ព័ត៌មានអន្តរជាតិ

ផ្កា​ស្បៃរឿងកំពុងត្រូវប៉ាន់ខ្លាំងនៅប្រទេសថៃ ដើម្បីធ្វើជាកម្រងផ្កាឱ្យអ្នកនយោបាយដែលត្រៀមខ្លួន សម្រាប់ការបោះឆ្នោតនាពេលឆាប់ៗនេះ

BY
Khmerpress
April 7, 2023
ផ្កា​ស្បៃរឿងកំពុងត្រូវប៉ាន់ខ្លាំងនៅប្រទេសថៃ ដើម្បីធ្វើជាកម្រងផ្កាឱ្យអ្នកនយោបាយដែលត្រៀមខ្លួន សម្រាប់ការបោះឆ្នោតនាពេលឆាប់ៗនេះ

កសិករ និង​អាជីវករនៅប្រទេសថៃ ​បាន​មើលឃើញ​ការកើនឡើង​នៃ​តម្លៃ​ផ្កា និង​តម្រូវការ​ផ្កា ​នៅ​មុន​ការបោះឆ្នោត​សកល​ថ្ងៃទី១៤ ខែឧសភា​ ខាងមុខនេះ។ ផ្កា​ស្បៃរឿង (Marigold) ត្រូវបាន​គេ​ប្រើ​ជា​ញឹក​ញាប់​ដើម្បី​ធ្វើ​ជា​កម្រង​ផ្កា​ សម្រាប់​បេក្ខភាព​បោះ​ឆ្នោត​ពាក់​ក្នុង​ពេល​ជួប​ជុំ​គ្នា ហើយផ្កានេះផងដែរ បានក្លាយជារបស់តំណាងឱ្យការបោះឆ្នោតនៅប្រទេសថៃតែម្ដង ដោយសារភាពពេញនិយមរបស់វា។

កសិករដាំផ្កាចំរុះនៅខេត្តសុខោទ័យ អ្នកនាង Janya Thana បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការបញ្ជាទិញនៅសួនផ្ការបស់គាត់បានកើនឡើងប្រហែល ១០ដង ធៀបនឹងរយៈពេលធម្មតា។ គាត់បានបន្ត​ថា ការ​កុម្ម៉ង់​ធម្មតា​មាន​ប្រហែលជា ១,០០០ ដើម​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ឥឡូវ​នេះ​បាន​កើន​ឡើង​ដល់​ជាង ១០,០០០ ​ដើមហើយ។

លោក Vichien Prasompol ដែលជាអាជីវករលក់ផ្កាចំរុះនៅផ្សារស្រស់ក្នុងខេត្តខនកែន បាននិយាយថា ផ្កាដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបានទិញ ដើម្បីធ្វើជាកម្រងផ្កាសម្រាប់អ្នកនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។ លោក​បន្ត​ថា តម្លៃ​ដើម​ផ្កា​ស្បៃរឿងបច្ចុប្បន្ន​មាន​តម្លៃ​ខ្ពស់​ជាង​កាល​ពី ៣សប្តាហ៍​មុន ដែលកាលនោះផ្កានៅសល់ច្រើនគ្មានអ្នកត្រូវការទេ។ កាល​នោះ​ផ្កា​ស្បៃរឿងត្រូវ​បាន​គេ​លក់​ក្នុង​តម្លៃ ៣០បាត ​ក្នុង ១០០ ដើម ឬ ០.៣០ បាត​ ក្នុង​មួយ​ដើម ប៉ុន្តែ​ឥឡូវ​នេះវាមានតម្លៃ ២បាត ​ក្នុង​មួយ​ផ្កា (ក្នុងមួយដើមអាចមានច្រើនផ្កា)។ អាជីវករ​រូប​នេះ​បាន​បន្ត​ថា ​ក្នុង​មួយ​ថ្ងៃ​គាត់​លក់​បាន​ពី​ ៣​០,០០០ ទៅ ​៥០,០០០​ ដើមឯណោះ៕

Share This Post: