Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    បណ្ឌិត សុខ ទូច បន្ទោសឪពុកម្តាយ ដែលបញ្ជូនកូនតូចទៅរៀនសាលាបរទេស នាំឱ្យទទួលឥទ្ធិពលបរទេស មិនចូលចិត្តវប្បធម៌ខ្មែរ ចរិតជាជនបរទេស អត់គោរពឪពុកម្តាយ និងស្រលាញ់ជាតិឯង

    BY Khmerpress April 30, 2024
    បណ្ឌិត សុខ ទូច បន្ទោសឪពុកម្តាយ ដែលបញ្ជូនកូនតូចទៅរៀនសាលាបរទេស នាំឱ្យទទួលឥទ្ធិពលបរទេស មិនចូលចិត្តវប្បធម៌ខ្មែរ ចរិតជាជនបរទេស អត់គោរពឪពុកម្តាយ និងស្រលាញ់ជាតិឯង

    (ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបន្ទោសឪពុកម្តាយ ដែលបញ្ជូនកូនតូចទៅរៀននៅសាលាបរទេស នាំឱ្យពួកគេទទួលឥទ្ធិពលបរទេសតាំងពីតូច ដោយធ្វើឱ្យពួកគេមិនចូលចិត្តវប្បធម៌ខ្មែរ មានចរិតជាជនបរទេស អត់គោរពឪពុកម្តាយ និងអត់ស្រលាញ់ជាតិឯង។

    លោកបណ្ឌិតសភាចារ្យ ថ្លែងបែបនេះ ក្នុងកិច្ចពិភាក្សាតុមូលស្តីពី៖ «ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា» នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា។

    លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់យ៉ាងដូច្នេះថា «យើងណា! ចាំណា! ឃើញកូនយើងតូច និយាយភាសាអង់គ្លេសបានល្អ មោទនភាពណាស់។ ឱ្យកូនរៀនសាលាបរទេស តែមិនស្គាល់វប្បធម៌ខ្មែរ ហើយ (និយាយថា) មោទនភាពជាខ្មែរ។ ប្រទេសណាមានអីចឹង? គេឱ្យរៀនសាលាខ្មែរសិន ចាំធំឡើង ពេលវាចប់ថ្នាក់ទី១២ បានវាគេរុញទៅសាលាបរទេស ដើម្បីឱ្យវាជ្រាបចូលក្នុងឈាមខ្មែរសិន។ បើយើងអត់ឱ្យបានជ្រាបផង យើងរុញទៅ ដល់កូនមកវាធ្វើចរិតបរទេស ថាយីអានេះមើលងាយម៉ែអញ។ មើលងាយយ៉ាងម៉េច បើលែងកូនឱ្យទៅអីចឹង? គ្រាន់តែប្រាប់ទេណា។ ត្រូវកំណែវិស័យអប់រំ។ កំណែវិស័យអប់រំ មិនមែនកំណែនៅឧត្តមសិក្សាទេ គឺកំណែទម្រង់ពីមត្តេយ្យ។ ចាក់ចូលវប្បធម៌ (ខ្មែរ)​ សិន ឱ្យស្រលាញ់ផលិតផលរបស់យើង ឱ្យកាន់រូបអង្គរវត្ត ឱ្យស្លៀកពាក់ ឱ្យមោទនភាពជាតិខ្មែររបស់យើង។ អាហ្នឹងបានទៅរួច ហើយបើអត់អីចឹងទេ ពិបាកហើយ»

    បើតាមលោកបណ្ឌិតសភាចារ្យ គ្មានប្រទេសណាមួយលើលោក ឱ្យបរទេសបើកសាលា នៅលើទឹកដីខ្លួននោះឡើយ មានតែខ្មែរមួយប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: