«Barbie» ក្លាយជាភាពយន្ត រកចំណូលបានច្រើនជាងគេក្នុងឆ្នាំ២០២៣ ទទួលបាន ១៦២លានដុល្លារ រយៈពេល៣ថ្ងៃ
(បរទេស)៖ ភាពយន្តនិយាយពីតុក្កតា «Barbie» ដែលជាស្នាដៃដឹកនាំរបស់តារាសម្ដែង និងផលិតករស្រី Greta Gerwig (ក្រេតថា ហ្គើវីក) អាចរកចំណូលបានរហូតដល់ ១៦២លានដុល្លារ ពីការបញ្ចាំងនៅសហរដ្ឋអាមេរិក ក្នុងរយៈពេល៣ថ្ងៃដំបូង ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន សម្រាប់ភាពយន្តមិនមែនជាប្រភេទ Superhero និងបានក្លាយជា ភាពយន្តរកចំណូលនៅសប្តាហ៍ដំបូងបានច្រើនជាងគេ ក្នុងឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Yahoo នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។
ភាពយន្ត «Barbie» របស់ Warner Bros ទទួលបានចំណូលពីការចាក់បញ្ចាំងបានរហូតដលទៅ ១៦២លានដុល្លារ បន្ទាប់ពីថ្ងៃអាទិត្យដែលជាថ្ងៃសម្រាក មានអ្នកទស្សនាច្រើន។ លើសពីនេះ នៅតាមបណ្ដាប្រទេសផ្សេងៗជុំវិញពិភពលោក ភាពយន្តអាចរកបានសរុប ១៩៤លានដុល្លារទៀត ធ្វើឲ្យចំណូលសរុបនៅសប្ដាហ៍ដំបូងនេះកើនដល់ ៣៥៦លានដុល្លារ ខណៈដើមទុនផលិតចំណាយអស់ ១៤៥ លានដុល្លារ។ ប្រការនេះបានធ្វើឲ្យរឿង «Barbie» ក្លាយជាស្នាដៃដែលអាចរកចំណូល នៅសប្ដាហ៍ដំបូងបានខ្ពស់បំផុតរបស់តារាសម្ដែង Margot Robbie (ម៉ាហ្កត រ៉ប់ប៊ី) និង Ryan Gosling (រ៉ាយអិន ហ្កសស្លីង) ផងដែរ។
គួរជម្រាបថា តាមរយៈការទទួលបានចំណូលច្រើន លើសការរំពឹងទុកបែបនេះ បានធ្វើឲ្យ «Barbie« អាចកាន់កាប់កំណត់ត្រាជាច្រើនដូចជា ជាភាពយន្តដឹកនាំដោយអ្នកដឹកនាំជាស្រ្តី ដែលអាចរកចំណូលនៅសប្ដាហ៍ដំបូងបានច្រើនបំផុត និងជាភាពយន្តរកចំណូលនៅសប្ដាហ៍ដំបូងបានច្រើនបំផុត ប្រចាំឆ្នាំ២០២៣ នៅសហរដ្ឋអាមេរិក ដោយអាចវ៉ាដាច់ភាពយន្តធំៗផ្សេងៗទៀត ដែលចេញក្នុងឆ្នាំនេះដូចជា The Super Mario, Spider-Man: Across the Spider-Verse និង Guardians of the Galaxy វគ្គ៣៕ ផ្តល់សិទ្ធិដោយ៖ freshnews



