រដ្ឋាភិបាលរុស្ស៊ីព្រមាន YouTube ប្រសិនបើមិនព្រមគោរពតាមច្បាប់ក្នុងស្រុកទេ ចំនួនអ្នកប្រើប្រាស់នៅក្នុងសប្តាហ៍នេះអាចបាត់ដល់ទៅ ៤០ភាគរយ
(បរទេស)៖ សមាជិកសភាជាន់ខ្ពស់របស់ប្រទេសរុស្ស៊ី លោក Alexander Khinshtein បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ចំនួនអ្នកប្រើប្រាស់ YouTube នៅលើកុំព្យូទ័រលើតុ (desktop) នៅក្នុងប្រទេសរុស្ស៊ីប្រឈមមុខនឹងការថយចុះប្រហែល ៤០ភាគរយក្នុងសប្តាហ៍នេះ និងរហូតដល់ ៧០ភាគរយនៅសប្តាហ៍បន្ទាប់។ វិធានការនេះ គឺជាផ្នែកមួយដើម្បីដាក់សម្ពាធលើ YouTube ឱ្យស្ដារ channel រុស្ស៊ីដែលបានបិទឡើងវិញ និងគោរពតាមបទប្បញ្ញត្តិរបស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។

លោក Alexander Khinshtein ប្រធានគណៈកម្មាធិការគោលនយោបាយ ព័ត៌មានរដ្ឋឌូម៉ា បានបញ្ជាក់យ៉ាងច្បាស់ថា ការធ្លាក់ចុះចំនួនអ្នកប្រើប្រាស់នេះមិនមែនសំដៅលើការដាក់ទណ្ឌកម្មអ្នកប្រើប្រាស់រុស្ស៊ីនោះទេ ប៉ុន្តែផ្ទុយទៅវិញជាយុទ្ធសាស្រ្តប្រឆាំងនឹងរដ្ឋបាលរបស់ YouTube ដែលរដ្ឋាភិបាលរុស្ស៊ីចោទប្រកាន់ថាមិនអើពើនឹងច្បាប់ក្នុងស្រុក។ លោកបានសង្កត់ធ្ងន់ថា សកម្មភាពនេះគឺជាការឆ្លើយតបទៅនឹងការមិនយកចិត្តទុកដាក់របស់ YouTube សម្រាប់ច្បាប់រុស្ស៊ី និងការបរាជ័យរបស់ខ្លួនក្នុងការស្តារបណ្តាញរុស្ស៊ីដែលត្រូវបានរារាំងឡើងវិញ។
លោក Khinshtein បានព្រមានថា ប្រសិនបើ YouTube មិនផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនទេ កុំរំពឹងថាមានអ្វីល្អនៅក្នុងប្រទេសរុស្ស៊ី។ ភាពតានតឹង ដែលកំពុងបន្តរបស់វិមានក្រឹមឡាំងជាមួយ Google ដែលជាក្រុមហ៊ុនមេរបស់ YouTube ត្រូវបានចាក់ឫសចេញពីការដកចេញនូវខ្លឹមសារដែលផ្ទុយនឹងការនិទានរឿងរបស់រដ្ឋាភិបាល ជាពិសេសទាក់ទងនឹងជម្លោះអ៊ុយក្រែន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News








