ព័ត៌មានជាតិ

លោកស្រី ហ៊ុន ចាន់ថុល ក្មួយស្រីសម្តេចតេជោ ឧបត្ថម្ភម៉ូតូ Scopy ១គ្រឿង និងថវិកា២០០ដុល្លារ ដល់យុវជនម្នាក់ជិះកង់ដង្ហែក្បួនគណបក្សប្រជាជន ដែលត្រូវគេចែកចាយតាមបណ្តាញសង្គម Facebook

BY
Khmerpress
May 24, 2022
លោកស្រី ហ៊ុន ចាន់ថុល ក្មួយស្រីសម្តេចតេជោ ឧបត្ថម្ភម៉ូតូ Scopy ១គ្រឿង និងថវិកា២០០ដុល្លារ ដល់យុវជនម្នាក់ជិះកង់ដង្ហែក្បួនគណបក្សប្រជាជន ដែលត្រូវគេចែកចាយតាមបណ្តាញសង្គម Facebook

(ភ្នំពេញ)៖ លោកស្រី ហ៊ុន ចាន់ថុល កូនស្រីលោក ហ៊ុន សាន និងជាក្មួយស្រីបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បានឧបត្ថម្ភម៉ូតូម៉ាក Scopy ១គ្រឿង និងថវិកាចំនួន២០០ដុល្លារ ដល់យុវជនម្នាក់ដែលជិះកង់ចូលរួមដង្ហែក្បួនគណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលរូបភាពប៉ុន្មានសន្លឹកនេះ ត្រូវបានគេចាប់អារម្មណ៍ និងយកទៅបង្ហោះចែកចាយតាមបណ្តាញសង្គម Facebook។

ការចាប់អារម្មណ៍រូបសកម្មភាពរបស់យុវជនម្នាក់នេះ កើតមានឡើងពេលរូបគេបានចូលរួមដង្ហែក្បូនគណបក្សប្រជាជនកម្ពុជាក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ រូបភាពជាមួយកង់ចាស់មួយគ្រឿង និងស្បែកជើងផ្ទាត់ ដោយអាវ និងមួកគណបក្សប្រជាជន ក៏បានធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន ចាប់អារម្មណ៍ និងបានយកទៅបង្ហោះលើផេករបស់សម្តេចផងដែរ។

កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ លោកស្រី ហ៊ុន ចាន់ថុល បានចាត់ឲ្យក្រុមការងារនាំយកម៉ូតូ និងថវិកាជូនយុវជននេះ។ បើតាមលោកស្រី ហ៊ុន ចាន់ថុល, យុវជនដែលជិះកង់ដង្ហែក្បូនគណបក្សប្រជាជននេះ មានឈ្មោះ រឿន តុលា។ ឪពុករបស់គាត់បានស្លាប់ ខណៈម្តាយដើរលាងចាន បោកខោរអាវឱ្យគេ និងមានបងប្អូនជាង១០នាក់។ សព្វថ្ងៃយុវជនរូបនេះស្នាក់នៅផ្ទះជួលភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបង្ហោះរូបថតយុវជនរូបនេះ ដោយភ្ជាប់ជាមួយពាក្យបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ សម្រាប់ប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបថត៣សន្លឹក ជាមួយនឹងអត្ថន័យយ៉ាងដូច្នេះថា «កូនប្រុស ទោះកូនក្រទ្រព្យសម្បត្តិ តែទឹកចិត្តកូនមិនក្រទេ។ ទឹកមុខកូនពោរពេញដោយស្នាមញញឹមបង្ហាញថា គណបក្សប្រជាជនជារបស់ប្រជាជន ហើយក៏ជារបស់កូនដែរ ដែលកូនត្រូវចូលរួមការពារ ដើម្បីបុព្វហេតុសន្តិភាព និងការអភិវឌ្ឍ»៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: