Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងកសិកម្ម ស្នើដល់ម្ចាស់ផេកមួយចំនួន បញ្ឈប់នូវការផ្សាយព័ត៌មានមិនពិតបំពុលសង្គមតទៅទៀត

    BY Khmerpress May 15, 2024
    អ្នកនាំពាក្យក្រសួងកសិកម្ម ស្នើដល់ម្ចាស់ផេកមួយចំនួន បញ្ឈប់នូវការផ្សាយព័ត៌មានមិនពិតបំពុលសង្គមតទៅទៀត

    (ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើសុំដល់ម្ចាស់ផេកមួយចំនួន បញ្ឈប់នូវការផ្សាយព័ត៌មានមិនពិតបំពុលសង្គមតទៅទៀត ដើម្បីបង្កើតជាលំហវិជ្ជមានសម្រាប់យើងទាំងអស់គ្នា។

    កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ មានគណនីហ្វេកប៊ុកផេកចំនួន០២ ដែលមានឈ្មោះ Moha Share និងឈ្មោះ Sakoun Sok បានបង្ហោះរូបភាពចម្ការឪឡឹកប៉ុន្មានសន្លឹកដែលមានប្រភពពីវៀតណាម ដោយភ្ជាប់ជាមួយសំណេរមានខ្លឹមសារធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំពី ទីផ្សារផ្លែឪឡឹកនៅក្នុងស្រុក។​

    តាមរយៈបណ្តាញសង្គម នៅថ្ងៃទី១៥ ខែឧសភានេះ លោក ឃឹម ហ្វីណង់ បានលើកឡើងថា៖ «ទង្វើបែបនេះមិនបានជួយដល់វិស័យកសិកម្មនោះទេ ការយករូបភាពចាស់ៗពីកន្លែងដទៃមកប្រឌិតជាសាច់រឿងដើម្បីវាយប្រហារ ឬបំភ្លៃជាព័ត៌មាន គ្រាន់តែដើម្បីឱ្យគេLikes គេ Shares និងចាប់អារម្មណ៍ពីខ្លួនឯង ប្រៀបបាននឹងការយកកសិកររបស់យើងមកលេងសើចយ៉ាងដូច្នេះដែរ»

    ទន្ទឹមនឹងនេះ លោកបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះទីផ្សារផ្លែឪឡឹកក្នុងស្រុកមិនមានបញ្ហានោះទេ ហើយរូបភាពដែលយកមកផុសទាំងនោះគឺជារូបភាពពីប្រទេសវៀតណាមតាំងពីឆ្នាំ២០១៤ និងឆ្នាំ២០២០ ដែលត្រូវបានយកមកកាត់ត ដើម្បីផ្សព្វផ្សាយបំពុលធ្វើឱ្យយើងទាំងអស់គ្នាជឿ ហើយនាំគ្នាចែករំលែកបន្តគ្នាទាំងមិនដឹងខ្លួន នេះមិនមែនជាលើកទី១នោះទេ ហើយក៏មិនខុសអ្វីពីករណីផ្សព្វផ្សាយផ្ទុយពីការពិតថា សណ្តែកកួរឡើងថ្លៃគឺជាសណ្តែកកួរនាំចូលមកពីក្រៅ ក្នុងពេលដែលយើងគួរតែសាទរដល់កសិករក្នុងស្រុករបស់យើង ដែលទទួលបានថ្លៃកសិផលសមរម្យទៅវិញទេ។

    លើសពីនេះ លោក ឃឹម ហ្វីណង់ បានសង្កត់ធ្ងន់ថា យើងត្រូវការព័ត៌មានពិតដើម្បីជួយដោះស្រាយទុក្ខលំបាករបស់កសិករ តែមិនមែនព័ត៌មានបែបបំពុល ដែលផុសដើម្បីតែប្រជាប្រិយភាពរបស់ផេកខ្លួនឯងនោះទេ។

    លោកមានសង្ឃឹមថា សាធារណជននឹងជួយ block, unfollow, report ផេកបែបនេះ និងជួយនាំគ្នាលាងសម្អាតបណ្តាញសង្គមរបស់កម្ពុជា ដើម្បីបង្កើតជាលំហវិជ្ជមានសម្រាប់យើងទាំងអស់គ្នា និងបន្តជួយគាំទ្រកសិផលក្នុងស្រុកបន្ថែមទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: