Tom Cruise បញ្ជាក់ថា នឹងថតរឿង «Mission Impossible» ដល់អាយុជាង៨០ឆ្នាំ ទើបឈប់
(បរទេស)៖ កំពូលតារាសម្ដែងអាមេរិកលោក Tom Cruise ត្រូវបានទស្សនិជន ជាពិសេសបណ្តាអ្នកគាំទ្របានដឹងថា លោកប្រើពេល ៤៣ឆ្នាំហើយ ជាមួយនឹងអាជីពជាតារាសម្ដែង ដោយចាប់ផ្ដើមដំបូងៗ លោកត្រឹមតែជាតួបន្ទាប់បន្សំប៉ុណ្ណោះ ឥឡូវនេះលោកបានជាតួឯកគ្រប់រឿងតែម្តង។ នាពេលថ្មីៗនេះ លោកបានទម្លាយថា លោកនឹងថតរឿង «Mission Impossible» ដល់អាយុជាង៨០ឆ្នាំ ទើបឈប់។
តាមការចុះផ្សាយពីគេហទំព័រព័ត៌មាន NME បានឲ្យដឹងថា តារាសម្តែងវ័យ ៦១ឆ្នាំ Tom Cruise មិនទាន់មានគម្រោងឈប់ពីការថតរឿងនៅឡើយទេ។ លោកថាចង់សម្ដែងដល់អាយុជាង៨០ឆ្នាំ ជាពិសេសជាមួយខ្សែស្រឡាយរឿង «Mission Impossible» ខណៈកំលាំងចិត្តក្នុងវិស័យភាពយន្តនេះ គឺត្រូវបានរុញច្រានដោយតារាជើងចាស់ Harrison Ford តួល្បីជំនាន់ទសវត្សរ៍៨០ នៅតែសម្ដែងបានយ៉ាងល្អដល់សព្វថ្ងៃ (លោកតា Harrison Ford យើងស្គាល់គាត់ជាតួ Indiana Jones, តួ Han Solo ក្នុង Star Wars និងឆាប់ៗ Red Hulk ក្នុង Captain America 4)។
ត្បិតឈានចូលដល់វ័យ៦១ឆ្នាំ សព្វថ្ងៃ Tom Cruise នៅតែលេងរឿង Action បានយ៉ាងល្អមិនឲ្យចាញ់ក្មេងកំលាំងបានឡើយ លោកនៅតែអាចរត់ លោត, ហក់ និងវាយ សំខាន់សម្ដែងឈុតគ្រោះថ្នាក់ខ្លួនឯង ដោយមិនបាច់មានតួជំនួស។ នៅឆ្នាំ២០២៤ លោក Tom Cruise នឹងជិះយានឡើងទៅលើអាកាស ដើម្បីថតរឿងថ្មីជាមួយលោក Elon Musk (មានការសហការណ៍ជាមួយ NASA និង SpaceX ផងដែរ)៕ ផ្តល់សិទ្ធិដោយ៖ freshnews



