេស

BY
Khmerpress
April 5, 2021
អាជីវករ និងសន្តិសុខនៅផ្សារអូរឬស្សីសរុប១៦នាក់ រកឃើញឆ្លងកូវីដ១៩, អាជ្ញាធរបន្តអំពាវនាវឲ្យអាជីវករទាំងអស់ទៅយកសំណាកជាបន្ទាន់ និងព្រមានប្រើផ្លូវច្បាប់ចំពោះបុគ្គលដែលបន្តគេចវេស

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នេះ អាជីវករ និងសន្តិសុខនៅផ្សារអូរឬស្សី ចំនួន១៦នាក់ ក្នុងនោះមានអាជីវករ១២នាក់ និងសន្តិសុខ៤នាក់ ត្រូវបានរកឃើញឆ្លងកូវីដជាបន្តបន្ទាប់ ហេតុដូច្នេះហើយអាជ្ញាធរសូមអំពាវនាវដល់បងប្អូន អាជីវករទាំងអស់នៅក្នុងផ្សារអូរឬស្សីទៅយកសំណាកជាបន្ទាន់ ហើយនឹងប្រើផ្លូវច្បាប់បើសិននៅបន្តគេចវេសមិនព្រមទៅយកសំណាក។ ក្រោយមានករណីនេះភ្លាម លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមរយៈបណ្តាញព័ត៌មាន Fresh News បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអាជីវករ និងសន្តិសុខដែលកើតជំងឺកូវីដ១៩ទាំងនោះ សូមទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅវិទ្យាល័យបាក់ទូក។

ក្រោយមានការអំពាវនាវរបស់អភិបាលរាជធានីភ្នំពេញ គេសង្កេតឃើញថា មានអ្នប៉ះពាល់ទាំងផ្ទាល់ និងប្រយោលបានទៅយកសំណាក ប៉ុន្តែទន្ទឹមគ្នានោះក៏មានអ្នកខ្លះទៀតដែលធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺ មិនបានទៅយកសំណាកនោះទេ។ ជាមួយនឹងបញ្ហានេះ អាជ្ញាធរបានព្រមានប្រើផ្លូវច្បាប់ចំពោះអ្នកគេចវេសទាំងនោះ បើនៅតែមិនព្រមទៅយកសំណាក នៅពេលដែលខ្លួនបានដឹងថា ធ្លាប់មានការប៉ះពាល់ជាមួយអ្នកកើតកូវីដកន្លងមកនោះ។ លោក លឹម សុភា អភិបាលខណ្ឌ៧មករា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងអ្នកទាំងឡាយ ដែលបានឃើញឈ្មោះអ្នកកើតកូវីដនៅផ្សារអូរឬស្សី សូមទៅយកសំណាកជាបន្ទាន់ ដើម្បីស្វែងរកកូវីដ១៩ ហើយបើមិនព្រម និងបន្តគេចវេសទៀតនោះអាជ្ញាធរនឹងប្រើវិធានការតាមច្បាប់ នៅពេលរកឃើញថា បុគ្គលទាំងនោះបានឆ្លងកូវីដ ដោយសារបានប៉ះពាល់ជាមួយអ្នកជំងឺមុនៗ។

លោក លឹម សុភា បានបញ្ជាក់ថា «រហូតមកដល់ថ្ងៃនេះ ពោលគិតចាប់តាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ មានបងប្អូនអាជីវករ (១២នាក់) និងសន្តិសុខ (៤នាក់) សរុបចំនួន១៦នាក់ហើយ ដែលរកឃើញវិជ្ជមានកូវីដ១៩។ ក្រោយមានហេតុការណ៍នេះកើតឡើង អាជ្ញាធរ និងមន្រ្តីសុខាភិបាល បានអំពាវនាវដល់បងប្អូនអាជីវករទាំងអស់នៅក្នុងផ្សារទៅយកសំណាកនៅវិទ្យាល័យបាក់ទូក ប៉ុន្តែពួកគាត់ខ្លះមិនបានទៅយកនោះទេ។ ដូច្នេះសូមឲ្យបងប្អូនរបស់យើង អញ្ជើញទៅយកសំណាកជាបន្ទាន់ ដើម្បីស្វែងរកកូវីដ១៩ ចៀសវាងការប្រើវិធានការតាមច្បាប់»។ សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានជូនដំណឹងថា ប្រសិនបើមានរោគសញ្ញា ឬមានបញ្ហាចម្ងល់ផ្សេងៗ អាចទាក់ទងទៅលេខ Hotline និងលេខទូរស័ព្ទ ៣ប្រព័ន្ធទៀត រួមមាន៖ ទី១៖ Hotline 1299 ទី២៖ 098 379 777 ទី៣៖ 077 856 966 ទី៤៖ 099 429 040 ប្រជាពលរដ្ឋ ក៏អាចទាក់ទងទៅ Facebook របស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានសម្រេចផ្អាកការចេញចូលផ្សារអូរឫស្សីជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ។ ការផ្អាកនេះ ធ្វើឡើងបន្ទាប់ពីរកឃើញអាជីវករ អនុប្រធានផ្សារ និងសន្តិសុខសរុប ៦នាក់ បានកើតជំងឺកូវីដ១៩។បើតាមសេចក្តីជូនដំណឹង បានបញ្ជាក់ថា ការផ្អាកនេះធ្វើឡើងចាប់ពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ សេចក្តីជូនដំណឹងបានបន្ថែមថា ការផ្អាកនេះ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩ ទៅដល់អាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋចេញចូលផ្សារ។រដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា ក្នុងកំលុងពេលផ្អាកនេះ រដ្ឋបាលរាជធានីភ្នំពេញ ធានារ៉ាប់រងលើការងារសន្តិសុខ និងសុវត្ថិភាព ចំពោះសម្ភារៈ និងឥវ៉ាន់គ្រប់ប្រភេទរបស់អាជីវករដែលបានរក្សាក្នុងតូបនីមួយៗមិនឱ្យបាត់បង់ ឬតម្រូវឱ្យបង់ថ្លៃណាមួយនោះឡើយ។ បន្ថែមពីលើសេចក្តីជូនដំណឹងនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ផ្អាកការចេញចូលផ្សារទៅ លោកក៏បានចាត់ចែងឱ្យលាង និងបាញ់ថ្នាំនៅក្នុងផ្សារនេះផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Freshnews

Share This Post: