ព័ត៌មានអន្តរជាតិ July 17, 2023

ផ្លូវការ! Messi សម្រេចការចុះកិច្ចសន្យាជាមួយ Inter Miami ដំណើរការរហូតចុងឆ្នាំ២០២៥

Naren

(ផ្លរីដា)៖ ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានសម្រេចចិត្តលើកិច្ចសន្យាព្រមព្រៀងលេងជាមួយក្លិប Inter Miami រហូតដល់ចុងឆ្នាំ២០២៥ និងពាក់អាវលេខ១០ ស្ថិតក្នុងលីគអាមេរិក Major League Soccer ដ្បិតលក្ខខណ្ឌតម្លៃប្រាក់ពលកម្មមិនត្រូវបានបង្ហាញនោះទេ, នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី១៧ ខែកក្កា ឆ្នាំ២០២៣។

Messi ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៧លើកនោះ បានចាកចេញពីក្លិបបារាំង Paris Saint Germain នៅបញ្ចប់រដូវកាល ២០២២-២៣ ដែលអតីតកីឡាកររបស់ FC Barcelona បានលើកឡើងថា «ខ្ញុំពិតជារំភើបណាស់ ក្នុងការចាប់ផ្តើមជំហានបន្ទាប់នៅអាជីពរបស់ខ្ញុំ ជាមួយក្លិប Inter Miami នៅសហរដ្ឋអាមេរិក ហើយជាឳកាលដ៏អស្ចារ្យ យើងនឹងបន្តបង្កើតគម្រោងដ៏ស្រស់ស្អាតនេះ»។

សម្រាប់សហម្ចាស់ក្លិប Inter Miami លោក David Beckham បាននិយាយថា «ការចុះកិច្ចសន្យានេះ គឺជា សុបិនក្លាយជាការពិត»។

នេះជាការឈានចេញទៅលេងក្រៅលីគអឺរ៉ុប សម្រាប់ខ្សែប្រយុទ្ធ Messi បន្ទាប់ពីចំណាយពេលជាច្រើនឆ្នាំជាមួយក្លិប FC Barcelona, Paris Saint Germain ហើយរូបគេនិងបានជួបជុំជាមួយអតីតមិត្តរួមក្រុម កីឡាករខ្សែការពារ Sergio Busquets ដែលបានចុះកិច្ចសន្យារហូតដល់ឆ្នាំ២០២៥ ផងដែរ។

រំលឹកផងថា សម្រាប់ការលេង ២រដូវកាលជាមួយ PSG កីឡាករ Messi បានបង្ហាញខ្លួន ៧៥ប្រកួតរកបាន ៣២គ្រាប់ជាមួយការឈ្នះពាន Ligue1 ២រដូវកាល នាមជាអតីតខ្សែប្រយុទ្ធ Barcelona រកបានគ្រាប់ស៊ុត ៦៧២គ្រាប់ ហើយឈ្នះពាន La Liga ១០លើក, Spanish Cup ៧លើក ជាមួយពានលីគអឺរ៉ុប Champions League ៤លើក៕ ផ្ដល់សិទ្ទិដោយ៖ Fresh News