Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងបរិស្ថាន មិនលើកលែងចំពោះបទល្មើសធនធានធម្មជាតិ ដើម្បីធានាប្រសិទ្ធភាពនៃកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ

    BY Khmerpress October 21, 2023
    ក្រសួងបរិស្ថាន មិនលើកលែងចំពោះបទល្មើសធនធានធម្មជាតិ ដើម្បីធានាប្រសិទ្ធភាពនៃកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការដាច់ខាត និងច្បាស់លាស់ គឺត្រូវការពារធនធានធម្មជាតិជាចាំបាច់។ ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញការអនុវត្តច្បាប់ឱ្យបានដាច់ខាត ដោយមិនលើកលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដើម្បីធានាប្រសិទ្ធភាពនៃកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ។

    ជាក់ស្តែងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ វប្បធម៌ អប់រំ ណែនាំ និងធ្វើកិច្ចសន្យារួចដោះលែងចំពោះអ្នកប្រព្រឹត្តបទល្មើសក្នុងតំបន់ការពារធម្មជាតិ ត្រូវបានចាត់ការដោយច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ សាលាដំបូងខេត្តពោធិ៍សាត់ ចេញដីកាឱ្យឃុំខ្លួនជាបណ្តោះអាសន្ន បុគ្គលម្នាកដែលបានរុករានដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ។

    ការអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដែលមាត្រា៦២ ត្រង់ចំណុចទី១ បានចែងចំពោះជនដែលបានប្រព្រឹត្តបទកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១៥លានរៀល ទៅ ១៥០លានរៀល។ ជនណាដែលសមគំនិត ឬជួយសម្រួលដល់ការប្រព្រឹត្តបទល្មើសត្រូវផ្តន្ទាទោសដូចចារីដែរ។

    សូមបញ្ជាក់ថា ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឱ្យមានប្រសិទ្ធភាព និងការអភិវឌ្ឍដោយចីរភាព ក្រសួងបរិស្ថាន បានដាក់ចេញវិធានការចម្បងចំនួន៤រួមមាន៖

    ទី១៖ ក្រសួងបរិស្ថានជំរុញការអនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌ អប់រំ ណែនាំ និងចុះកិច្ចសន្យា ហើយដោះលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ

    ទី២៖ ក្រសួងបរិស្ថាន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ឱ្យបានស្អិតរមួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ

    ទី៣៖ សហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក

    និង៤៖ ជំរុញការដាំដើមឈើឱ្យច្រើនជាងការកាប់ ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញ ការដាំស្តារព្រៃឈើ ដែលជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ រួមទាំងការអភិរក្សជីវចម្រុះដោយចីរភាព។

    តាមរយៈនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការថ្ងៃទី១០ តុលា នឹងធ្វើការផ្តល់ និងដាំដើមឈើយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: