Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

BREAKING: គណៈកម្មការបោះឆ្នោតថៃ ផ្តល់អនុសាសន៍ឱ្យផ្អាកសមាជិកភាពសភារបស់លោក Pita ខណៈនៅសល់តែ១ថ្ងៃ នឹងត្រូវជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី

BY Khmerpress July 12, 2023
BREAKING: គណៈកម្មការបោះឆ្នោតថៃ ផ្តល់អនុសាសន៍ឱ្យផ្អាកសមាជិកភាពសភារបស់លោក Pita ខណៈនៅសល់តែ១ថ្ងៃ នឹងត្រូវជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី

(បាងកក)៖ នៅថ្ងៃពុធនេះ គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ បានផ្តល់អនុសាសន៍ទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញថៃ ឱ្យផ្អាកសមាជិកភាពសភារបស់ មេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ជាបណ្តោះអាសន្នសិន ជុំវិញការចោទប្រកាន់ថា រូបលោកបានបំពានគោលការណ៍ឃោសនាបោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣។

គណបក្ស Move Forward បានទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលថ្មី កាលពីខែឧសភាកន្លងទៅ ប៉ុន្តែលោក ភីថា បានប្រឈម​នឹងឧបសគ្គមួយចំនួន។ កាលពីខែមិថុនា គណៈកម្មការរៀបចំការបោះឆ្នោតថៃ (EC) បានបង្កើតគណៈកម្មាធិការពិសេសមួយ ដើម្បីបើក​ការស៉ើបអង្កេតថាតើ រូបលោកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីធ្វើជាសមាជិកសភា និងឈរឈ្មោះជានាយករដ្ឋមន្រ្តី ដែរឬយ៉ាងណា។

នៅថ្ងៃពុធនេះ គណៈកម្មការបោះឆ្នោតថៃ បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «EC នឹងបញ្ជូនសំណុំរឿងរបស់លោក ភីថា ទៅកាន់​តុលាការធម្មនុញ្ញ ដើម្បីស្នើសុំការសម្រេចផ្លូវការ»។ លោក អ៉ីតតាផ័ន ប៊ូនប្រាកង (Ittiporn Boonprakong) ដែលជាប្រធាន EC បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា គណៈកម្មការបោះឆ្នោត បានផ្តល់អនុសាសន៍ឱ្យតុលាការធម្មនុញ្ញ ផ្អាកសមាជិកភាពតំណាងរាស្រ្ត​របស់លោក ភីថា។

គួរបញ្ជាក់ថា ស្ថានការណ៍វិវត្តន៍ខាងលើកើតមាន ស្របពេលដែលសភាថៃនឹងត្រូវរៀបចំការបោះឆ្នោត ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នៅក្រោមច្បាប់របស់ប្រទេសថៃ ទោះបីជាលោក ភីថា ត្រូវបានផ្អាកសមាជិកភាពសភាក្តី ក៏លោកនឹងនៅ​តែអាចឈរឈ្មោះជានាយករដ្ឋមន្រ្តីដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: