ព័ត៌មានជាតិ July 30, 2024

ក្រសួងការពារជាតិ៖ ក្រុមការងាររុករក និងសង្គ្រោះមិនទាន់អាចទាន់បញ្ជូនអាកាសយានិកដែលបាត់បង់ជីវិតទាំង ២ តាមឧទ្ធម្ភាគចក្រមកកាន់ទីបញ្ជាការស្រាលបានទេ ដោយសារមេឃកំពុងភ្លៀងខ្លាំងនៅតំបន់នោះ

Liny Chan

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងការពារជាតិ នារសៀលថ្ងៃទី៣០ ខែកក្កដានេះ បានជូនដំណឹងដល់សាធារណៈជនជ្រាបថា ព្រឹកនេះវេលាម៉ោង១០:៣០នាទី ក្រុមការងាររុករក និងសង្រ្គោះ របស់ក្រសួងការពារជាតិ បានរកឃើញសាកសពអាកាសយានិកទី២ គឺអាកាសយានិក ស៊ុន ផល្លា ដែលនៅចម្ងាយ២១០ម៉ែត្រ ពីឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងបេសកកម្មហ្វឹកហ្វឺន នៅចំណុចឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

តាមក្រសួងបានបញ្ជាក់ថា ពេលនេះក្រុមការងាររុករក និងសង្គ្រោះមិនទាន់អាចទាន់បញ្ជូនសាកសពតាមឧទ្ធម្ភាគចក្រមកកាន់ទីបញ្ជាការស្រាលបានទេ ដោយសារមេឃកំពុងភ្លៀងខ្លាំងនៅតំបន់នោះ។

ក្រសួងការពារជាតិ សូមអរគុណ និងកោតសរសើរដល់ ក្រុមការងាររុករក និងសង្រ្គោះ របស់ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងអាកាស កងទ័ពជើងគោក យោធភូមិភាគទី៥ គណៈបញ្ជាការខេត្ត ដែលបានបំពេញភារកិច្ច ក្នុងប្រតិបត្តិការរុករក និងសង្រ្គោះនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានភាពអង់អាច។ ជាមួយការជូនដំណឹងនេះ ក្រសួងការពារជាតិសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព។ ការពលីជីវិតរបស់អាកាសយានិក ទាំង២រូបនេះ គឺជាការបាត់បង់នូវធនធានមនុស្ស របស់កងយោធពលខេមរភូមិន្ទជាពិសេសកងទ័ពជើងអាកាស ដែលគួរឲ្យសោកស្តាយបំផុត៕ ប្រភព៖ ក្រសួងព័ត៌មាន