Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៉ីន ត្រូវផ្ទេរទៅកាន់មន្ទីរពេទ្យ

BY Khmerpress August 23, 2023
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៉ីន ត្រូវផ្ទេរទៅកាន់មន្ទីរពេទ្យ

(បាងកក)៖ មន្រ្តីប៉ូលិសថៃ បានឲ្យដឹងនៅថ្ងៃពុធនេះថា អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៉ីន ស៉ីណាវ៉ាត់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយរបស់ប៉ូលិសកាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីមានបញ្ហាសុខភាពនៅថ្ងៃដំបូងនៃការឃុំខ្លួនរូបលោក ក្រោយត្រឡប់ចូលប្រទេសវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣។

ស្ថានភាពសុខភាពរបស់លោក ថាក់ស៉ីន ដែលមានអាយុ៧៤ឆ្នាំហើយនោះនៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។

មន្ត្រីនៃនាយកដ្ឋានកែប្រែអប់រំ របស់ប្រទេសថៃ បានឲ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា លោក ថាក់ស៉ីន មានជំងឺប្រចាំកាយដូចជាបញ្ហាសុខភាពបេះដូង សួត ឆ្អឹងខ្នង និងសម្ពាធឈាម ហើយត្រូវតែពិនិត្យយ៉ាងដិតដល់។

អ្នកនាំពាក្យរបស់អគ្គស្នងការនគរបាលជាតិ លោក ប្រាឈុប វង់ស៊ុក (Prachub Wongsuk) បាន Reuters យ៉ាងដូច្នេះថា «ពន្ធនាគារបានវាយតម្លៃឃើញថា មានការខ្វះខាតវេជ្ជបណ្ឌិត និងឧបករណ៍ពេទ្យដែលអាចមើលថែអ្នកជំងឺបាន ដូច្នេះទើប លោក ថាក់ស៉ីន ត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យរបស់ប៉ូលិស»។ តែលោក ប្រាឈុប មិនបានបញ្ជាក់លម្អិតពីបញ្ហាសុខភាពរបស់លោក ថាក់ស៊ីនឡើយ។

គួរបញ្ជាក់ថា តុលាការកំពូលថៃ បានបញ្ជាក់រួចហើយថា លោក ថាក់ស៉ីន ត្រូវជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំក្រោមការកាត់ទោសពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍។ លោក ថាក់ស៊ីន បានសម្រេចវិលត្រឡប់ចូលស្រុកថៃវិញកាលពីថ្ងៃអង្គារ ទី២២ ខែសីហា ក្រោយរស់នៅនិរទេសខ្លួនឯង នៅឯបរទេស អស់រយៈពេលជាង១៥ឆ្នាំ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: