Foxconn ចាប់ផ្តើមផលិតរថយន្តអគ្គិសនីសាកល្បង នៅរោងចក្រក្នុងខេត្ត Zhenzhou ប្រទេសចិន
(បរទេស)៖ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិករបស់តៃវ៉ាន់ Foxconn និងត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ដ៏ធំជាងគេរបស់ Apple បានបោះជំហានឈានមួយកម្រិតទៀតហើយ ក្រោមកិច្ចខិតខំប្រឹងប្រែងទៅផលិតរថយន្តរថយន្តអគ្គិសនី។ ក្រុមហ៊ុននេះ បានប្រកាសនាពេលថ្មីៗនេះថា នឹងចាប់ផ្តើមការផលិតសាកល្បងសម្រាប់រថយន្តអគ្គិសនី និងថ្ម solid-state នៅក្នុងខេត្ត Zhangzhou ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Car News China។

កាលពីសប្តាហ៍មុនក្រុមហ៊ុនមេរបស់ Foxconn គឺ Hon Hai Technology Group បានរាយការណ៍ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្រ្តជាមួយរដ្ឋាភិបាលខេត្ត Henan។ នៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Foxconn នឹងបង្កើតរោងចក្រផលិតសាកល្បងសម្រាប់រថយន្តអគ្គិសនី និងអាគុយប្រភេទ Solid-State ក្នុងតំបន់ Zhangzhou Airport Economic Comprehensive Experimental Zone។ មជ្ឈមណ្ឌលផលិតសាកល្បង EV នេះទៀតសោតគ្រោងនឹងបង្កើតខ្សែសង្វាក់ផលិតកម្មលំដាប់ថ្នាក់ពិភពលោក សម្រាប់រថយន្តថាមពលថ្មី ឬ New Energy Vehicle។
គេបានដឹងថា Foxconn មិនមែនទើបតែបោះជំហ៊ានចូលក្នុងវិស័យរថយន្តអគ្គិសនីនោះទេ ពោលក្រុមហ៊ុននេះបានផ្តើមជំហានដំបូងរបស់ខ្លួនក្នុងអាជីវកម្មរថយន្តនៅដើមឆ្នាំ២០១០មកម្ល៉េះ ដោយកាលនោះ Foxconn បានផ្តល់ឱ្យ Tesla នូវសមាសធាតុដូចជាអេក្រង់គ្រប់គ្រងមុខងារ និងកម្សាន្តក្នុងរថយន្ត Tesla។ ក្រុមហ៊ុន Foxconn បានធ្វើការបង្ហាញគំរូរថយន្តផ្សេងៗគ្នាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែមិនទាន់ដាក់ការផលិតជាក់លាក់ណាមួយនៅឡើយទេ។ ដោយគំរូរថយន្តរបស់ Foxconn ទាំងនោះរួមមាន ប្រភេទរថយន្តក្រុងម៉ាក Model T និងរថយន្តភីកអាប់ Model V ក៏ដូចជា Model C SUV, Model E sedan និង Model B hatchback ជាដើម។
គួរជម្រាបថា កាលពីខែមករា ដើមឆ្នាំ២០២៤ ក្រុមហ៊ុន Foxconn បានបង្កើតក្រុមហ៊ុន NEV នៅក្នុងខេត្ត Henan ជាមួយនឹងដើមទុនចំនួនខ្ទង់ ៦៩លានដុល្លារអាមេរិក។ Foxconn មិនមែនជាក្រុមហ៊ុនថ្មីសម្រាប់ទឹកដីនៃទីក្រុង Zhengzhou នោះទេ ដោយសារតែក្រុមហ៊ុននេះមានប្រតិបត្តិការរោងចក្រផលិតទូរស័ព្ទ iPhone ធំជាងគេរបស់ពិភពលោករួចទៅហើយនៅក្នុងទីក្រុងបច្ចេកវិទ្យាដ៏សំខាន់របស់ប្រទេសចិនមួយនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News








