Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ វិស័យទេសចរណ៍ បានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប ប្រមាណ ៧,៥%

    BY Liny Chan July 26, 2024
    មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ វិស័យទេសចរណ៍ បានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប ប្រមាណ ៧,៥%

    (ភ្នំពេញ)៖ លោក ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានថ្លែងថា វិស័យទេសចរណ៍ បានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ ៧,៥%។ លោកថ្លែងបែបនេះ ក្នុងឱកាសតំណាងលោក សុខ សូកេន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បើកសិក្ខាសាលា ស្ដីពី «ការពង្រឹងសមត្ថភាពមន្រ្ដីជំនាញ និងស្ថិតិទេសចរណ៍» (WORKSHOP ON CAPACITY BUILDING AND TOURISM STATISTICS)។

    បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា អាចវាស់វែងបានតាមរយៈសូចនាករទេសចរណ៍ និងស្ថិតិទេសចរណ៍ផ្លូវការ ឆ្នាំ២០២៣ ដូចមានខាងក្រោម៖

    * ទេសចរអន្តរជាតិ ៥,៤៥ លាននាក់ កើនឡើង ១៣៩,៥%
    * ទេសចរជាតិ ១៨,៧៤ លាននាក់ កើនឡើង ៣៤,៥%
    * ទេសចរជាតិចេញក្រៅ ១,៨២លាននាក់ កើនឡើង ៨៧,៥%
    * មូលដ្ឋានអាជីវកម្មទេសចរណ៍ ១៣៩៦៧អាជ្ញាប័ណ្ណ
    * សេវាកម្មស្នាក់នៅ ៨០១៤៨បន្ទប់
    * ចំណូលទេសចរណ៍អន្តរជាតិ ៣០៨៣ លានដុល្លាអាមេរិក កើនឡើង ១១៧.៩%
    * មុខរបរ និងការងារទេសចរណ៍ ៤៥ម៉ឺននាក់
    * រយៈពេលស្នាក់នៅមធ្យម ៣ថ្ងៃ ២យប់ និងចំណាយមធ្យមទេសចរជាតិម្នាក់ ៥០ ដុល្លាអាមេរិក។

    លោក ហោ សារុន បានឲ្យដឹងដែរថា ជើងហោះហើរអន្តរជាតិចូលមកព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣ សរុប ២២ ១៨២ជើង (ប្រមាណជា៤៧០ជើង/ សប្តាហ៍) ដែលកាលក្នុងគ្រាជំងឺកូវីដ-១៩ ឆ្នាំ២០២១ មានជើងហោះហើរអន្តរជាតិចូលសរុប ២ ១៣៩ជើង តែប៉ុណ្ណោះ។ ដោយឡែក ឆមាសទី១ ឆ្នាំ២០២៤ យើងមានជើងហោះហើរអន្តរជាតិចូលសរុបប្រមាណ ១២ ៣៨៦ជើង (ប្រមាណជា៥០០ជើង/សប្តាហ៍) និងមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣១ក្រុមហ៊ុន កំពុងដំណើរការ ។

    លោកបន្តថា តាមរយៈសូចនាករនេះ វិស័យទេសចរណ៍នៅតែជាវិស័យអាទិភាព និងជាមាសបៃតង។ វិស័យទេសចរណ៍មិនត្រឹមតែបង្កើតនូវកាលានុវត្តភាពការងារ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បង្កើនប្រាក់ចំណូលជាតិ និងបានជួយទប់លំនឹងផ្នែកជញ្ជីងទូទាត់ពាណិជ្ជកម្ម (Balance of Payment – BOP) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសនិងក្នុងស្រុក និងលំហូរចូលនូវរូបិយបណ្ណអន្តរជាតិ។ វិស័យទេសចរណ៍បានចូលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ច សង្គម វប្បធម៌ និងការកាត់បន្ថយនៃការកើនឡើងកម្តៅនៃភពផែនដី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: