Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សារព័ត៌មានដ៏ល្បីរបស់អាមេរិក CNN ផ្សព្វផ្សាយពីអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ របស់កម្ពុជា

    BY Khmerpress October 20, 2023
    សារព័ត៌មានដ៏ល្បីរបស់អាមេរិក CNN ផ្សព្វផ្សាយពីអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ របស់កម្ពុជា

    (ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) ដែលបានចំណាយទុនវិនិយោគចំណាយប្រមាណ ១,១០០លានដុល្លារអាមេរិក ត្រូវបានសារព័ត៌មានដ៏ធំមួយរបស់អាមេរិក «CNN» យកទៅផ្សព្វផ្សាយនៅលើគេហទំព័ររបស់ខ្លួន ដោយដាក់ចំណងជើងថា «Cambodia’s newest and biggest airport opens in Siem Reap, the gateway to UNESCO-listed Angkor»។

    ជាមួយនឹងការផ្សព្វផ្សាយនៅលើគេហទំព័រ CNN នេះគេឃើញថាទទួលមានការសាទរ និងមានការចែករំលែកជាច្រើន ពីប្រជាពលរដ្ឋខ្មែរ ព្រមទាំងជនជាតិបរទេស ដែលកាន់តែធ្វើឲ្យគេស្គាល់ពីប្រទេសកម្ពុជាកាន់តែច្រើន ជាពិសេសតំបន់ទេសចរណ៍ នៅក្នុងខេត្តសៀមរាប។

    អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ​បានបើកទទួលជើងហោះហើរពាណិជ្ជកម្មដំបូង កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ អាកាសយានដ្ឋាននេះគ្រោងនឹងសម្ពោធជាផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនឹងថ្នាក់ដឹកនាំចិន។

    អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប។

    អាកាសយានដ្ឋានអន្តរជាតិនេះមានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ចំណត និងអាចទទួលអ្នកដំណើរ តាមផ្លូវអាកាសបាន ៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន១២លាននាក់ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០។

    អាកាសយានដ្ឋាននេះ អាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន ១០,០០០តោន ក្នុងមួយឆ្នាំចាប់ពីឆ្នាំ ២០២៣ និង ២៦,០០០តោន ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០ ព្រមទាំងអាចទទួលជើងហោះហើរបានពី ៦៥,៨០០ជើង ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៣ ទៅ១១២,៧០០ជើង ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: