ក្រោយបញ្ចប់នៅភ្នំពេញ កងទ័ពទទួលបានបទបញ្ជាថ្មី ចុះចាក់វ៉ាក់សាំងជូនពលរដ្ឋនៅតាមខេត្តជិត ១លាននាក់ទៀត

(ភ្នំពេញ)៖ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ គ្រោងនឹងបិទបញ្ចប់ការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ទាំងដូសទី១ និងដូសទី២ ជូនប្រជាពលរដ្ឋនៅអតីតតំបន់ក្រហមក្នុងរាជធានីភ្នំពេញជិត ១លាននាក់ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះហើយ។ ទន្ទឹមនឹងការបិទបញ្ចប់ប្រតិបត្តិការចាក់ជូនប្រជាពលរដ្ឋនៅអតីតតំបន់ក្រហមក្នុងរាជធានីភ្នំពេញហើយនោះ ក្រុមការងាររបស់កងទ័ពក៏ទទួលបានបទបញ្ជាថ្មីចុះទៅចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានាផងដែរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះថា ការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ នៅអតីតតំបន់ក្រហមក្នុងខណ្ឌទាំង៦ ក្នុងរាជធានីភ្នំពេញ នឹងបិទបញ្ចប់ទាំងដូសទី១ និងទី២នៅថ្ងៃទី២០ ខែមិថុនា។ ប្រតិបត្តិការជិតពីរខែនេះ កងទ័ពចាក់ជូនប្រជាពលរដ្ឋបានចំនួន ៩៩៣,៩០២នាក់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងដែរថា ក្រោយពេលបិទបញ្ចប់ប្រតិបត្តិការនៅក្នុងរាជធានីភ្នំពេញកងទ័ពនឹងចេញប្រតិបត្តិការនៅតាមបណ្តាខេត្តបន្តទៀត ដោយសហការជាមួយមន្ទីរសុខាភិបាលខេត្ត។ បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បណ្តាខេត្តដែលកងទ័ពទទួលបានបញ្ជាចុះទៅប្រតិបត្តិការជាបន្តនោះ រួមមានខេត្តព្រះសីហនុ កំពង់ស្ពឺ តាកែវ កំពង់ចាម និងស្វាយរៀង។

មេទ័ពដែលទទួលបន្ទុកលើការងារដឹកនាំប្រតិបត្តិការចាក់វ៉ាក់សាំងរូបនេះ បានឱ្យដឹងថា ប្រជាពលរដ្ឋមុខសញ្ញាដែលនឹងត្រូវចាក់ក្នុងខេត្តទាំង៥នេះ មានចំនួន ១,២៤០,៤១២នាក់ ហើយកងទ័ពត្រូវទទួលភារកិច្ចចាក់ជាង ៨៣ម៉ឺននាក់។

បើតាមផែនការប្រតិបត្តិការចុះចាក់វ៉ាក់សាំងនៅតាមបណ្តាខេត្តអាចនឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែមិថុនា បន្ទាប់ពីការទទួលបានវ៉ាក់សាំងពីប្រទេសចិនបន្ថែមទៀតនៅថ្ងៃទី១៩ ខែមិថុនា។ ការចាក់នេះ នឹងធ្វើជាជំហានៗដោយអនុលោមតាមចំនួនវ៉ាក់សាំង។ ខេត្តដែលនឹងចាប់ផ្តើមមុនគេ គឺខេត្តព្រះសីហនុ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា កងទ័ពទាំងអស់មានការប្តេជ្ញាចិត្តខ្ពស់ក្នុងប្រតិបត្តិការចាក់វ៉ាក់សាំងនេះទោះបីមានការលំបាក ឬនឿយហត់យ៉ាងណាក៏ដោយ ដើម្បីសម្រេចផែនការដែលរាជរដ្ឋាភិបាលដាក់ជូន និងដើម្បីជួយប្រជាពលរដ្ឋឱ្យចៀសផុតពីការវាយប្រហារនៃមេរោគកូវីដ១៩។ «កងទ័ពកើតពីពីប្រជាជន យើងធ្វើការងារទាំងឡាយដើម្បីប្រជាជន។ ការងារចាក់វ៉ាក់សាំងនេះ គឺមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋយើងចៀសផុតពីការយាយីនៃជំងឺកូវីដ១៩ ដូច្នេះកងទ័ពទាំងអស់មានការប្តេជ្ញាចិត្តខ្ពស់ណាស់។ យើងឃើញហើយថា រយៈពេលជាងមួយខែនេះ កងទ័ពយើងធ្វើប្រតិបត្តិការអត់មានឈប់សម្រាកទេ។ ទោះយើងលំបាក យើងនឿយហត់ តែពួកយើងរីករាយជាមួយប្រតិបត្តិការដ៏មានសារសំខាន់សម្រាប់ជាតិ និងប្រជាជនរបស់យើងនេះ»។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ គូសបញ្ជាក់។

លោក ឥត សារ៉ាត់ បន្តថា «សម្រាប់ប្រតិបត្តិការថ្មីនេះ កងទ័ពយើងនៅតែតាំងចិត្តខ្ពស់ក្នុងការបំពេញការងារប្រកបដោយទំនួលខុសត្រូវខ្ពស់បំផុត ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យសម្រេចតាមផែនការដែលរាជរដ្ឋាភិបាលប្រគល់ជូន»។ ក្នុងប្រតិបត្តិការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនាពេលកន្លងទៅ ជាពិសេសនៅអតីតតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ក្រុមការងារកងទ័ពទទួលបានការវាយតម្លៃ និងកោតសរសើរពីប្រជាពលរដ្ឋថា ចាក់បានលឿនជាមួយស្មារតីទទួលខុសត្រូវខ្ពស់ និងមានឥរិយាបថល្អជាមួយប្រជាពលរដ្ឋដែលទៅចាក់វ៉ាក់សាំង។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បានលើកឡើងថា ក្រុមការងារកងទ័ពបានចូលរួមចំណែកយ៉ាងសំខាន់លើការងារចាក់វ៉ាក់សាំងនេះ។ លោកស្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រតិបត្តិការចាក់វ៉ាក់សាំងនាពេលកន្លងមកនេះ។

លោកស្រី ឱ វណ្ណឌីន បានថ្លែងអំណរគុណដល់ក្រុមការងារចាក់វ៉ាក់សាំងមកពីក្រសួងការពារជាតិ និងបណ្តាអង្គភាពទាំងអស់ ដែលបានប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់លើការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះ។

ជាមួយនឹងការទទួលបានភារកិច្ចថ្មី នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានស្នើដល់ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិទាំងអស់ បន្តប្រកាន់ស្មារតីទទួលខុសត្រូវលើការងារចាក់វ៉ាក់សាំងនេះ ចាក់ឱ្យបានត្រឹមត្រូវទៅតាមបច្ចេកទេស និងត្រូវមានកិច្ចសហការឱ្យបានល្អជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យការចាក់វ៉ាក់សាំងនៅតាមខេត្តទទួលបានជោគជ័យតាមការគ្រោងទុក៕​ ផ្តល់សិទ្ធិដោយ៖ freshnews