ព័ត៌មានជាតិ

ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាព្រឹត្តិការណ៍កីឡាពីរ ដែលកម្ពុជាទន្ទឹងរង់ចាំអស់ ៦៤ឆ្នាំ

BY
Khmerpress
January 25, 2023
ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាព្រឹត្តិការណ៍កីឡាពីរ ដែលកម្ពុជាទន្ទឹងរង់ចាំអស់ ៦៤ឆ្នាំ

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាព្រឹត្តិការណ៍កីឡាពីរដែលចាប់កំណើតយូរមកហើយនៅក្នុងតំបន់ ប៉ុន្តែទោះបីជាយ៉ាងណាវាមិនដែលមាននៅកម្ពុជាឡើយ ទើបតែឆ្នាំ២០២៣ នេះប៉ុណ្ណោះ ដែលព្រឹត្តិការណ៍ទាំងពីរនឹងប្រព្រឹត្តទៅនៅកម្ពុជា។

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជារង់ចាំអស់រយៈពេល៦៤ឆ្នាំ រហូតដល់កម្ពុជាមានលទ្ធភាពទទួលធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣នេះ ក្រោមមូលបទ “កីឡារស់ក្នុងសន្ដិភាព” ហើយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ គឺជាព្រឹត្តិការណ៍ ដែលយើងទាំងអស់គ្នាជាប្រជាពលរដ្ឋគួរតែចូលរួមឱ្យបានផុសផុល នោះគឺ យុទ្ធនាការរាប់ថយក្រោយ ១០០ថ្ងៃ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ។

តាមការគ្រោងទុក ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នឹងរៀបចំឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ហើយអាស៊ានប៉ារ៉ាហ្គេម លើកទី១២ គឺពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ និងលើកទឹកចិត្តឱ្យពលរដ្ឋកម្ពុជាទាំងអស់គ្នាចូលរួមនៅក្នុងយុទ្ធនាការរាប់ថយក្រោយ ១០០ ថ្ងៃនេះឱ្យបានអធិកអធម ដើម្បីលើកកម្ពស់កិត្យានុភាព និងមោទកភាពជាតិ។

តាមពិតទៅព្រឹត្តិការណ៍ស៊ីហ្គេមនេះ មានឈ្មោះពេញថា ព្រឹត្តិការណ៍កីឡាអាស៊ី-អគ្នេយ៍ ស្ថិតនៅក្រោមសហព័ន្ធកីឡាអាស៊ីអគ្នេយ៍ ដែលគ្រប់គ្រងដោយក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងគណកម្មាធិការអូឡាំពិកអន្តរជាតិ។ ព្រឹត្តិការណ៍កីឡាតំបន់នេះ បានចាប់កំណើតឡើងតាំងពីឆ្នាំ១៩៥៩ ដោយទីក្រុងបាងកក ប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះ ហើយបានផ្លាស់ប្តូរវេនធ្វើជាម្ចាស់ផ្ទះនៅរៀងរាល់ ២ឆ្នាំម្តង ដោយបណ្តាប្រទេសអាស៊ាន។ នៅក្នុងពេលបើកការប្រកួតដំបូង ព្រឹត្តិការណ៍កីឡានេះបានទទួលការចូលរួមពី ៦ ប្រទេស ដោយមាន មីយ៉ាន់ម៉ា ឡាវ ម៉ាឡេស៊ី សិង្ហបុរី វៀតណាមខាងត្បូង និងប្រទេសថៃ។

ដោយឡែក អាស៊ានប៉ារ៉ាហ្គេមវិញ គឺបានចាប់កំណើតឡើងនៅក្នុងឆ្នាំ២០០១ ដោយទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ ហើយក៏ជាព្រឹត្តិការណ៍កីឡានៅក្នុងតំបន់ ដែលរៀបចំនៅរៀងរាល់ ២ឆ្នាំម្តងដូចគ្នា។ នេះគឺជាព្រឹត្តិការណ៍កីឡាជនពិការ ដែលមានវិញ្ញាសារជាច្រើន។

មកដល់ពេលនេះ កម្ពុជាបានចូលរួមព្រឹត្តិការណ៍កីឡានៅក្នុងតំបន់ជាបន្តបន្ទាប់ ប៉ុន្តែមានតែឆ្នាំ២០២៣ នេះទេ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ក្រោយពេលដែលកម្ពុជា បានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់តាំងពីពហុកីឡាដ្ឋាន ការពង្រឹងសមត្ថភាពអត្តពលិករបស់ខ្លួន ដើម្បីធ្វើយ៉ាងណារក្សាឱ្យបានកិត្យានុភាពនៅក្នុងនាមជាម្ចាស់ផ្ទះ។

សូមចូលរួមពិធីរាប់ថយក្រោយ ១០០ថ្ងៃ នៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាល្ងាចថ្ងៃទី២៥ ខែមករា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ឱ្យបានអធិកអធម។

តាមអ្វីដែលគេបានរៀបចំហើយ កម្មវិធីរាប់ថយក្រោយ ១០០ថ្ងៃ នឹងចាប់ផ្តើមធ្វើពីម៉ោង៤រសៀលតទៅ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសិល្បករ និងក្រុមកីឡា ប្រមាណ១ ០០០នាក់ ដើម្បីសម្តែងក្នុងពិធីដ៏មានសារសំខាន់នេះ។ មកទល់ពេលនេះ កន្លែងហូបចុក ស្នាក់នៅ ទីតាំងហ្វឹកហាត់ ទីតាំងប្រកួតសម្រាប់ប្រតិភូកីឡាអាស៊ាន និងអន្តរជាតិ បាននិងកំពុងតែត្រៀមខ្លួនស្ទើរតែរួចរាល់ទៅហើយ។ ចំណែកសហព័ន្ធកីឡាជាតិទាំងអស់ ក៏កំពុងខិតខំប្រឹងប្រែងរៀបចំកម្មវិធីប្រកួតរៀងៗខ្លួន ជាមួយសហព័ន្ធកីឡាអន្តរជាតិ ព្រមទាំងបានចេញបទបញ្ជានៃការប្រកួតគ្រប់ប្រភេទកីឡាបានច្បាស់លាស់អស់ហើយ។

ពាក់ព័ន្ធនឹងបញ្ហាសណ្តាប់ធ្នាប់ និងសន្តិសុខ សម្រាប់ព្រឹត្តិការណ៍កីឡាទាំងពីរនេះ កងកម្លាំងសមត្ថកិច្ចកម្ពុជាបានត្រៀមរួចរាល់ហើយផងដែរ ដោយបានត្រៀមកម្លាំងសរុបរហូតដល់ទៅជាង ១ម៉ឺននាក់ ដោយមានសមាសភាពតាំងពី ភ្នាក់ងារពន្លត់អគ្គិភ័យឡើងទៅ។

សរុបមកវិញ ដើម្បីឱ្យដំណើរការរៀបចំព្រឹត្តិការណ៍កីឡានៅក្នុងតំបន់ទាំងពីរដំណើរការទៅដោយរលូន និងជោគជ័យនៅខែឧសភា និងមិថុនា ខាងមុខនេះ សូមយើងទាំងអស់គ្នាចូលរួមកម្មវិធី រាប់ថយក្រោយ១០០ថ្ងៃឱ្យបានផុលផុស ហើយអ្នកដែលពាក់ព័ន្ធត្រូវពង្រឹងសមត្ថភាពឱ្យបានរួចរាល់សម្រាប់ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ទាំងពីរនេះឱ្យបានជោគជ័យ ដូចជាបណ្តាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដែលកម្ពុជាបានរៀបចំឡើងជាបន្តបន្ទាប់នាពេលកន្លងមក៕ ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: