Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីម៉ោង៦ល្ងាចថ្ងៃនេះតទៅ ស្ពានកោះពេជ្រ-កោះនរា នឹងបើកឱ្យធ្វើចរាចរផ្លូវទាំងសងខាង

    BY Khmerpress October 23, 2023
    ចាប់ពីម៉ោង៦ល្ងាចថ្ងៃនេះតទៅ ស្ពានកោះពេជ្រ-កោះនរា នឹងបើកឱ្យធ្វើចរាចរផ្លូវទាំងសងខាង

    (ភ្នំពេញ)៖ ក្រោយសង្គេតឃើញមានកំណើនយានយន្តលើស្ពានកោះពេជ្រ-កោះនរា មានការកើនឡើង, រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យប្រជាពលរដ្ឋធ្វើចរាចរផ្លូវទាំងសងខាងចាប់ពីម៉ោង៦នាទីល្ងាច ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ។

    គួររំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចដាក់ឱ្យប្រើប្រាស់ស្ពានកោះពេជ្រ-កោះនរា ជាបណ្តោះអាសន្នចាប់ពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ដែលពេលនោះដាក់ឱ្យដំណើរការចរាចរតែម្ខាងស្ពានប៉ុណ្ណោះ។ ស្ពានតភ្ជាប់កោះពេជ្រ-កោះនរា បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ។

    គម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍​កោះ​នរានេះ​ មាន​ប្រវែងសរុប ៨២៤ម ទទឹង ២៤.៥ម​ បណ្តោយស្ពានបេតុងអារមេ ប្រវែង ៤៨៣ម សសរស្ពានមានគម្លាត២០ម+២១ម+១០៨ម+​១៨០ម+១០៨ម+​២៣ម+​២៣ម ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង ២៤៩ម ផ្លូវតភ្ជាប់​ក្បាលស្ពាន​កោះនរា ប្រវែង​៩២ម៉ែត្រ​​ ជាស្ពានចរាចរទ្វេរទិស មានគន្លងសម្រាប់រថយន្ត​ចំនួន ២ទៅ និងគន្លងចំនួន ២មក ដែល១គន្លងមានទទឹង​៣,២៥ម៉ែត្រ​ និងមានគន្លង​សម្រាប់ទោចក្រយានយន្តចំនួន ១ទៅ និងគន្លងចំនួន ១មក ដែលមានទទឹង ១,២៥ម៉ែត្រ​សងខាង​ ។

    ស្ពាន​នេះតម្រូវឱ្យបើកបរ​ ល្បឿនសុវត្ថិភាព ៤០គ.ម/ម៉ោង​ជម្រាលទទឹងស្ពាន២%​ សសរ​សម្រាប់ព្យួរខ្សែកាបមានកំពស់ ៦០ម៉ែត្រ​ គិតពីផ្ទៃតួស្ពានទៅលើអាកាស​ សសរ​ស្ពាន​សម្រាប់ព្យួរខ្សែកាបមានចំនួន​២ ដែលសសរស្ពាននីមួយៗប្រើប្រាស់គ្រឹះខួងខំនួន ១៨ដើម មានទំហំអង្កត់ផ្ចិត២ម៉ែត្រ​​ គ្រឹះខួងសសរទី១ មានជម្រៅ ៥៩,៤០ម៉ែត្រ និងសសរទី២មានជម្រៅ​៧៣,៤០ម៉ែត្រ​​ ផ្នែកខាងកោះពេជ្រមានសសរចំនួន ៣ និងផ្នែកខាងកោះនរាមានសសរចំនួន ៣​ ជើងតាងស្ពានមានទំហំ ២៤.៣មx១៧.៧មx៤.៥ម ​។

    កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ៨ម នៅរដូវវស្សានីវ៉ូទឹកខ្ពស់បំផុត​ កំពស់អតិបរមា​នាវា​ឆ្លងកាត់ក្រោមស្ពាន ១៨ម នៅរដូវប្រាំងនីវ៉ូទឹកទាបបំផុត​ គម្លាតពីសរសរស្ពាន​ខ្សែ​កាប មានប្រវែង ១៨០ម​ សសរស្ពានខ្សែកាបនីមួយៗមានខ្សែកាបចំនួន១ជួរ ១៦ដើម​សង​ខាង ក្នុង១ដើមមានភ្ជាប់ខ្សែកាបតូចៗពី ២៧ដើម ទៅ៣១ដើម ដែលមានអង្កត់ផ្ចឹត ១៥.២មម សសរស្ពានខ្សែកាបទាំង២ មានឆ្លាក់ចម្លាក់រចនាបទខ្មែរ មានបំពាក់បង្គោល​ភ្លើងបំភ្លឺស្ពាន រៀបចំបណ្តាញលូអមសងខាងផ្លូវក្បាលស្ពាន ដាក់ស្លាកសញ្ញាចរាចរ និងលាបគំនូសចរាចរ​។ ស្ពាននេះចំណាយការសាងសង់ ៣៨,០០០,០០០ដុល្លាអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC​ ។ ​

    ដើម្បីភ្ជាប់ការធ្វើដំណើរឡើងទៅផ្លូវជាតិលេខ១ ក្រុមហ៊ុនបានសាងសង់ស្ពានបេតុងអារមេតភ្ជាប់ពីកោះនរា មួយខ្សែផងដែរ។ ​ស្ពាននេះ​ មានបណ្តោយស្ពានសរុបប្រវែង៦០ម៉ែត្រ​ ទទឹងស្ពាន ២១ម៉ែត្រ​​ បណ្តោយស្ពានបេតុង៤៥ម៉ែត្រ​​ ផ្លូវគល់ស្ពានសងខាង ១៥ម៉ែត្រ​ ចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: