ព័ត៌មានអន្តរជាតិ

ទីក្រុងឆៀងម៉ៃរបស់ថៃ ជាប់ជាទីក្រុងរងការបំពុលខ្យល់ខ្លាំងបំផុតលើពិភពលោក ខណៈអាជ្ញាធរណែនាំឱ្យប្រជាជនធ្វើការពីផ្ទះ

BY
Khmerpress
April 7, 2023
ទីក្រុងឆៀងម៉ៃរបស់ថៃ ជាប់ជាទីក្រុងរងការបំពុលខ្យល់ខ្លាំងបំផុតលើពិភពលោក ខណៈអាជ្ញាធរណែនាំឱ្យប្រជាជនធ្វើការពីផ្ទះ

(បាងកក)៖ នៅថ្ងៃសុក្រនេះ ទីក្រុងឆៀងម៉ៃរបស់ប្រទេសថៃ បានជាប់ទីក្រុងដែលរងការបំពុលខ្យល់ខ្លាំងក្លាជាងគេបង្អស់នៅលើពិភពលោក ដោយអាជ្ញាធរបានអំពាវនាវឱ្យប្រជាជននាំគ្នាធ្វើការពីផ្ទះ ដើម្បីចៀសវាងស្រូបយកខ្យល់អាកាសដ៏គ្រោះថ្នាក់។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣។

ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ផ្សែងដែលបណ្តាលមកពីភ្លើងឆេះព្រៃ និងការដុតគល់ជញ្ជ្រាំងដោយក្រុមកសិករ បានគ្របដណ្តប់លើទីក្រុងឆៀងម៉ៃ ដែលជាគោលដៅទេសចរណ៍​ដ៏ពេញនិយមមួយរបស់ថៃ។ រីឯកាលពីព្រឹកថ្ងៃសុក្រនេះវិញ វែបសាយតាមដានគុណភាពខ្យល់ IQAir បានចាត់ថ្នាក់ឆៀងម៉ៃជាទីក្រុង ដែលទទួលរងការបំពុលខ្យល់ធ្ងន់ធ្ងរបំផុត លើពិភពលលោក ខណៈកន្លងមកជាទូទៅ ទីក្រុងដែលជាប់ចំណាត់ថ្នាក់​នេះញឹកញាប់ជាងគេ គឺទីក្រុងញូដេលីរបស់ឥណ្ឌា និងទីក្រុងឡាហ័ររបស់ប៉ាគីស្ថាន ជាដើម។

គួរបញ្ជាក់ថា ប្រការនេះបានជំរុញឱ្យអភិបាលខេត្តឆៀងម៉ៃ ចេញសេចក្តីថ្លែងការណ៍ទទូចឱ្យប្រជាជនកុំចេញដើរហើរនៅខាងក្រៅ ហើយធ្វើការពីផ្ទះ ដើម្បីការពារខ្លួននិងកាត់បន្ថយផលប៉ះពាល់សុខភាព។ យោងតាមក្រសួងសុខាភិបាលថៃ មនុស្សសរុបជិត២លាននាក់​រួចស្រេចទៅហើយ ដែលបានធ្លាក់ខ្លួនឈឺ រហូតត្រូវទៅទទួលការព្យាបាលនៅមន្ទីរពេទ្យ ក្រោយមានបញ្ហាផ្លូវដង្ហើម ដែលបង្កឡើងដោយ​ការបំពុលខ្យល់អាកាស នៅក្នុងប្រទេសថៃ នាឆ្នាំនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: