ព័ត៌មានជាតិ May 13, 2024

អ្នកនាំពាក្យក្រសួងកសិកម្ម ឯកឧត្តម ឃឹម ហ្វីណង់ ឆ្លើយតបចំពោះរឿងសណ្តែកកួរឡើងថ្លៃ

Khmerpress

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លើយតបចំពោះ«រឿងសណ្តែកកួរឡើងថ្លៃ» បន្ទាប់ពីមានបុរសម្នាក់បានបង្ហោះវីដេអូក្នុងបណ្ដាញសង្គម និយាយទាក់ទងរឿងបន្លែងសណ្តែកកួរឡើងថ្លៃ ដោយក្នុង១គីឡូ តម្លៃ ៤ម៉ឺនរៀល។

តាមរយៈការបង្ហោះរបស់ ឯកឧត្តម ឃឹម ហ្វីណង់ បានឆ្លើយតបចំពោះរឿងសណ្តែកកួរឡើងថ្លៃ យ៉ាងដូច្នេះថា៖ «រឿងសណ្តែកកួរឡើងថ្លៃ» — សូមផ្ញើរជូនប្អូនប្រុសវិមានវិញ៖

– សណ្តែកកួរឡើងថ្លៃទាំងនោះមិនមែនជាសណ្តែកកួរនាំចូលនោះទេ តែជាសណ្តែកកួររបស់បងប្អូនកសិករខ្មែរយើង ដែលនៅសេសសល់តិចតួចពីការខូចខាតដោយសារតែអាកាសធាតុក្តៅខ្លាំងពេក ហើយបានធ្វើឱ្យខូចខាតទិន្នផលពួកគាត់រហូតដល់ទៅ ៨០% ទៅ ៩០%។ កុំថាឡើយតែដំណាំ សូម្បីតែមនុស្សនិងសត្វក៏ធ្លាក់ឈឺពិបាកទ្រាំដែរ។ តាមពិតទៅ យើងមានតែជួយត្រេកអរដល់កសិករយើងទៅវិញទេ ដែលបានថ្លៃល្អហ្នឹងហើយគ្រាន់បានទប់កុំឱ្យសូវខាតនោះ។

– បើសណ្តែកកួរនាំចូលពិតជាមានតម្លៃ ១គីឡូ ៤ម៉ឺនរៀល ហើយសណ្តែកកួរក្នុងស្រុកមិនបាន ៥០០រៀល ដូចប្អូននិយាយមែន ម៉្លេះសមមានអ្នកធ្វើសេដ្ឋីបាត់ទៅហើយ ព្រោះថាកសិករខ្មែរមិនអន់ដល់ថ្នាក់ដាំសណ្តែកកួរមិនបាននោះទេ។ ម្តេចមិនដើរប្រមូលទិញយកទៅលក់នៅផ្សារដើមគរទៅ?!

– គោលការណ៍នៃសេដ្ឋកិច្ចទីផ្សារគឺដូច្នេះឯង តែបរិមាណផ្គត់ផ្គង់ថយចុះភ្លាមៗយ៉ាងគំហុកបែបនេះ ប្រាកដជារុញឱ្យថ្លៃកើនឡើងហើយ តែក៏នៅមិនយូរដែរ តែថ្លៃល្អបែបនេះ ប្រាកដជាមានអ្នកសម្រុកនាំចូលពីក្រៅ និងអ្នកសម្រុកដាំ ហើយវានឹងទាញថ្លៃឱ្យថយចុះវិញមិនខាន។ អ្នកហូបទៀតសោតក៏ប្រហែលនឹងប្តូរទៅហូបអីផ្សេងដែរ ព្រោះមិនមែនមានន័យថាយើងអត់ហូបសណ្តែកកួរមិនបានឯណា។

– មិនច្បាស់ថាប្អូនយល់ច្រលំ ឬចង់បំពុលទេ តែការនិយាយរបស់ប្អូនពិតជាធ្វើឱ្យមានការយល់ច្រលំដល់សាធារណៈជន ស្រួលមិនស្រួល នាំឱ្យកសិករផ្អើលនាំគ្នាដាំសណ្តែកកួរដោយរំពឹងថានឹងបានថ្លៃ ហើយនាំឱ្យពួកគាត់ខាតទៀតផង។

ឯកឧត្តម ឃឹម ហ្វីណង់ បានបន្ថែមថា ក្រសួងកសិកម្មពិតជាមានការងារច្រើនដែលត្រូវធ្វើ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនកសិករយើង នៅក្នុងកាលៈទេសៈដែលការប្រែប្រួលអាកាសធាតុកំពុងតែជះឥទ្ធិពលយ៉ាងខ្លាំងមកលើផលដំណាំរបស់ពួកគាត់។ យើងទាំងអស់គ្នាគួរណាស់តែជួយចូលរួមរកវិធីដោះស្រាយ មិនមែនប្រឹងផ្សព្វផ្សាយឱ្យរឹតតែច្របូកប្របល់នោះទេ។ សង្ឃឹមថាប្អូនវិមាននឹងធ្វើការកែតម្រូវកំហុសមួយនេះ ៕ ប្រភព៖ ឯកឧត្តម ឃឹម ហ្វីណង់ – Khim Finan