ព្យុះទីហ្វុង Gaemi ទៅដល់ភាគអាគ្នេយ៍ប្រទេសចិន ក្រោយបោកបក់លើកោះតៃវ៉ាន់ និងបង្កឱ្យមានទឹកជំនន់នៅហ្វីលីពីន
(ប៉េកាំង)៖ ព្យុះទីហ្វុង Gaemi បានបោកបក់លើទីក្រុងនានា នៃខេត្ត Fujian ឆ្នេរសមុទ្ររបស់ប្រទេសចិន នៅថ្ងៃសុក្រនេះ ជាមួយនិងភ្លៀងធ្លាក់ក៏ដូចជាខ្យល់បក់ខ្លាំង ខណៈព្យុះដ៏មានឥទ្ធិពលបំផុតប្រចាំឆ្នាំមួយនេះ កំពុងរំកិលឆ្ពោះទៅតំបន់ ដែលមានប្រជាជនរស់នៅច្រើន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ ២០២៤។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ចិន Xinhua រាយការណ៍ថា ព្យុះដែលបានឆក់យកជីវិតមនុស្សច្រើននាក់ នៅពេលបោកបក់លើ កោះតៃវ៉ាន់ ហើយបង្កជាភ្លៀងប្រចាំរដូវដ៏អាក្រក់ក្នុងប្រទេសហ្វីលីពីន ឥលូវនេះ បានជះឥទ្ធិពលដល់ប្រជាជនជិត ៦៣០,០០០នាក់ក្នុងខេត្ត Fujian ដោយស្ទើរតែពាក់កណ្តាលនៃពួកគេ ត្រូវផ្លាស់ទីលំនៅ។ Gaemi នៅតែមានកម្លាំងខ្យល់ល្បឿន ១០០.៨គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលដែលមកដល់ទីក្រុង Putian នៃខេត្ត Fujian។ ទោះជាត្រូវចាត់ថ្នាក់ប្តូរមកជាព្យុះត្រូពិក ដោយសារល្បឿនខ្យល់ធ្លាក់ចុះ តែ Gaemi នៅតែបង្កហានិភ័យនៃទឹកជំនន់ ជាពិសេស ទន្លេនៅភាគកណ្តាលនៃប្រទេសចិន ដែលបានហក់ឡើងរួចទៅហើយដោយសារភ្លៀងធ្លាក់កាលពីរដូវក្ដៅ។ តាមការព្យាករ នៅយប់ថ្ងៃសុក្រ Gaemi នឹងទៅដល់ខេត្ត Jiangxi ដែលមានបឹង Poyang ដែលជាបឹងទឹកសាបដ៏ធំបំផុត របស់ប្រទេសចិន។
គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្រ្តព្រមានថា ការឡើងកំដៅផែនដីគឺកាន់តែអាក្រក់ទៅៗ ហើយព្យុះត្រូពិច ទោះជាមិនសូវកើតមានញឹកញាប់ ប៉ុន្តែមានឥទ្ធិពលខ្លាំង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


