ព័ត៌មានជាតិ July 29, 2024

ក្រុមម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយ ៦គ្រឿង នៃព្រឹត្តិការណ៍ World Series 2024 ជុំទី១ នៅប៉ូឡូញ

Liny Chan

(ភ្នំពេញ)៖ ក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្មក្នុងការប្រកួតជុំទី១ នៃព្រឹត្តិការណ៍ WGP#1 WATERJET World Series 2024 នៅទីក្រុង Ostrow Warcki ប្រទេសប៉ូឡូញ ដោយដណ្ដើមបានមេដាយចំនួន ៦គ្រឿង រួមមានមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ២គ្រឿង ។

ព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក នៅទឹកដីអឺរ៉ុប ឆ្នាំនេះ បានប្រព្រឹត្តទៅពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៤ ដោយមានអត្តពលិកខ្លាំងៗជុំវិញពិភពលោកចូលរួម ក្នុងនោះក៏មានវត្តមានក្រុមកីឡាម៉ូតូទឹកកម្ពុជា ៥រូបផងដែរ ដែលដឹកនាំដោយវីរកីឡាករ សាលី អ៊ូមើត និងជាអគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ។

អ្វីដែលពិសេស បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ កីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជាទាំង ៥រូប សុទ្ធតែដណ្ដើមបានមេដាយ ក្នុងនោះមានកីឡាករវ័យក្មេង ដណ្ដើមបានមេដាយមាស ១ លើវិញ្ញាសា Expert Runabout 1100 Super Stock និងកីឡាករ កៃ វ៉ាន់ស៊ីដែន ដណ្ដើមបានមេដាយមាស ១ លើវិញ្ញាសា Novice Ski Stock ។

ចំណែកកីឡាករ សាលី អ៊ូមើត ដណ្ដើមបានមេដាយ ២គ្រឿង គឺមេដាយប្រាក់ ១ លើវិញ្ញាសា Pro AM Runabout 1100 Open និងមេដាយសំរឹទ្ធ ១ លើវិញ្ញាសា Pro Sport GP ។ កីឡាករ ម៉ីន មូសស្ដាន ឈ្នះមេដាយប្រាក់ ១ លើវិញ្ញាសា Novice Runabout 1100 Stock និងកីឡាករ ម៉ីន អូស្មាន់ ឈ្នះមេដាយសំរឹទ្ធ ១ លើវិញ្ញាសា Novice Ski Stock ។

នេះគឺជាលទ្ធផលការប្រកួតជុំទី១ នៃព្រឹត្តិការណ៍ WGP#1 WATERJET World Series 2024 ខណៈនៅសល់ ២ជុំទៀត ដើម្បីកំណត់ស្វែងរកកីឡាករជើងខ្លាំងប្រចាំឆ្នាំ ក្នុងនោះជុំទី២ នឹងប្រកួតនៅសហរដ្ឋអាមេរិក នាខែតុលា និងជុំទី៣ ត្រូវប្រកួតនៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៤ ខាងមុខ ។ បន្ថែមលើនេះ ក៏នឹងមានការប្រកួតជុំផ្ដាច់ព្រ័ត្រជើងឯកអាស៊ី ឆ្នាំ២០២៤ រួមគ្នានៅប្រទេសថៃផងដែរ ។

គួរដឹងថា មុនឈានដល់ការប្រកួតពានរង្វាន់កម្រិតពិភពលោកនេះ កាលពីខែមិថុនាកន្លងទៅ ក្រុមកីឡាម៉ូតូទឹកកម្ពុជា ក៏បានចូលរួមការប្រកួតម៉ូតូទឹកជើងឯកអាស៊ី Jet Ski Asian Championships ឆ្នាំ២០២៤ ជុំទី១ នៅប្រទេសជប៉ុន និងទទួលបានលទ្ធផលយ៉ាងល្អប្រសើរផងដែរ ដោយដណ្ដើមបានមេដាយសរុប ៥គ្រឿង រួមមានមេដាយមាស ៣ ប្រាក់ ១ និងសំរឹទ្ធ ១ ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News