ព័ត៌មានជាតិ

បណ្ដាប្រទេសស្ទើរទាំងអស់ បានសាទរ និងអះអាងពីការចូលរួមប្រកួត “គុនខ្មែរ” ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

BY
Khmerpress
January 25, 2023
បណ្ដាប្រទេសស្ទើរទាំងអស់ បានសាទរ និងអះអាងពីការចូលរួមប្រកួត “គុនខ្មែរ” ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

(ភ្នំពេញ)៖ នាយបេសកកម្មបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ បានបង្ហាញការត្រៀមខ្លួនជាស្រេច ក្នុងការបញ្ជូនប្រតិភូ និងអត្តពលិករបស់ខ្លួន ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ពិសេសប្រទេសស្ទើរទាំងអស់ ក៏បានសម្ដែងការអបអរសាទរ និងអះអាងពីការចូលរួមប្រកួតលើប្រភេទកីឡា «គុនខ្មែរ ឬ Kun Khmer» ដែលជាក្បាច់គុនបុរាណរបស់កម្ពុជាទៀតផង ។

នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក៏ដូចជានាយបេសកកម្មបណ្ដាប្រទេសសមាជិក ក្រោយកិច្ចប្រជុំនាយបេសកកម្មស៊ីហ្គេម (CDM) ថ្ងៃដំបូង នៅសណ្ឋាគារហ្គាឌិនស៊ីធី នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ ។

លោក វ៉ាត់ ចំរើន បញ្ជាក់ថា ថ្ងៃនេះ នាយបេសកកម្មទាំងអស់ បានជួបជុំគ្នា ដើម្បីពិនិត្យវឌ្ឍនភាពការងារស៊ីហ្គេមនៅកម្ពុជា ក្នុងនោះកិច្ចប្រជុំក៏បានបង្ហាញពី «គុនខ្មែរ» ក្នុងកម្មវិធីប្រកួតផងដែរ ។ ចំណែកសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ ក៏បានបើកកិច្ចប្រជុំពង្រឹងលើការងារនេះដែរ ។ ជារួមបណ្ដាប្រទេសស្ទើរទាំងអស់ បានអបអរសាទរការកំណត់កីឡា «គុនខ្មែរ» ហើយបានសន្យាចូលរួមជាមួយម្ចាស់ផ្ទះកម្ពុជាទៀតផង ។

មន្ដ្រីកីឡាជាន់ខ្ពស់កម្ពុជារូបនេះបន្ដថា «យើងឃើញថា អ្វីដែលបានដាក់ចូលក្នុងយុទ្ធសាស្ដ្រលើកកម្ពស់ក្បាច់គុនអត្តសញ្ញាណជាតិ គឺកីឡាប្រដាល់ “គុនខ្មែរ” នេះ មិនមានអ្វីប៉ះពាល់ ឬការតវ៉ាអ្វីពីបណ្ដានាយបេសកកម្មទាំង ១០ប្រទេសផ្សេងទៀត ដែលបានមកចូលរួមកិច្ចប្រជុំពិសេសនេះឡើយ ។ មកដល់ពេលនេះ មិនមានអ្វីប្រែប្រួលនោះទេ មានន័យថា យើងបានជោគជ័យក្នុងការដាក់ឈ្មោះ “គុនខ្មែរ” ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ នៅកម្ពុជា»។

ដោយឡែកនាយបេសកកម្មមីយ៉ាន់ម៉ា និងវៀតណាម ក៏ដូចជាប្រ៊ុយណេ សុទ្ធតែបានគាំទ្រការសម្រេចចិត្តរបស់ម្ចាស់ផ្ទះកម្ពុជា ក្នុងការកំណត់កីឡាអត្តសញ្ញាណជាតិរបស់ខ្លួន ដាក់ក្នុងកម្មវិធីប្រកួតកីឡាស៊ីហ្គេម ហើយប្រទេសទាំងអស់ នឹងបញ្ជូនអត្តពលិកមកចូលរួមប្រកួតជាធម្មតាផងដែរ ។

លោក Khun Jar Aung នាយបេសកកម្មស៊ីហ្គេមមីយ៉ាន់ម៉ា បានលើកឡើងថា «មីយ៉ាន់ម៉ា ក៏មានប្រភេទកីឡាប្រពៃណីរបស់ខ្លួនដែរ ។ អ៊ីចឹងសម្រាប់យើង អត់មានអ្វីទេ ហើយយើងគាំទ្រការប្រើពាក្យ “គុនខ្មែរ” នៅស៊ីហ្គេម ព្រោះយើងក៏បានចូលរួមការប្រកួត Pre-SEA Games នៅកម្ពុជាហើយដែរ ។ ដូច្នេះមីយ៉ាន់ម៉ា មិនមានអ្វីចោទសម្រាប់ការបញ្ជូនអត្តពលិកមកប្រកួតលើប្រភេទកីឡា “គុនខ្មែរ” នោះទេ ។ សម្រាប់ NOC ប្រទេសផ្សេង គឺជាគំនិតរបស់គេ តែសម្រាប់ខ្ញុំ ព្យាយាមជាមួយប្រធានរបស់យើង ធ្វើម៉េចចូលរួមឲ្យបានកាន់តែច្រើនកាន់តែល្អ» ។

ចំណែកលោក Tran Duc Phan នាយបេសកកម្មស៊ីហ្គេមវៀតណាម បានបញ្ជាក់ថា «ពួកយើងគាំទ្រប្រទេសជាម្ចាស់ផ្ទះ(កម្ពុជា) ក្នុងការប្រើពាក្យ «គុនខ្មែរ»។ យើងដឹងថា គុនខ្មែរ និង Mauy Thai ស្រដៀងគ្នា ប៉ុន្ដែយើងគាំទ្រទៅលើប្រទេសរៀបចំជាម្ចាស់ផ្ទះ ។ អ៊ីចឹងវៀតណាម នឹងបញ្ជូនអត្តពលិកមកប្រកួតលើប្រភេទកីឡា «គុនខ្មែរ» ធម្មតា ហើយក៏គាំទ្រការរៀបចំរបស់ម្ចាស់ផ្ទះផងដែរ» ។

ដោយឡែកលោកស្រី Umi Kal Thum Haji Abdul Karim នាយបេសកកម្មស៊ីហ្គេមប្រ៊ុយណេ បានថ្លែងថា ប្រ៊ុយណេ មិនមានប្រភេទកីឡា គុនខ្មែរ និងកីឡា Muay នោះទេ ។ ប៉ុន្ដែការផ្លាស់ប្ដូរពាក្យ Muay មកជា គុនខ្មែរ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នេះ គឺលោកស្រីគាំទ្រការសម្រេចចិត្តរបស់ម្ចាស់ផ្ទះដូចគ្នា ព្រោះលោកស្រីយល់ថា នេះគឺជាអាទិភាព និងជាសិទ្ធរបស់ប្រទេសម្ចាស់ផ្ទះ ក្នុងការដាក់នូវកីឡាប្រពៃណីរបស់ខ្លួន ។

លោកស្រីបន្ដថា «ក្នុងនាម NOC ប្រទេសផ្សេងៗ គឺមានសិទ្ធចូលរួម ឬអត់? គឺអត់មានបញ្ហាអ្វីទេ តែប្រទេសម្ចាស់ផ្ទះ គឺមានសិទ្ធគ្រប់គ្រាន់ ក្នុងការផ្លាស់ប្ដូរចុងក្រោយ ដែលខ្លួនចង់បានប្រភេទកីឡាប្រពៃណីរបស់ខ្លួន ចូលរួមប្រកួតក្នុងស៊ីហ្គេម ។ តែប្រ៊ុយណេ អត់មានកីឡា គុនខ្មែរ និងកីឡា Muay ទេ អ៊ីចឹងយើងអត់មានគំនិតថាយ៉ាងម៉េចទេ ប៉ុន្ដែសម្រាប់ខ្ញុំ អ្វីដែលយើងដឹង គឺប្រទេសម្ចាស់ផ្ទះ មានសិទ្ធក្នុងការដាក់ប្រភេទកីឡាប្រពៃណីរបស់ខ្លួន ។ ហេតុនេះ យើងសូមគាំទ្រការសម្រេចចិត្តរបស់ម្ចាស់ផ្ទះកម្ពុជា» ។

សូមបញ្ជាក់ថា កម្ពុជាបានសម្រេចប្រើប្រាស់ពាក្យ «គុនខ្មែរ ឬ Kun Khmer» ជំនួបពាក្យកីឡា Muay ក្នុងនាមជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ។ ជាមួយការប្រើប្រាស់ពាក្យ “គុនខ្មែរ” ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ ត្រូវបានកម្ពុជា ធ្វើលិខិតលាយលក្ខណ៍ ជូនដំណឹងទៅគណៈកម្មាធិការជាតិអូឡាំពិក(NOC) នៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់កាលពីថ្មីៗ ដើម្បីបង្ហាញពីកីឡាអត្តសញ្ញាណរបស់ខ្លួន ក្នុងនាមជាម្ចាស់ផ្ទះ និងជាម្ចាស់ក្បាច់គុន ។

លោក វ៉ាត់ ចំរើន ធ្លាប់បានអះអាថា «ការប្រកាន់ជំហរប្រើប្រាស់ពាក្យ “គុនខ្មែរ” នេះ គឺដើម្បីកុំឲ្យមានការច្របូកច្របល់ ឬមតិយោបល់មហាជនរបស់យើង ប្រកាន់រឿងពាក្យ Muay ហ្នឹងទៀត ។ នេះគឺជាជោគជ័យ ហើយក៏ជាកិត្តិយសមួយ ដែលយើងជាម្ចាស់ក្បាច់គុន និងជាម្ចាស់ផ្ទះ យើងបានខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីសម្រេចក្ដីប្រាថ្នា ក្នុងការប្រើពាក្យ «គុនខ្មែរ» នៅក្នុងស៊ីហ្គេមជាប្រវត្តិសាស្ដ្ររបស់យើង» ។ លើសពីនេះ លោកក៏បានថ្លែងអំណរគុណដល់ជនរួមជាតិ និងអ្នកស្នេហាវិស័យកីឡាគុនខ្មែរទាំងអស់ ដែលបានគាំទ្រ និងអបអរសាទរ ចំពោះបញ្ហានេះផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: