មេធំ Facebook យល់ព្រមបង់ប្រាក់ពិន័យ ១.៤ពាន់លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងនៅរដ្ឋតិចសាស់
(បរទេស)៖ ក្រុមហ៊ុន Meta Platform ដែលជាមេធំរបស់ Facebook ត្រូវបានគេរាយការណ៍មកថា បានយល់ព្រមបង់ប្រាក់ចំនួន ១.៤ពាន់លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងដែលប្តឹងដោយរដ្ឋតិចសាស់ ជុំវិញការប្រើប្រាស់បច្ចេកវិទ្យាសម្គាល់ផ្ទៃមុខរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អគ្គមេធាវីរដ្ឋតិចសាស់លោក Ken Paxton បាននិយាយថា លក្ខខណ្ឌនៃការទូទាត់ដែលបានលាតត្រដាងនៅថ្ងៃអង្គារ គឺជាកិច្ចព្រមព្រៀងដ៏ធំបំផុតដែលមិនធ្លាប់មានដោយរដ្ឋតែមួយ ហើយនឹងត្រូវបង់រយៈ ពេល ៥ឆ្នាំ។ បណ្តឹងនេះ ត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ២០២២ ដោយចោទប្រកាន់ Meta ពីបទបំពានច្បាប់ឯកជនភាពរដ្ឋតិចសាស់ ដោយប្រមូលទិន្នន័យជីវមាត្រពីអ្នកប្រើប្រាស់រាប់លាននាក់ដោយគ្មានការយល់ព្រមពីពួកគេតាមរយៈមុខងារមួយហៅថា «Tag Suggestions» ដែលបានណែនាំក្នុងឆ្នាំ ២០១១។ មុខងារនេះ ប្រើការសម្គាល់មុខដោយស្វ័យប្រវត្តិ ដើម្បីកំណត់អត្តសញ្ញាណបុគ្គលនៅក្នុងរូបថតដែលបានបង្ហោះទៅក្នុង Facebook ចាប់យកកំណត់ត្រានៃផ្ទៃមុខ ដោយមិនមានការជូនដំណឹងដល់អ្នកប្រើប្រាស់ ឬទទួលបានការយល់ព្រមពីពួកគេ ដូចដែលបានទាមទារនៅក្រោមច្បាប់រដ្ឋតិចសាស់នោះទេ។
អ្នកនាំពាក្យក្រុមហ៊ុន Meta បាននិយាយថា ក្រុមហ៊ុនមានសេចក្តីរីករាយក្នុងការដោះស្រាយបញ្ហា ហើយបានបង្ហាញពីផែនការដើម្បីស្វែងរកការវិនិយោគអាជីវកម្មបន្ថែមទៀតនៅក្នុងរដ្ឋតិចសាស់ រួមទាំងលទ្ធភាពនៃការអភិវឌ្ឍន៍មជ្ឈមណ្ឌលទិន្នន័យ។ យ៉ាងណាជុំវិញព័ត៌មានលម្អិតផ្សេងទៀតអ្នកនាំពាក្យបានបដិសេធមិនធ្វើអត្ថាប្បាយនោះទេ។
គួរជម្រាបដែរថា ប្រាក់ពិន័យចំនួន ១.៤ពាន់លានដុល្លារចុងក្រោយនេះ គឺជាកាផាកពិន័យដ៏ធំបំផុត និងលើសពីកំណត់ត្រាមុនមានចំនួន ៦៥០លានដុល្លារ ដែល Meta បានយល់ព្រមបង់ក្នុងករណីស្រដៀងគ្នានៅក្នុងរដ្ឋ lllinois ក្នុងឆ្នាំ២០២១។ ការផាកពិន័យនេះ មិនត្រឹមតែដោះស្រាយការចោទប្រកាន់ទៅលើ Meta ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់គំរូសម្រាប់ការអនុវត្តច្បាប់ឯកជនភាពនាពេលអនាគតនៅក្នុងរដ្ឋតិចសាស់ ព្រមទាំងគំរាមទូទាំងក្រុមហ៊ុនបច្ចេកវិទ្យាដែលមិនគោរពតាមច្បាប់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News







