ព័ត៌មានជាតិ

កម្ពុជា ប្តេជ្ញាផ្សព្វផ្សាយ «គុនខ្មែរ» ទៅកាន់ពិភពលោកឱ្យកាន់តែផុសផុលទ្វេឡើង

BY
Naren
January 27, 2023
កម្ពុជា ប្តេជ្ញាផ្សព្វផ្សាយ «គុនខ្មែរ» ទៅកាន់ពិភពលោកឱ្យកាន់តែផុសផុលទ្វេឡើង

CAMSOC-ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) បានប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្សព្វផ្សាយ«គុនខ្មែរ»ជាកីឡាអត្តសញ្ញាណជាតិទៅកាន់ពិភពលោកឲ្យកាន់តែផុសផុលបន្ថែមទៀត។

ក្នុងសន្និសីទសារព័ត៌មានស្តីពីដាក់កីឡាគុនខ្មែរ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ កាលពីថ្ងៃទី២៦ ខែមករានេះ ក្រោយកិច្ចប្រជុំឡាគុនខ្មែរអន្តរជាតិពិសេសមួយ នៅសណ្ឋាគារ ហ្គាឌិនស៊ីធី សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឯកឧត្តម វ៉ាត់ ចំរើន លើកឡើងថា កម្ពុជាត្រូវរៀបចំធម្មនុញ្ញ ច្បាប់ និងបទបញ្ញត្តិរបស់កីឡា ជាពិសេសគឺស្របទៅនឹងការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២។ កិច្ចប្រជុំនេះ មានការគាំទ្រចូលរួមពីសមាជិកក្នុងតំបន់ចំនួន៨ប្រទេស មានកម្ពុជាជាម្ចាស់ផ្ទះ មីយ៉ាន់ម៉ា ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និងថៃ ក្នុងចំណោម១១ប្រទេស នៃការរៀបចំកីឡាគុនខ្មែរ នៅក្នុងស៊ីហ្គេម។

ឯកឧត្តមអគ្គលេខាធិការបានបន្តថា សមាជិកទាំង៨ប្រទេសក៏បានឯកភាពគ្នាទាំងស្រុងទៅលើបទបញ្ជានៃការប្រកួត និងវិញ្ញាសាតាមប្រភេទទម្ងន់ នៅស៊ីហ្គេម ដើម្បីយកទៅប្រើប្រាស់ដល់គ្រប់ប្រទេសផ្សេងទៀត។ ក្នុងនោះដើម្បីលើកទឹកចិត្តកីឡាគុនខ្មែរដែលជាវប្បធម៌ អរិយធម៌របស់ខ្មែរដ៏ផូរផង់ និងកីឡាអត្តសញ្ញាណបុព្វបុរសជាតិ កម្ពុជាបានបញ្ចូលវិញ្ញាសាសម្តែង ដែលហៅថា «គុនគ្រូ»។ គុនគ្រូ គឺជាសិល្បៈមួយដែលរក្សាប្រពៃណីទំនៀងទំនាប់ និងថែរក្សានូវអត្តសញ្ញាណជាតិខ្មែរ។ ក្បាច់គុនខ្មែរមានសិល្បៈ យុទ្ធគុន យុទ្ធសាស្រ្ត និងយុទ្ធវិធី ដែលទាំងនេះគឺជាសិល្បៈកីឡាមួយ។ ការដាក់បញ្ចូលវិញ្ញាសាគុនគ្រូនេះ ប្រទេសទាំងអស់បានឯកភាពគ្នា គាំទ្រ យកទៅហ្វឹកហាត់តាមការណែនាំរបស់កម្ពុជា ដើម្បីមកប្រកួតនៅស៊ីហ្គេម។

ឯកឧត្តម វ៉ាត់ ចំរើន ក៏បានប្តេជ្ញាចិត្តពីការផ្សព្វផ្សាយឲ្យទូលំទូលាយ និងស្វែងរកសមាជិកភាពឲ្យបានច្រើនបន្ថែមទៀតទូទាំងពិភពលោក។ បច្ចុប្បន្នសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ មានសមាជិកគ្រប់ទ្វីបទាំងអស់សរុប២៩ប្រទេស។ ទាំងនេះជាសញ្ញាណវិជ្ជមានដែលជាឱកាសមាស ប្រាក់ និងវិសេសវិសាលមួយសម្រាប់កម្ពុជាដាក់គុនខ្មែរចូលក្នុងស៊ីហ្គេម។ «យើងពង្រីកឥទ្ធិពល សក្តានុពល វប្បធម៌ជាតិយើងទៅគ្រប់ប្រទេសទាំងអស់ ដោយក្បាច់គុនបុរាណខ្មែរនេះ មានមូលដ្ឋានគ្រឹះក្នុងការរៀបចំឲ្យបានត្រឹមត្រូវ តាមក្បួនខ្នាត ទ្រឹស្តីកីឡា និងច្បាប់ទំលាប់ត្រឹមត្រូវ និងជាប្រភេទកីឡាមានប្រជាប្រិយភាព តាមរយៈការគាំទ្រពីមជ្ឈដ្ឋានអន្តរជាតិ។ ក្នុងកិច្ចប្រជុំនាយកបេសកកម្មអូឡាំពិក ប្រទេសនីមួយៗមិនមានការ លើកមកនិយាយពីគុនខ្មែរទេ ដូច្នេះមានន័យថា ពួកគេគាំទ្រឲ្យកម្ពុជា ដាក់គុនខ្មែរក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា»៕ ប្រភព៖ CAMBODIA 2023

Share This Post: