ព័ត៌មានជាតិ August 1, 2024

និយ័តករទូរគមនាគមន៍កម្ពុជា អំពាវនាវដល់អ្នកប្រើប្រាស់ រាយការណ៍មកលេខទូរស័ព្ទ ៦៧៨៩ ក្នុងករណីលេខទូរស័ព្ទខ្លួន ត្រូវក្រុមហ៊ុនកាត់ផ្ដាច់ដំណើរការ ដែលខុសពីច្បាប់កំណត់

Liny Chan

(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានចេញសេចក្តីជូនដំណឹង ស្តីពី ការកាត់ផ្ដាច់ដំណើរការ និងការដាក់លក់ជាថ្មី នៃលេខទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ និងការកាត់ទឹកប្រាក់ពីគណនី នៃលេខទូរស័ព្ទចល័ត ខុសពីច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា ក្នុងពេលថ្មីៗនេះ និយ័តករទូរគមនាគមន៍កម្ពុជា បានរកឃើញភាពមិនប្រក្រតី និងបានធ្វើការផាកពិន័យប្រតិបត្តិករទូរស័ព្ទចល័តមួយចំនួនពាក់ព័ន្ធនឹង៖
១៖ ការកាត់ផ្ដាច់ដំណើរការលេខទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ដែលកំពុងនៅមានសុពលភាពប្រើប្រាស់ ហើយដាក់លក់លេខទូរស័ព្ទទាំងនោះជាថ្មី និង ២៖ ការកាត់ទឹកប្រាក់ពីគណនីរបស់អតិថិជនខុសពីតារាងតម្លៃ និងលក្ខខណ្ឌនៃសេវារ៉ូមីងដែលបានផ្សព្វផ្សាយពាណិជ្ជកម្ម។

ដើម្បីជំរុញការប្រកួតប្រជែងស្របច្បាប់ និងស្មោះត្រង់ និងការការពារផលប្រយោជន៍អ្នកប្រើប្រាស់ និយ័តករទូរគមនាគមន៍កម្ពុជា សូមអំពាវនាវដល់អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តទាំងអស់ រាយការណ៍មក និយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈលេខទូរស័ព្ទ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារមកកាន់អ៊ីម៉ែល info@trc.gov.kh ក្នុងករណីដូចខាងក្រោម៖

* លេខទូរស័ព្ទចល័តរបស់ខ្លួន ត្រូវបានកាត់ផ្ដាច់ដំណើរការ ឬត្រូវបានដាក់លក់ជាថ្មី ដោយមិនបានគោរពតាមរយៈពេល បន្ទាប់ពីផុតសុពលភាពនៃទឹកប្រាក់ក្នុងគណនី ដូចមានកំណត់ក្នុងសេចក្តីណែនាំ លេខ៨០២១ ន.ទ.ក. ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។
* ទឹកប្រាក់ក្នុងគណនី នៃលេខទូរស័ព្ទចល័តត្រូវបានកាត់ ខុសពីតារាងតម្លៃ និងលក្ខខណ្ឌនៃសេវា ដែលបានផ្សព្វផ្សាយពាណិជ្ជកម្ម។
* ការភ្ជាប់គម្រោង ឬកញ្ចប់សេវាទូរស័ព្ទចល័ត ឬសេវាតម្លៃបន្ថែមណាមួយ ដែលធ្វើឲ្យមានការកាត់ទឹកប្រាក់ ដោយមិនមានការយល់ព្រមជាមុនពីអ្នកប្រើប្រាស់។
* ការមិនទទួលបានដំណោះស្រាយសមស្របណាមួយ ពីប្រតិបត្តិករទូរស័ព្ទចល័តលើបណ្តឹងតវ៉ារបស់អ្នកប្រើប្រាស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់និយ័តករទូរគមនាគមន៍កម្ពុជា៖