Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្សាររាត្រីធំជាងគេនៅភ្នំពេញ នឹងបើកក្នុងពេលឆាប់ៗនេះ ផ្សាររាត្រីទំនើបទាន់សម័យនាំមុខគេនៅអាស៊ីអាគ្នេយ៍

    BY Khmerpress October 23, 2023
    ផ្សាររាត្រីធំជាងគេនៅភ្នំពេញ នឹងបើកក្នុងពេលឆាប់ៗនេះ ផ្សាររាត្រីទំនើបទាន់សម័យនាំមុខគេនៅអាស៊ីអាគ្នេយ៍

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ផ្សាររាត្រីភូមិអាហារផ្លូវជាតិលេខ៥ ដែលស្ថិតនៅតំបន់ស្នូលនៃខណ្ឌជ្រោយចង្វារ និងជាផ្សាររាត្រីធំបំផុតនៅភ្នំពេញ នឹងចាប់បើកក្នុងពេលឆាប់ៗនេះហើយ។

    ផ្សាររាត្រីភូមិអាហាផ្លូវជាតិលេខ៥ គឺជាផ្សាររាត្រីទី២ សាងសង់ដោយក្រុមហ៊ុនព្រីនស៍ គ្រុប ជាមួយនឹងការវិនិយោគទុនជាងមួយលានដុល្លារ ហើយវាក៏ជាផ្សាររាត្រីដែលមានទុនវិនិយោគច្រើនបំផុតក្នុងប្រទេសកម្ពុជាផងដែរ។ ផ្សាររាត្រីនេះមានផ្ទៃដីសរុបជាង ១៨០០០ ម៉ែត្រការ៉េ ដែលស្មើនឹងទីលានបាល់ទាត់ ៣ដង។

    អ្នកឌីហ្សាញបានបែងចែកគម្រោងនេះទៅជាតំបន់ធំៗ ៤ ដែលមានស្តង់សរុប ៣៣៤ ដោយបានប្រមូលផ្តុំនូវអាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់ពីជុំវិញពិភពលោក និងគំនូរលើជញ្ជាំង ដែលពោរពេញទៅដោយភាពសប្បាយរីករាយ និងទាន់សម័យបំផុត។ លើសពីនេះក៏មានផងដែរនូវការប្រគុំតន្ត្រីដ៏ពិរោះ និងការសំដែងរបាំតាមដងផ្លូវ ក៏ដូចជាមានការតុបតែងដោយសិប្បកម្មប្រជាប្រិយជាច្រើនប្រភេទផងដែរ។ ផ្សាររាត្រីភូមិអាហាផ្លូវជាតិលេខ៥ នាំមកនូវបទពិសោធន៍ផ្សាររាត្រីថ្មីស្រឡាងមកកាន់ភ្នំពេញ ដោយមានកន្លែងរៀបចំទីកម្មវិធីចម្រុះបែប មានរចនាប័ទ្មជាផ្សារទំនើបនិងទាន់សម័យ កម្មវីធីចម្រុះបែបនិងគួរឲ្យចាប់អារម្មណ៍ ព្រមទាំងមានទីធ្លាលំហែកម្សាន្តស្តង់ដារអន្តរជាតិផងដែរ។

    ផ្សាររាត្រីភូមិអាហាផ្លូវជាតិលេខ៥ នឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខនេះ។ នៅថ្ងៃបើកដំណើរការនោះ គម្រោងមានស្តង់លក់អាហារ ផ្សារសិប្បកម្ម និងការសម្តែងវប្បធម៌ដែលមកពីជុំវិញពិភពលោក ព្រមទាំងមានផលិតផលម៉ាកអន្តរជាតិធំៗផងដែរ។ លោកអ្នកអាចរីករាយជាមួយការបាញ់កាំជ្រួចលើវាលស្មៅលើកដំបូងនៅភ្នំពេញ ឬមើលកុន ឬញ៉ាំអាហារឆ្ងាញ់ៗនៅតំបន់ឆាកកណ្តាល ឬក្រេបរសជាតិស្រាបៀរក្រោមខ្យល់អាកាសដ៏ស្រស់ស្រាយ ឬរីករាយជាមួយជីវិតពេលរាត្រីក្រោមបរិយាកាសដ៏ល្អប្លែក។

    ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍និងវិនិយោគទីក្រុងនៅកម្ពុជា ព្រីនស៍ គ្រុប តែងតែប្រកាន់ខ្ជាប់នូវទស្សៈអាជីវកម្ម “កសាងជីវិតឲ្យកាន់តែប្រសើរ” និងបានខិតខំសាងសង់ផ្សាររាត្រីភូមិអាហាផ្លូវជាតិលេខ៥ ដើម្បីប្រែក្លាយវាជាគំរូស្តង់ដារផ្សាររាត្រីនៅភ្នំពេញ ដែលអាចបំពេញតម្រូវការផ្នែកកម្សាន្តនិងទេសចរណ៍សម្រាប់ទាំងភ្ញៀវជាតិនិងអន្តរជាតិ។

    នៅចម្ងាយ ៥ គីឡូម៉ែត្រពីផ្សាររាត្រី មានសាលារៀនចំនួន ១១ ដែលមានសិស្សនិស្សិតយ៉ាងច្រើន ដែលសុទ្ធតែជាអតិថិជនសក្តានុពល។ ម៉្យាងវិញទៀត នៅជុំវិញខណ្ឌជ្រោយចង្វារ មានប្រជាជនរស់នៅយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយជាមួយនឹងការកើនឡើងនៃភ្ញៀវទេសចរអន្តរជាតិនៅកម្ពុជា នឹងផ្តល់ឲ្យគម្រោងនូវលំហូរអតិថិជនជាង ៥០០,០០០ នាក់។ នៅពេលខាងមុខ ទីនេះមិនត្រឹមតែជាផ្សាររាត្រីដែលមានភាពទាន់សម័យបំផុតនៅភ្នំពេញប៉ុណ្ណោះទេ ថែមទាំងអាចក្លាយជាផ្សាររាត្រីដែលទំនើបនិងទាន់សម័យនាំមុខគេនៅអាស៊ីអាគ្នេយ៍ផងដែរ។

    ផ្សាររាត្រីភូមិអាហារផ្លូវជាតិលេខ៥ នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី២៤ ខែវិច្ឆិកា ខាងមុខនេះហើយ។ បច្ចុប្បន្ន ស្តង់ជាងពាក់កណ្តាលត្រូវបានជួលអស់ហើយ នៅសល់តែស្តង់មួយចំនួនតូចប៉ុណ្ណោះ!
    នៅពេលអនាគត ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តគិតគូរលើការកែទម្រង់ទីក្រុងទាំងមូល និងការធ្វើផែនការ និងប្រតិបត្តិការ ដើម្បីប្រមូលបទពិសោធន៍ក្នុងការសាងសង់ និងបន្តការអភិវឌ្ឍទីក្រុងប្រកបដោយតុល្យភាព និងពហុវិស័យ។ ក្រុមហ៊ុនព្យាយាមបង្កើតលទ្ធភាពបន្ថែមទៀតសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនាពេលអនាគតសម្រាប់កម្ពុជា ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

    Share This Post: