ព័ត៌មានអន្តរជាតិ July 9, 2024

John Cena ប្រកាសចូលនិវត្តន៍ ពីកីឡាកាស បន្ទាប់ពីចប់រដូវកាលឆ្នាំ២០២៥

Liny Chan

(តូរុនតូ)៖ John Cena បានប្រកាសថា លោកនឹងចូលនិវត្តន៍ពីកីឡាចំបាប់អាជីព (កីឡាកាស) នៅឆ្នាំក្រោយ ក្រោយចំណាយរយៈពេល ២ទសវត្សរ៍នៅលើសង្វៀន។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤។

ពីកីឡករចំបាប់ ក្លាយជាតារាសម្តែងរូបនេះ បានប្រកាសនៅកីឡដ្ឋាន World Wrestling Entertainment ក្នុងទីក្រុង Toronto ថា ឆ្នាំ២០២៥ នឹងជាការប្រកួតលើកចុងក្រោយរបស់លោក។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីការប្រកួត Cena បានប្រាប់អ្នកសារព័ត៌មានថា លោក​មានអារម្មណ៍ថា មានបញ្ហារាងកាយ «នៅពេលចុងក្រោយរបស់ខ្ញុំ» ប៉ុន្តែវាមិនមានន័យថា លោកត្រូវឃ្លាតឆ្ងាយពីកីឡា ដែលលោកស្រឡាញ់នោះទេ។

​Cena ជាម្ចាស់ពានរង្វាន់ជើងឯក WWE ចំនួន ១៦លើក ដោយបានផ្ទុះការគាំទ្រខ្លាំង នៅដើមឆ្នាំ២០០០។

សម្រាប់អាជីពតារាសម្តែងវិញ Cena បានដើរតួក្នុងរឿង Blockers និងរឿង The Suicide Squad។ ជាមួយគ្នានោះ លោកក៏បានសម្តែងច្រើនលើកក្នុងរឿង Fast & Furious ហើយថ្មីៗនេះ ក៏បានសម្តែងក្នុងរឿង Argylle និងរឿង Barbie ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News