Apple និង Google កំពុងរងការផាកពិន័យនៅប្រទេសកូរ៉េខាងត្បូង
(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple និង Google បានរងការផាកពិន័យនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយគណៈកម្មការទំនាក់ទំនងកូរ៉េ (KCC) បានបញ្ជាឱ្យ Apple បង់ប្រាក់ពិន័យប្រមាណ ២១០លានវ៉ុន (ប្រហែល ១៥៣,០០០ដុល្លារ) ខណៈ Google ត្រូវរងពិន័យតិចជាងប្រមាណ ៣លានវ៉ុន ឬប្រហែល ២,១៧៩ដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយ Apple Insider។

ជុំវិញការផាកពិន័យនេះ បើយោងតាមរបាយការណ៍ចេញផ្សាយបានបង្ហាញថា ទាំង Apple និង Google បានរំលោភលើប្រការមួយទាក់ទងនឹងការលាតត្រដាងគោលការណ៍ស្តីពីទិន្នន័យទីតាំង និងទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់នៅកូរ៉េខាងត្បូង។ ក្រុមហ៊ុនទាំងពីរនេះ បានប្រមូលទិន្នន័យទាំងនោះដោយគ្នានការយល់ព្រមពីអ្នកប្រើប្រាស់នោះឡើយ។
យ៉ាងណាមិញជុំវិញហេតុផលជាក់លាក់ដែល Apple ត្រូវពិន័យលើសពី Google បើទោះបីជាស្ថិតក្នុងលក្ខណ្ឌប្រមូលទិន្នន័យអ្នកប្រើប្រាស់ដូចគ្នាក៏ដោយនោះ នៅមិនទាន់មានព័ត៌មានផ្លូវការណាមួយអាចបញ្ជាក់បាននៅឡើយនោះទេ។ ជាទូទៅ Apple ត្រូវបានគេមើលឃើញថាជាក្រុមហ៊ុនដែលផ្តោតលើភាពឯកជន ខណៈដែល Google បានប្រឈមមុខនឹងការត្រួតពិនិត្យបន្ថែមទៀតលើបញ្ហាឯកជនភាពនេះនាពេលកន្លងមក។
ប្រធាន KCC លោក Kim Hong-il បានបញ្ជាក់ថា «ព័ត៌មានទីតាំងគឺជាធនធានដ៏សំខាន់ក្នុងការកែលម្អភាពងាយស្រួលរបស់អ្នកប្រើប្រាស់ និងជាមូលដ្ឋានគ្រឹះសម្រាប់ការរីកចម្រើននៃឧស្សាហកម្មច្នៃប្រឌិត ប៉ុន្តែភាពឯកជន និងសុវត្ថិភាពក៏ត្រូវតែគិតផងដែរ»។
គួរជម្រាបថា Google និង Apple មិនមែនជាក្រុមហ៊ុនតែមួយគត់ដែលរងផលប៉ះពាល់ដោយការផាកពិន័យនោះទេ។ គណៈកម្មការនេះ បានដាក់ពិន័យលើក្រុមហ៊ុនប្រមាណ ១៨៨រួចមកហើយ រួមទាំងក្រុមហ៊ុន Google និង Apple ជុំវិញការបំពានច្បាប់ស្តីពីការការពារ និងការប្រើប្រាស់ព័ត៌មានទីតាំង នេះបើតាមការឱ្យដឹងពីកាសែត The Korea Times ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News



