មានតែប្រធានក្រុមប៉ុណ្ណោះ ដែលអាចនិយាយជាមួយអាជ្ញាកណ្ដាលបាននៅ Olympics
(ប៉ារីស)៖ មានតែប្រធានក្រុមប៉ុណ្ណោះ ដែលនឹងអនុញ្ញាតឲ្យនិយាយ និងពិភាក្សាចំពោះការសម្រេចជាមួយនឹងអាជ្ញាកណ្ដាល នៅអំឡុងពេលប្រកួត នៃព្រឹតិ្តការណ៍កីឡា Olympics។ នេះបើយោងតាមស្ថាប័ន FIFA បានលើកឡើងនៅថ្ងៃពុធ បន្ទាប់ពីការអនុវត្តជាលើកដំបូង នៃច្បាប់នេះនៅព្រឹត្តិការណ៍ European Championship កាលពីខែមុន។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។

FIFA កំពុងលើកទឹកចិត្តដល់ការអនុម័តវិធានការដោយអ្នករៀបចំការប្រកួតនៅទូទាំងពិភពលោក បន្ទាប់ពីស្ថាប័ន UEFA បានពង្រីកវិធីសាស្ត្រថ្មី ចំពោះការប្រកួតទាំងអស់របស់ពួកគេ ក្នុងគោលបំណងសម្រួលដល់ការទំនាក់ទំនង ឲ្យកាន់តែមានភាពច្បាស់លាស់។
ប្រធាន FIFA លោក Gianni Infantino បានលើកឡើងថា ការអនុវត្តវិធានការអនុញ្ញាតឲ្យតែប្រធានក្រុម គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការថែរក្សាស្មារតីកីឡាបាល់ទាត់ និងការពារអ្នកដែលគោរពច្បាប់របស់ខ្លួន។
ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកនេះបានបញ្ជាក់ថា ពួកគេនឹងបន្តតាមដាន នូវផលប៉ះពាល់នៃការអនុវត្តច្បាប់ អនុញ្ញាតឲ្យតែប្រធានក្រុម និយាយជាមួយនឹងអាជ្ញាកណ្ដាលនេះ។
សូមជម្រាបថា ការប្រកួតបាល់ទាត់ នៅព្រឹត្តិការណ៍ Olympic បានចាប់ផ្ដើមនៅថ្ងៃពុធ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


