តារាសម្តែងល្បី Brian Cox ដឹកនាំក្រុមតារាអង់គ្លេសធ្វើការតវ៉ា ប្រឆាំងការប្រើប្រាស់ AI ក្នុងវិស័យភាពយន្ត
(អង់គ្លេស)៖ តារាសម្តែងជោគជ័យម្នាក់ឈ្មោះ Brian Cox នៅថ្ងៃសុក្រសប្តាហ៍នេះ បានដឹកនាំការតវ៉ាជាមួយតារាសម្តែងចក្រភពអង់គ្លេសរាប់រយនាក់ ក្នុងន័យគាំទ្រដល់ក្រុមតារាសម្តែងអាមេរិកដែលធ្វើកូដកម្មដើរចេញពីការងារប៉ុន្មានខែចុងក្រោយនេះ ដោយសារតែមូលហេតុ ប្រាក់ខែទាប និងការគំរាមកំហែងបង្កឡើងដោយការប្រើប្រាស់បច្ចេកវិទ្យា AI នៅក្នុងវិស័យភាពយន្ត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straits Times នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។
ក្រុមតារាសម្តែងអង់គ្លេស បានចេញតវ៉ាតាមរយៈការប្រមូលផ្តុំគ្នានៅ Leicester Square ទីក្រុងឡុងដ៍ ជាកន្លែងដែលមានការបញ្ចាំងភាពយន្តថ្មីកំពុងល្បី «Barbie»។ តាមរយៈការតវ៉ានេះ តារាសម្ដែងបានស្រែកថា «ការរួបរួមនឹងមិនត្រូវចាញ់ឡើយ» ហើយបានគ្រវីបដាសហជីពសម្ដែងរបស់ចក្រភពអង់គ្លេស ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយសហជីពតារាសម្តែងអាមេរិក។ តារាភាពយន្ត និងទូរទស្សន៍អាមេរិកប្រមាណ ១៦០,០០០នាក់បានឈប់ពីការងារកាលពីសប្តាហ៍មុន ដោយចូលរួមជាមួយក្រុមអ្នកនិពន្ធ ដើម្បីបន្តធ្វើកូដកម្មជាច្រើនសប្តាហ៍។
គួរបញ្ជាក់ថា ការធ្វើកូដកម្មនៅអាមេរិក គឺបានកើតឡើង ដោយសារតែក្រុមតារាសម្តែងនឹងស្នើសុំប្រាក់ឈ្នួលខ្ពស់ជាងមុន និងការការពារប្រឆាំងនឹងការប្រើប្រាស់រូបភាពរបស់ពួកគេ ដោយគ្មានការអនុញ្ញាតតាមរយៈបច្ចេកវិទ្យាបញ្ញានិម្មិត AI នៅក្នុងកុងត្រាការងារថ្មី ខណៈរហូតមកទល់នឹងពេលនេះ នៅមិនទាន់មានសេចក្តីសម្រេចណាមួយឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews



