ព័ត៌មានអន្តរជាតិ July 26, 2023

មនុស្សរាប់ពាន់នាក់ គ្មានអគ្គិសនីប្រើប្រាស់ ខណៈព្យុះទីហ្វុង Doksuri ផ្ដើមវាយប្រហារហ្វីលីពីន

Khmerpress

(ម៉ានីល)៖ ខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារលើតំបន់ភាគខាងជើងនៃប្រទេសហ្វីលីពីន ខណៈព្យុះទីហ្វុង ដុកស៊ូរី (Doksuri) បានបក់បោកដល់ តំបន់ដីគោក​ នៅថ្ងៃពុធនេះ ដោយធ្វើឱ្យទឹកទន្លេជន់ឡើង និងប្រជាជនរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់បណ្ដោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣។

ប្រជាជនរស់នៅតាមតំបន់ឆ្នេរ ត្រូវបានអាជ្ញាធរហ្វីលីពីនបង្គាប់ឱ្យជម្លៀសខ្លួន កាលពីថ្ងៃអង្គារម្សិលមិញ នៅមុនការមកដល់នៃព្យុះទីហ្វុង ដុកស៊ូរី ដែលបក់បោក ក្នុងល្បឿន ១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង និងត្រូវបានគេព្យាករថានឹងបន្តរក្សាឥទ្ធិពល ក្នុងពេលដែលព្យុះនេះបន្តបក់បោកទៅកាន់កោះតៃវ៉ាន់ និងប្រទេសចិន។

បើតាមឆ្មាំឆ្នេរសមុទ្រហ្វីលីពីន អ្នកដំណើរច្រើនជាង ៤,០០០នាក់ កំពុងជាប់គាំងនៅតាមកំពង់ផែជាច្រើន ក្នុងប្រទេស បន្ទាប់ពីមានការដាក់បម្រាមលើការធ្វើ ដំណើរតាមផ្លូវសមុទ្រ។ ចំណែក ការប្រកាសអាសន្នពីព្យុះ ត្រូវបានអនុវត្តនៅតាមផ្នែកជាច្រើនភាគខាងជើងនៃកោះ Luzon ស្របពេលមានការព្រមានពីការ គ្រោះរអិលបាក់ដី និងការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ។

គួរបញ្ជាក់ថា ព្យុះទីហ្វុង ដុកស៊ូរី គឺជាព្យុះទី៥ហើយដែលបានវាយប្រហារលើប្រទេសហ្វីលីពីន នៅក្នុងឆ្នាំ២០២៣នេះ។ ក្នុងមួយឆ្នាំៗ ហ្វីលីពីនតែងតែរង ការវាយប្រហារពីព្យុះជាមធ្យមចំនួន ២០ តែក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថាការកើនឡើងនៃកម្ដៅផែនដី នឹងកាន់តែធ្វើឱ្យព្យុះកាន់តែសាហាវឡើង៕ ផ្តល់សិទ្ធិដោយ៖ freshnews