ព័ត៌មានអន្តរជាតិ July 22, 2023

iPhone 15 Pro អាចប្រឈមមុខនឹង «កង្វះខាតធ្ងន់ធ្ងរ» នៅពេលចេញលក់ ដោយសារតែបញ្ហាផលិតកម្ម

Naren

(បរទេស)៖ ថ្មីៗនេះទទួលបានរបាយការណ៍មកថា ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple រួមមាន iPhone15 Pro និង iPhone 15 Pro Max ដែលត្រៀមនឹងចេញលក់នាពេលឆាប់ៗខាងមុខនេះអាចនឹងជួបបញ្ហាប្រឈមធ្ងន់ធ្ងរជាមួយនឹងកង្វះខាតផ្គត់ផ្គង់អេក្រង់ ខណៈពេលវេលាចេញលក់ក៏ទំនងជាអាចនឹងត្រូវបានពន្យាពេលចន្លោះពី១ ទៅ ២សប្តាហ៍ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

ជាទម្លាប់ Apple តែងតែប្រកាសចេញ iPhone ម៉ូដែលចុងក្រោយរបស់ខ្លួនក្នុងអំឡុងខែកញ្ញា ស្ទើរៀងរាល់ឆ្នាំ។ តាមរយៈរបាយការណ៍ចេញផ្សាយចុងក្រោយនេះបង្ហាញថា iPhone ថ្មីពីរម៉ូដែល iPhone 15 pro និង iPhone 15 Pro Max អាចប្រឈមនឹងឧបសគ្គផ្គត់ផ្គង់ធ្ងន់ធ្ងរក្នុងអំឡុងប្រកាសចេញខែកញ្ញាខាងមុខនេះ ដោយសារតែផែនការរបស់ក្រុមហ៊ុន Apple ក្នុងការកាត់បន្ថយទំហំនៃ bezel ជុំវិញអេក្រង់ ដែលធ្វើឱ្យគែម iPhone មានលក្ខណៈស្តើងជាងមុន។

គួរជម្រាបដែរថា ហេតុផលចម្បងដែលប្រភពអះអាងថា Apple នឹងប្រឈមបញ្ហាផ្គត់ផ្គង់នោះគឺដោយសារតែក្រុមហ៊ុន LG ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំបំផុតនៅឆ្នាំនេះ ដែលតម្រូវឱ្យធ្វើការកែប្រែទៅលើអេក្រង់របស់ Apple នៅមិនទាន់ទទួលបានការតេស្តជោគជ័យនៅឡើយ។ ដូច្នេះឧសគ្គដំបូងនោះនឹងប៉ះពាល់ដល់ iPhone 15 Pro Max ដែល Apple ផ្តោតទៅលើការកែលម្អច្រើន និងបន្ទាប់មក iPhone 15 Pro ខណៈដែល iPhone ធម្មតាពីរម៉ូដែលទៀតមិនត្រូវបានប្រភពបញ្ជាក់ថាមានបញ្ហាជាមួយការកែប្រែរូបរាងដែលឬមួយក៏អត់នោះទេ៕ ផ្តល់សិទ្ធិដោយ៖ Fresh News