Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

អង់គ្លេស ប្រាប់ពលរដ្ឋរបស់ខ្លួនឱ្យចាកចេញពីលីបង់ ដោយព្រមានពីភាពតានតឹងនៅតាមព្រំដែន

BY Liny Chan July 31, 2024
អង់គ្លេស ប្រាប់ពលរដ្ឋរបស់ខ្លួនឱ្យចាកចេញពីលីបង់ ដោយព្រមានពីភាពតានតឹងនៅតាមព្រំដែន

(ឡុងដ៏)៖ ចក្រភពអង់គ្លេស កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានជំរុញឱ្យពលរដ្ឋរបស់ខ្លួនដែលកំពុងស្ថិតនៅលីបង់ ចាកចេញពីប្រទេសនេះ ដោយព្រមានថាភាពតានតឹងកាន់តែខ្លាំង នៅតាមព្រំដែនជាមួយអ៉ីស្រាអែល អាចនឹងកើតឡើងភ្លាមៗ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ ២០២៤។

រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក David Lammy បានប្រាប់សភា យ៉ាងដូច្នេះថា «មានការបាញ់ផ្លោងដាក់គ្នាជាញឹកញាប់ និងការវាយប្រហារតាមអាកាស។ ភាពតានតឹងស្ថិតក្នុងកម្រិតខ្ពស់ ហើយស្ថានភាពអាចនឹងប្រែទៅជាគ្រោះថ្នាក់ភ្លាមៗ»។ លោកបានបន្ថែមថា «ខ្ញុំកំពុងធ្វើការជាមួយក្រុមការងារនៃស្ថានកុងស៊ុលនៅបរទេស ដើម្បីធានាថាយើងបានត្រៀមខ្លួនរួចរាល់សម្រាប់គ្រប់សេណារីយ៉ូទាំងអស់។ ប៉ុន្តែបើជម្លោះនោះកាន់តែឡើងកម្តៅ រដ្ឋាភិបាលមិនអាចធានាថានឹងមានលទ្ធភាពជម្លៀសអ្នកគ្រប់គ្នាបានភ្លាមៗទេ ដូច្នេះប្រជាជនទាំងអស់អាចត្រូវបង្ខំឱ្យគេចទៅជម្រកបណ្តោះអាសន្ន»

នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer ក៏បានកោះប្រជុំគណៈកម្មាធិការឆ្លើយតបបន្ទាន់របស់រដ្ឋាភិបាល ដើម្បីពិភាក្សាគ្នាអំពីបញ្ហានេះ ហើយនៅក្នុងកិច្ចប្រជុំនោះ លោក Lammy បានលើកសំណើថា «សាររបស់ខ្ញុំទៅកាន់ពលរដ្ឋអង់គ្លេសនៅលីបង់ គឺសុំឱ្យពួកគាត់ចាកចេញពីទីនោះ»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: