Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន ថាអាចនឹងពិចារណាដកខ្លួនពីការប្រកួត ប្រសិនបើគ្រូពេទ្យប្រាប់ថាមានបញ្ហាសុខភាព

BY Liny Chan July 18, 2024
លោក ចូ បៃដិន ថាអាចនឹងពិចារណាដកខ្លួនពីការប្រកួត ប្រសិនបើគ្រូពេទ្យប្រាប់ថាមានបញ្ហាសុខភាព

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាលោកនឹងពិចារណាឡើងវិញពីការដកខ្លួនចេញពីការប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខ ប្រសិនបើក្រុមគ្រូពេទ្យប្រាប់ថារូបលោកមានបញ្ហាសុខភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក បៃដិន ធ្វើការកត់សម្គាល់បែបនេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BET News ដែលត្រូវបានថតកាលពីថ្ងៃអង្គារ និងចេញផ្សាយកាលពីថ្ងៃពុធ ទី១៧ ខែកក្កដា។ នៅពេល ត្រូវបានសាកសួរថាតើមានលក្ខខណ្ឌអ្វីដែលអាចជំរុញឱ្យលោកពិចារណាដកខ្លួនពីការប្រកួត លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើខ្ញុំមានបញ្ហាសុខភាពណាមួយ ហើយ ប្រសិនបើក្រុមគ្រូពេទ្យប្រាប់ខ្ញុំថាខ្ញុំពិតមានបញ្ហាសុខភាពប្រាកដមែន»

នេះគឺជាលើកទី១ដែលលោក បៃដិន បាននិយាយដោយបើកចំហពីបញ្ហាដែលអាចបង្ខំឱ្យលោកពិចារណាឡើងវិញពីការដកខ្លួនចេញពីការប្រកួត។ លោក បៃដិន នៅក្នុងកិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍ ABC News មួយសប្ដាហ៍ក្រោយធ្វើមិនបានល្អក្នុងវេទិកាតស៊ូមតិជាមួយលោក ដូណាល់ ត្រាំ កាលពីចុងខែមិថុនា បានច្រានចោលការអំពាវនាវឱ្យលោកដកខ្លួន ដោយនិយាយថាមានតែព្រះទេដែលអាចបង្ខំឱ្យរូបលោកដកខ្លួនពីការប្រកួត។ ជាថ្មីម្ដងទៀត កាលពីសប្ដាហ៍មុន លោកបានថ្លែងនៅក្នុងសនិ្នសីទសារព័ត៌មានជាមួយការសង្កត់ធ្ងន់ថា លោកអាចនឹងបោះបង់ចោលការប្រកួត ប្រសិនបើមន្ត្រីជំនិតរបស់លោកបង្ហាញភស្តុតាងថាលោកនឹងមិនអាចយកឈ្នះលោក ដូណាល់ ត្រាំ នៅខែវិច្ឆិកាខាងមុខបានទេ។

គួរបញ្ជាក់ថា បទសម្ភាសន៍របស់លោក ចូ បៃដិន ជាមួយ BET News ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ មុននឹងលោក ចូ បៃដិន ត្រូវបានសេតវិមានបញ្ជាក់ថាបានឆ្លងកូវីដ១៩ អំឡុង ធ្វើដំណើរទស្សនកិច្ចមួយទៅកាន់ទីក្រុង Las Vegas កាលពីថ្ងៃពុធ ទី១៧ ខែកក្កដា។ លោកមានរោគសញ្ញាស្រាល ហើយកំពុងធ្វើចត្តាឡីស័កនៅផ្ទះរបស់លោកក្នុងរដ្ឋ Delaware និងបន្តធ្វើកិច្ចការជាធម្មតាពីចម្ងាយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: