Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះស្វែងយល់ពីការរៀបចំផ្លូវដែកនៅក្រុមហ៊ុន Guangzhou Metro Group និងចង់ឃើញក្រុមហ៊ុនវិនិយោគផ្លូវដែកនៅកម្ពុជា

    BY Khmerpress October 21, 2023
    ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះស្វែងយល់ពីការរៀបចំផ្លូវដែកនៅក្រុមហ៊ុន Guangzhou Metro Group និងចង់ឃើញក្រុមហ៊ុនវិនិយោគផ្លូវដែកនៅកម្ពុជា

    (ចិន)៖ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះទស្សនកិច្ច និងសិក្សាពីការរៀបចំផ្លូវដែកក្រុមហ៊ុន Guangzhou Metro Group។

    ក្រុមហ៊ុន Guangzhou Metro ជាក្រុមហ៊ុនរៀបចំបណ្តាញផ្លូវដែកនៅក្រុងហ្គងចូវ (Guangzhou) ប្រទេសចិន បំពាក់ដោយបច្ចេកវិទ្យាទំនើប និងមានប្រព័ន្ធឌីជីថលសម្រាប់តាមដាន និងគ្រប់គ្រងដំណើរការរបស់រថភ្លើង និងស្ថានីយទាំងមូលផងដែរ។

    ដំណើរទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងក្រុមការងារ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីលោកប្រធានក្រុមហ៊ុន។ ទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រី មានបំណងស្វែងយល់អំពីការអភិវឌ្ឍ និងដំណើរការគ្រប់គ្រងប្រចាំថ្ងៃរបស់ផ្លូវដែក ពិសេសក្នុងរចនាសម្ព័ន្ធផ្លូវរថភ្លើងដែលមានអ្នកដំណើរយ៉ាងមមាញឹក។

    ក្នុងជំនួបនោះ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីស្រម៉ៃចង់ឃើញស្ថានីយរថភ្លើងទំនើបបែបឌីជីថលដូចទៅនឹងស្ថានីយរបស់ក្រុមហ៊ុនលេចឡើងក្នុងប្រទេសកម្ពុជា ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ ពិសេសក្នុងរាជធានីភ្នំពេញ។

    លោកឧបនាយករដ្ឋមន្ត្រី បានឆ្លៀតយកឱកាសនោះជម្រាបជូនក្រុមហ៊ុនអំពីសក្ដានុពលលើកិច្ចការវិនិយោគក្នុងវិស័យផ្លូវដែកនៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តខ្ពស់ឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពបណ្តាក់ទុនកសាងផ្លូវដែក ក្នុងទីក្រុងយុទ្ធសាស្ត្រសំខាន់ៗរបស់កម្ពុជា។ ជាងនេះទៅទៀត លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើអញ្ជើញលោកប្រធានក្រុមហ៊ុន ចុះទៅទស្សនកិច្ចដោយផ្ទាល់នៅប្រទេសកម្ពុជា ដើម្បីស្វែងយល់បន្ថែមឱ្យកាន់តែច្បាស់អំពីសក្តានុពលសេដ្ឋកិច្ចលើកិច្ចការងារវិនិយោគ។

    លោក Jianlong Ding ប្រធានក្រុមហ៊ុន Guangzhou Metro Group បានបង្ហាញចំណាប់អារម្មណ៍អំពីសក្តានុពលក្នុងការកសាងផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញ និងការតភ្ជាប់ពីភ្នំពេញទៅកាន់អាកាសយានដ្ឋានថ្មីដែលនឹងដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៥ខាងមុខ។ លោកប្រធានក្រុមហ៊ុន ក៏បានចែករំលែកបទពិសោធន៍របស់លោក អំពីការចូលរួមរៀបចំធ្វើគម្រោងផ្លូវដែកនៅទីក្រុង Guangzhou តាំងពីដំណាក់កាលរៀបគម្រោង រហូតដល់ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ក្នុងនោះ លោកប្រធានក្រុមហ៊ុន បានបន្តបង្ហាញអំពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ទីក្រុង បន្ទាប់ពីបានឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធរថភ្លើងមេត្រូ (Metro) នេះ។

    លោកបានសង្កត់ធ្ងន់អំពីកត្តាជោគជ័យរបស់ក្រុមការងារទាំងមូលក្នុងការអភិវឌ្ឍគម្រោងផ្លូវដែកនៅក្នុងទីក្រុង គឺអាស្រ័យទៅលើការសហការរបស់ភាគីពាក់ព័ន្ធ ក្នុងដំណាក់កាលរៀបចំផែនការ។

    មុននឹងបញ្ចប់ពិធីសំណេះសំណាល លោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញអំពីគោលជំហរគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យផ្លូវដែកនៅក្នុងប្រទេស ដើម្បីបង្កើនភាពងាយស្រួលដល់ប្រជាពលរដ្ឋកម្ពុជា និងជាផ្លូវយុទ្ធសាស្ត្រដឹកជញ្ជូនសម្រាប់វិនិយោគិនផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: