ព័ត៌មានអន្តរជាតិ

កូរ៉េ​ខាងជើង​បានសាកល្បងដ្រូនវាយប្រហារ​ក្រោម​ទឹក ដែលមានសមត្ថភាពបំពាក់​នុយក្លេអ៊ែរ Haeil-2

BY
Khmerpress
April 8, 2023
កូរ៉េ​ខាងជើង​បានសាកល្បងដ្រូនវាយប្រហារ​ក្រោម​ទឹក ដែលមានសមត្ថភាពបំពាក់​នុយក្លេអ៊ែរ Haeil-2

កូរ៉េ​ខាង​ជើងបាន​និយាយ​ថា ខ្លួន​បាន​ធ្វើ​ការ​សាកល្បង​ដ្រូន​វាយប្រហារ​ក្រោម​ទឹក ​ដែល​មាន​សមត្ថភាពបំពាក់អាវុធ​នុយក្លេអ៊ែរ​​ក្នុង​សប្តាហ៍​នេះ។ កាសែតគណបក្សកម្មករដែលកំពុងកាន់អំណាចបាននិយាយថា វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រការពារជាតិបានធ្វើការសាកល្បងមួយ ដែលមានរយៈពេល ៤ថ្ងៃ សម្រាប់យន្តហោះគ្មានមនុស្សបើកមុជទឹក «Haeil-2» ចូលទៅក្នុងតំបន់សាកល្បងកាលពីថ្ងៃអង្គារ នៅឯខេត្ត South Hamgyong ភាគខាងកើត។ ខ្លួនបាននិយាយថា ដ្រូនបានចំណាយពេល ៧១ម៉ោង ទៅគោលដៅចម្ងាយ ១,០០០ គីឡូម៉ែត្រ និងអាចបំផ្ទុះក្បាលគ្រាប់សាកល្បងបានយ៉ាងត្រឹមត្រូវ។

នេះ​ជា​លើក​ទី​២​ ​ដែល​កូរ៉េ​ខាង​ជើង​បាន​ប្រកាស​ការ​សាកល្បង​អាវុធ​ថ្មី​ឈ្មោះថា Haeil ដែល​មាន​ន័យ​ថា «រលក​យក្ស​ស៊ូណាមិ» ជា​ភាសា​កូរ៉េ។ ប្រទេសនេះបាននិយាយថា ខ្លួនបានសាកល្បង Haeil ជាលើកដំបូងកាលពីខែមុន ហើយបានអះអាងថា វាអាចបង្កជារលកយក្សស៊ូណាមិវិទ្យុសកម្ម ដែលមានសមត្ថភាពបំផ្លាញនាវាសត្រូវ និងកំពង់ផែសមុទ្រ។ ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងនិយាយថា Haeil-2 អាចជាកំណែថ្មីរបស់ដ្រូនដែលបានសាកល្បងកាលពីខែមីនា ព្រោះវាធ្វើដំណើរបានចម្ងាយឆ្ងាយជាងមុន។ ការសាកល្បងចុងក្រោយនេះ កើតឡើងនៅពេលដែលប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធរួមគ្នានៅសមុទ្រចិនខាងកើត រហូតដល់ថ្ងៃអង្គារ ដែលពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះដែលដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: