ព័ត៌មានជាតិ April 16, 2021

សម្តេចតេជោ ហ៊ុន សែន៖ បើការបិទខ្ទប់រយៈពេល១៤ថ្ងៃ ការឆ្លងមិនស្រកស្រុតនោះទេ សម្តេចនឹងពន្យារពេលបិទខ្ទប់បន្តទៀត

Khmerpress

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានដាក់ចេញបទបញ្ជាឱ្យអាជ្ញាធរ និងសមត្ថកិច្ច ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតក្នុងការអនុវត្តន៍វិធានការបិទខ្ទប់ ដោយមិនត្រូវឱ្យប្រជាពលរដ្ឋបន្តធ្វើចរាចរប្រសេច ប្រសាចទៀតនោះទេ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា បើការបិទខ្ទប់រយៈពេល ១៤ថ្ងៃក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មិនមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការចម្លងជំងឺទេនោះ សម្តេចនឹងបន្តពន្យារពេលបិទខ្ទប់រហូតដល់ ២៨ថ្ងៃ ឬយូរយ៉ាងនេះ។

ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការកត់សម្គាល់ថា ក្នុងរយៈពេលនៃការបិទខ្ទប់រាជធានី និងក្រុងតាខ្មៅរយៈពេលពីរថ្ងៃកន្លងទៅនេះ នៅតែមានមនុស្សធ្វើចរាចរប្រសេចប្រសាច់ និងមានការកកស្ទះនៅតាមគោលដៅត្រួតពិនិត្យនីមួយៗ។ សម្តេចតេជោ បានចោទសួរថា តើពួកគេធ្វើដំណើរទៅណា? សម្តេចតេជោ បានបញ្ជាក់ក្នុងសារសំឡេងនេះ ពេលវេលានេះមិនថា អ្នកធំ អ្នកតូច អ្នកមាន អ្នកក្រ នៅផ្ទះណា គឺនៅផ្ទះនោះ នៅភូមិណា គឺនៅភូមិនោះ គឺសម្តៅទប់ស្កាត់កុំឱ្យមានការចម្លងពីផ្ទះមួយទៅផ្ទះមួយ ពីភូមិមួយ ទៅភូមិមួយ ពីកន្លែងមួយទៅទីកន្លែងមួយ។

សម្តេចតេជោ បានថ្លែងបញ្ជាយ៉ាងដូច្នេះ «សូមឱ្យអាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាល អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុត ហើយខេត្តដែលបានប្រកាសដាក់តំបន់នេះ តំបន់នោះ ទៅជាតំបន់បិទខ្ទប់ ក៏ត្រូវតែពង្រឹងការអនុវត្តច្បាប់ដោយគ្មានការលើកលែង បើមិនដូច្នោះទេនឹងប្រឈមបញ្ហាគ្រប់គ្រងដែលមិនអាចត្រួតត្រាបាន ហើយត្រូវអូសបន្លាយនៃការអនុវត្តន៍ការបិទខ្ទប់មិនមែន១៤ថ្ងៃទេ អាចឈានទៅដល់២៨ថ្ងៃ ឬអាចឈានទៅលើសពីនេះ ដូចប្រទេសមួយចំនួនបាននិងកំពុងធ្វើការអូសបន្លាយបិទប្រទេស ឬបិទរដ្ឋធានីជាដើម»។សម្តេចតេជោ បានបញ្ជាក់បន្ថែមថា «កម្ពុជា បានត្រៀមខ្លួនក្នុងការអូសបន្លាយបន្តទៅទៀត ក្នុងករណីប្រសិទ្ធមានកម្រិតទាប យើងគ្មានជម្រើសក្រៅពីការបិទខ្ទប់នោះទេ នោះហើយដែលនាំដល់ហានិភ័យ។ សូមកុំឱ្យមនុស្សម្នាក់ ពីរនាក់ បួន ដប់នាក់ បំផ្លាញមនុស្សរាប់រយ រាប់លាននាក់»

ក្នុងសារសំឡេងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យពិនិត្យមើលផងដែរ កុំឱ្យមានការប្រើលេស ដែលជាករណីអនុគ្រោះសម្រាប់ការធ្វើដំណើរ ដើម្បីធ្វើចរាចរក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ សម្តេចតេជោ ក៏បានស្នើឱ្យពិនិត្យផងដែរ ចំពោះការលួចដឹកជញ្ជូនមនុស្សសម្រាប់ការធ្វើដំណើរចេញពីរាជធានីភ្នំពេញ តាមរយៈរថយន្តដឹកទំនិញ រថយន្តអ្នកនេះ អ្នកនោះ ឬរថយន្តពេទ្យជាដើម។ជាថ្មីម្តងទៀត សម្តេចតេជោ បានទទូចដល់ប្រជាពលរដ្ឋគ្រប់រូបរួមគ្នា ក្នុងការទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ និងជម្នះការលំបាករបស់ជាតិនាពេលនេះ។ សម្តេចតេជោ បានអំពាវនាវយ៉ាងដូច្នេះ «សូមបងប្អូនខិតខំធ្វើឱ្យប្រទេសជាតិរបស់យើងវិលត្រឡប់ទៅក្នុងស្ថានភាពដើមវិញ។ បើមិនដូច្នេះទេ បញ្ហានៅតែបន្តកើតឡើង ដែលនោះគឺជារឿងលំបាកសម្រាប់ប្រទេសជាតិយើងទាំងមូល»។សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកផងដែរថា ដល់សមត្ថកិច្ចឈរជើងនៅតាមគោលដៅនីមួយៗ ឱ្យប្រយ័ត្នប្រយែងការឆ្លងជំងឺ ជាពិសេសត្រូវអនុវត្តវិធានរក្សាគម្លាត។

នៅយប់ថ្ងៃទី១៤ ខែមេសា រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដោយហាមមិនឱ្យប្រជាពលរដ្ឋចេញពីផ្ទះ ឬកន្លែងស្នាក់នៅនោះឡើយ និងផ្អាកដំណើរការអាជីវកម្មជាច្រើន។ តែត្រូវបានលើកលែងក្នុងសម្រាប់ការធ្វើដំណើរចាំបាច់ ដោយមានការបញ្ជាក់ច្បាស់លាស់ និងអាជីវកម្មចាំបាច់ទាក់ទងស្បៀងអាហារ ក៏ត្រូវបានអនុញ្ញាតផងដែរ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបិទខ្ទប់នេះ មិនបានធ្វើដើម្បីសម្លាប់ប្រជាពលរដ្ឋនោះទេ ហើយអាជ្ញាធរ ក៏បានត្រៀមជួយដល់ប្រជាពលរដ្ឋក្រីក្រខ្លាំងផងដែរ។ សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «យើងមិនខ្ទប់ ដើម្បីសម្លាប់ប្រជាពលរដ្ឋនោះទេ ហើយអាជ្ញាធរក្រុង ក៏បានត្រៀមដើម្បីរៀបចំធ្វើសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋដែលក្រីក្របំផុត»។ ផ្តល់សិទ្ធិដោយ៖ Freshnews