PR

ធនាគារ វីង ចូលរួមគាំទ្រការរៀបចំកម្មវិធីមហាសង្ក្រាន្តខ្មែរ ជាមួយពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េ ជប៉ុន និងថៃ

BY
Naren
April 13, 2023
ធនាគារ វីង ចូលរួមគាំទ្រការរៀបចំកម្មវិធីមហាសង្ក្រាន្តខ្មែរ ជាមួយពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េ ជប៉ុន និងថៃ

ធនាគារ វីង ចូលរួមគាំទ្រការរៀបចំកម្មវិធីមហាសង្ក្រាន្តខ្មែរ ជាមួយពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដោយបានផ្សព្វផ្សាយសេវាផ្ទេរប្រាក់ពីក្រៅប្រទេស ដែលផ្តល់នូវភាពងាយស្រួល សុវត្ថិភាព និងតម្លៃសេវាកាន់តែល្អប្រសើរ

ធនាគារ វីង បានចូលរួមគាំទ្រការរៀបចំកម្មវិធីមហាសង្ក្រាន្តខ្មែរ ជាមួយពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងប្រកបការងារនៅក្នុងប្រទេស ថៃ ជប៉ុន និងសាធារណរដ្ឋកូរ៉េខាងត្បូង ដោយបានបង្ហាញពីសេវាផ្ញើប្រាក់ពីក្រៅប្រទេសចូលមកប្រទេសកម្ពុជា តាមរយៈធនាគារ វីង ដែលផ្តល់ភាពងាយស្រួល សុវត្ថិភាព និងតម្លៃសេវាកាន់តែល្អប្រសើរ។

កម្មវិធីមហាសង្ក្រាន្តខ្មែរ ដែលសហការរៀបចំឡើងដោយសមាគមមិត្តយើង, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតកម្ពុជាប្រចាំប្រទេសទាំងបី គឺត្រូវបានរៀបចំធ្វើឡើងក្នុងប្រទេសថៃនៅថ្ងៃទី០២ មេសា ហើយនៅក្នុងប្រទេសជប៉ុន និងទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េខាងត្បូងនៅថ្ងៃទី០៩ មេសា។ កម្មវិធីនេះនឹងបន្តរៀបចំធ្វើឡើង នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េខាងត្បូងនៅថ្ងៃទី១៦ មេសា។

ធនាគារ វីង យល់ច្បាស់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាការប្រារព្ធពិធីដ៏សំខាន់មួយសម្រាប់ប្រជាជនកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅក្រៅប្រទេស ដើម្បីបន្តផ្សារភ្ជាប់ទំនាក់ទំនងវប្បធម៌ជាតិ និងផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ។

លោក ឈុន វឌ្ឍនៈភក្តី អគ្គនាយករងធនាគារ វីង បានថ្លែងថា៖ «ក្នុងនាមជាធនាគារ សម្រាប់ប្រជាជនកម្ពុជា, ធនាគារ វីង យល់ឃើញពីសារៈសំខាន់ចំពោះពលរដ្ឋកម្ពុជារស់នៅក្រៅប្រទេស ក្នុងការប្រារព្ធពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសចូលរួមថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ ក៏ដូចជាផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងប្រទេសកំណើតរបស់ខ្លួន។»

លោក ឈុន វឌ្ឍនៈភក្តី បានបន្តថា៖ «ជាកិត្តិយសដ៏ធំធេងរបស់យើងខ្ញុំផងដែរ ដែលបានចូលរួមផ្តល់ជាដំណោះស្រាយសម្រាប់ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដើម្បីអាចឲ្យពួកគេផ្ញើប្រាក់ទៅស្រុកកំណើត ដោយលឿនរហ័ស សុវត្ថិភាពខ្ពស់ និងចំណាយតិច។»

ក្នុងឱកាសចូលរួមគាំទ្រការរៀបចំកម្មវិធីមហាសង្ក្រាន្តខ្មែរនៅក្រៅប្រទេស ធនាគារ វីង ក៏បានផ្សព្វផ្សាយពីសេវាផ្ទេរប្រាក់ពីក្រៅប្រទេស ចូលមកប្រទេសកម្ពុជា ទៅកាន់ពលរដ្ឋខ្មែររស់នៅក្នុងប្រទេសទាំងបីនេះ ដើម្បីអាចផ្ញើប្រាក់មកប្រទេសកំណើត កាន់តែងាយស្រួល និងសុវត្ថិភាពខ្ពស់។ បន្ថែមពីនេះ អ្នកចូលរួមក្នុងកម្មវិធីមហាសង្ក្រាន្តខ្មែរទាំងអស់ ក៏មានឱកាសឈ្នះរង្វាន់ជាច្រើនពីធនាគារ វីង គឺទូរស័ព្ទដៃ iPhone 14 ដោយគ្រាន់តែផ្ញើប្រាក់មកស្រុកកំណើត តាមរយៈដៃគូសហការរបស់ធនាគារ វីង នៅក្នុងកំឡុងពេលនៃកម្មវិធី។

ធនាគារ វីង បានសហការជាមួយក្រុមហ៊ុនផ្ទេរប្រាក់អន្តរជាតិល្បីៗជាច្រើន ដើម្បីផ្តល់នូវជម្រើសសម្បូរបែបសម្រាប់ពលរដ្ឋកម្ពុជា ក្នុងការផ្ញើប្រាក់ត្រលប់មកប្រទេសកំណើត។ ឥឡូវនេះ ពលរដ្ឋកម្ពុជារស់នៅក្រៅប្រទេសអាចផ្ញើប្រាក់ តាមរយៈដៃគូសហការរបស់ធនាគារ វីង នៅក្នុងប្រទេសថៃ មានដូចជា៖ សេវាផ្ទេរប្រាក់ Easy2Send របស់ក្រុមហ៊ុន 2c2p, និងក្រុមហ៊ុន DeeMoney។ នៅប្រទេសជប៉ុនវិញ អាចផ្ទេរប្រាក់មកកម្ពុជា ជាមួយក្រុមហ៊ុន City Express ព្រមទាំងដៃគូសហការធនាគារ វីង ជាច្រើនទៀតនៅក្នុងប្រទេសកូរ៉េខាងត្បូងមានដូចជា៖ E9pay, Global Money Express (GME) និងក្រុមហ៊ុន Japan Remit Finance (JRF Korea) ជាដើម។

ដូច្នេះ ពលរដ្ឋកម្ពុជាដែលរស់នៅក្នុងប្រទេសទាំងនេះអាចធ្វើការផ្ទេរប្រាក់បានយ៉ាងងាយស្រួល ដោយគ្រាន់តែទៅកាន់សាខា ឬបញ្ជរណាមួយដែលជាដៃគូសហការរបស់ធនាគារ វីង។ អតិថិជន អាចធ្វើការផ្ទេរប្រាក់ ដោយផ្ញើចូលក្នុងគណនីធនាគារ វីង របស់សមាជិកគ្រួសាររបស់ពួកគេនៅស្រុកកំណើតដោយផ្ទាល់ ហើយអាចផ្ទៀងផ្ទាត់ទឹកប្រាក់នោះបានភ្លាមៗតាមកម្មវិធី Wing Bank App នៅលើស្មាតហ្វូន។ ម្យ៉ាងវិញទៀត ទោះបីអ្នកទទួលមិនមានគណនីធនាគារ វីង ក៏ដោយ ការផ្ទេរប្រាក់នៅតែងាយស្រួល គឺផ្ញើតាមរយៈការដកសាច់ប្រាក់ (cash pick-up) ដែលមធ្យោបាយនេះ សមាជិកគ្រួសារនៅស្រុកកំណើតនឹងទទួលបានលេខកូដសម្ងាត់ ៨ខ្ទង់ ហើយអាចប្រើប្រាស់លេខកូដនោះ ដើម្បីដកសាច់ប្រាក់ជារៀល ឬដុល្លារ ជាមួយភ្នាក់ងារវិញជាង ១១.០០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា។

ក្រៅពីសេវាផ្ទេរប្រាក់ចូលក្នុងប្រទេស ធនាគារ វីង ក៏មានការផ្តល់សេវាផ្ទេរប្រាក់អន្តរជាតិតាមរយៈកម្មវិធី Wing Bank App ដែលអនុញ្ញាតដល់អ្នកប្រើប្រាស់ទាំងអស់អាចផ្ញើប្រាក់ទៅក្រៅប្រទេស រហូតដល់ទៅជាង ២០០ប្រទេស និងតំបន់ ទូទាំងពិភពលោក។

ធនាគារ វីង នៅតែប្តេជ្ញាចិត្តក្នុងការជួយដល់ការបំពេញតម្រូវការរបស់ប្រជាជនកម្ពុជាគ្រប់រូប មិនថារស់នៅក្នុងប្រទេស ឬក្រៅប្រទេសនោះឡើយ។ ហើយទន្ទឹមគ្នានេះ ធនាគារ វីង បន្តការខិតខំធ្វើយ៉ាងណាផ្តល់សេវាកម្មធនាគារ ដែលមានតម្លៃសមរម្យ និងភាពងាយស្រួល សម្រាប់ប្រជាជនកម្ពុជាទាំងអស់ មិនថាពួកគេនៅទីណា ដើម្បីប្រាកដថាវត្តមានរបស់ពួកគេដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍឃឿនសេដ្ឋកិច្ចនៅកម្ពុជា៕

ធនាគារ វីង ធនាគារសម្រាប់ប្រជាជនកម្ពុជា!

Share This Post: