Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ស្ថាបនិកក្រុមហ៊ុន Foxconn លោក Terry Gou ប្រកាសឈរឈ្មោះ ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់តៃវ៉ាន់

BY Khmerpress August 29, 2023
ស្ថាបនិកក្រុមហ៊ុន Foxconn លោក Terry Gou ប្រកាសឈរឈ្មោះ ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់តៃវ៉ាន់

(តៃប៉ិ)៖ មហាសេដ្ឋី និងជាស្ថាបនិកក្រុមហ៊ុន Foxconn លោក Terry Gou នៅថ្ងៃចន្ទ ទី២៨ ខែសីហានេះបានប្រកាសថាលោកនឹងឈរឈ្មោះជាបេក្ខជន ឯករាជ្យម្នាក់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់តៃវ៉ាន់ នៅឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។

លោក Terry Gou បានគូសបញ្ជាក់នៅក្នុងសនិ្នសីទសារព័ត៌មាន ដូច្នេះថា «ខ្ញុំបានសម្រេចចិត្តថានឹងចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅ ឆ្នាំ២០២៤»។ នៅក្រោយការប្រកាសនេះដែរ លោក Gou ចាំបាច់ត្រូវតែប្រមូលឱ្យបានហត្ថលេខាចំនួន ២៩០,០០០ ដើម្បីអាចឈរឈ្មោះជាបេក្ខជន ឯករាជ្យម្នាក់។

គួរបញ្ជាក់ថា ក្រុមហ៊ុន Foxconn គឺជាក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខារមួយដ៏ធំសម្រាប់ក្រុមហ៊ុន Apple ហើយលោក Terry Gou បានលាលែងពីតំណែងជាប្រមុខ ក្រុមហ៊ុននេះក្នុងឆ្នាំ២០១៩ និងបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ នៅឆ្នាំនោះដែរ។ ប៉ុន្តែបានបរាជ័យដោយមិនត្រូវបានតែង តាំងជាបេក្ខជនតំណាងឱ្យគណបក្សប្រឆាំងដ៏ធំរបស់តៃវ៉ាន់ គួមិញតាង ដែលមានទំនោរងាកទៅរកចិននោះទេ។

លោក Gou ក៏បានព្យាយាមជាលើកទី២ ផងដែរ ដើម្បីក្លាយជាបេក្ខជនប្រធានាធិបតី តំណាងឱ្យគណបក្សគួមិញតាង កាលពីខែមករា ឆ្នាំ២០២៣នេះ តែនៅ តែបរាជ័យ ខណៈគណបក្សប្រឆាំងមួយនេះបានជ្រើសរើសចៅហ្វាយក្រុងតៃប៉ិ លោក ហួ យូយី (Hou Yu-ih) ជាបេក្ខជនរបស់ខ្លួន ដើម្បីចូលរួម ប្រកួតប្រជែងយកតំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ ជាមួយនឹងបេក្ខជនមកពីគណបក្សប្រជាធិតេយ្យចម្រើននិយម ដែលជាបក្សកាន់អំណាចនៅតៃវ៉ាន់ លោក William Lai ក្នុងការបោះឆ្នោតនៅខែមករា ឆ្នាំ២០២៤៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: