ព័ត៌មានអន្តរជាតិ July 7, 2023

Twitter គំរាមប្ដឹងកម្មវិធី Threads ថ្មីរបស់ Meta

Naren

(បរទេស)៖ បន្ទាប់ពីលោក Mark Zuckerberg ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Meta Platform ដាក់ដំណើរការកម្មវិធីថ្មីដែលមានឈ្មោះថា Threads នៅថ្ងៃទី០៦ សប្តាហ៍នេះ មានអ្នកចុះឈ្មោះប្រើប្រាស់ច្រើនជាង ៣០លានដងជុំវិញពិភពលោកក្នុងរយៈពេលត្រឹមតែ ១ថ្ងៃប៉ុណ្ណោះ។ ដែលការដាក់ដំណើរការថ្មីនេះត្រូវបានភាគីខាងក្រុមហ៊ុន Twitter លោក Elon Musk លើកឡើងថា បានប៉ះពាល់ដល់កម្មសិទ្ធបញ្ញារបស់ Twitter នឹងបានគំរាមប្តឹង Meta។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣។

យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា Meta បានប្រកួតប្រជែងមិនស្របច្បាប់ដោយបានជួលអតីតបុគ្គលិក Twitter ដែលដឹងពីអាថ៌កំបាំងពាណិជ្ជកម្ម និងព័ត៌មានសម្ងាត់ជាច្រើនរបស់ Twitter យកទៅធ្វើការក្នុងក្រុមហ៊ុនរបស់ខ្លួន។ ក្នុងនោះមេធាវីរបស់ Musk លោក Alex Spiro បានសរសេរនៅក្នុងសំបុត្រថា «Twitter មានបំណងអនុវត្តយ៉ាងតឹងរឹងនូវកម្មសិទ្ធបញ្ញារបស់ខ្លូន ហើយទាមទារឱ្យ Meta ចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់ការប្រើប្រាស់អាថ៌កំបាំងពាណិជ្ជកម្ម Twitter ឬ ព័ត៌មានសម្ងាត់ផ្សេងទៀតដែលមាននៅក្នុងកម្មវិធី Threads»។

គួរជម្រាបដែរថា កាលថ្ងៃសៅរិ៍សប្តាហ៍មុន Elon Musk បាននិយាយថាលោកនឹងចាប់ផ្តើមកំណត់ចំនួនបង្ហោះសារជាបណ្តោះអាសន្នដែលក្នុងនោះអ្នកប្រើប្រាស់អាចអាន ឬមើលឃើញផុសមានចំនួនកំណត់ជារៀងរាល់ថ្ងៃ។ ក្រោយការប្រកាសរបស់ Musk ប៉ុន្មានថ្ងៃ Meta បានចេញការប្រកាសតាមក្រោយថា ខ្លួននឹងដាក់ដំណើរកម្មវិធីដែលមានមុខងារស្រដៀងទៅនឹង Twitter នៅថ្ងៃទី០៦ ខែកក្កដា ហើយមកទល់ពេលនេះកម្មវិធីថ្មីនោះត្រូវបានដំណើរការជុំវិញពិភពលោក ដែលទំនងជាហេតុធ្វើឱ្យ Musk ចោទប្រកាន់ថា Meta បានរំលោភលើកម្មសិទ្ធបញ្ញារបស់របស់ខ្លួន៕ ផ្តល់សិទ្ធិដោយ៖ Fresh News